(ភ្នំពេញ)៖ លោក កើត ឆែ អភិបាលស្តីទីនៃគណៈអភិបាលរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យលោកស្រី វូ គួយអុីង (Ms. Wu Guiying) សមាជិកគណៈកម្មាធិការ អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តហ៊ូណាន និងជាលេខាបក្សនៃគណៈកម្មាធិការបក្សក្រុងឆាងសា ប្រទេសចិន ចូលជួបសម្តែងការគួរសម នៅសាលារាជធានីភ្នំពេញ។

ក្នុងជំនួបសំដែងការគួរសមនោះលោក កើត ឆែ បានលើកឡើងពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ ពីភាពរីកចម្រើនរបស់រាជធានីភ្នំពេញ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយលោកបញ្ជាក់ថា ការរីកចម្រើនរបស់រាជធានីភ្នំពេញ គឺផ្ដើមចេញពីកម្ពុជាមានសន្តិភាពពេញលេញ ហើយការរីកចម្រើនរបស់រាជធានីភ្នំពេញ គឺពិតជាមិនអាចខ្វះបានពីការចូលរួមឧបត្ថម្ភគាំទ្រពីប្រទេសចិន។ ចិនបានជួយវ៉ាក់សាំងកូវីដ១៩ មកកម្ពុជា ក៏ដូចការវិនិយោគជាច្រើនរបស់ចិននៅកម្ពុជា គិតមកដល់ពេលនេះការវិនិយោគរបស់ប្រទេសចិននៅកម្ពុជា នៅតែឈរលំដាប់លេខ១ ការវិនិយោគរបស់ចិនយ៉ាងច្រើននេះ គឺបានមកពីទំនាក់ទំនងយ៉ាងជិតស្និត រវាងប្រទេសចិន និងកម្ពុជា ដែលជាទំនាក់ទំនងត្បូងពេជ្រ។

លោក កើត ឆែ ក៏បានសំដែងនូវការអរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះប្រទេសចិន ដែលបានជួយឧបត្ថម្ភវ៉ាក់សាំងកូវីដ-១៩មកឱ្យកម្ពុជា លោកបានលើកជាពាក្យស្លោករបស់ខ្មែរមួយឃ្លាថា «គេអាចរកឃើញមិត្តល្អបាន នៅពេលដែលយើងជួបគ្រោះអាសន្ន» ប្រទេសចិន គឺជាមិត្តល្អរបស់កម្ពុជា។

លោក កើត ឆែ បានបន្តទៀតថា ទីក្រុងឆាងសា គឺជាទីក្រុងប្រវត្តិសាស្ត្រ ជាទីក្រុងដែលមានអាយុកាលរាប់ពាន់ឆ្នាំ ហើយក៏ជាទីក្រុងដែលមានសក្តានុពលសេដ្ឋកិច្ចខ្លាំងក្លាផងដែរ។ សម្រាប់រាជធានីភ្នំពេញ និងបន្តកិច្ចសហប្រតិបត្តិការជាមួយទីក្រុងឆាងសា ឲ្យកាន់តែល្អបន្ថែមទៀត ពិសេសគឺការជំរុញការវិនិយោគ ទេសចរណ៍ ពាណិជ្ជកម្ម ការនាំចេញ នាំចូលទំនិញរវាងទីក្រុងទាំងពីរ ពិសេសជំរុញឲ្យមានការហោះហើរត្រង់ រវាងទីក្រុងភ្នំពេញ និងទីក្រុងឆាងសា។

លោកស្រី វូ គួយអុីង ក៏បានលើកឡើងពីស្ថានភាពទូទៅរបស់ទីក្រុងឆាងសា និងបានបញ្ជាក់ថា​ ទីក្រុងឆាងសាក្រៅពីជាទីក្រុងបុរាណ មានធនធានធម្មជាតិ មានទាំងភ្នំ ទន្លេ ទេសភាព គួរឲ្យគយគន់ ទីក្រុងមួយនេះក៏ជាទីក្រុងដែលមានចង្វាក់ផលិតកម្មខ្លាំងក្លាផងដែរ ដោយមានទាំងការផលិតគ្រឿងអេឡិចត្រូនិក ការផលិតរថយន្ត ហើយឆាងសា ក៏បានវិនិយោគច្រើននៅកម្ពុជាផងដែរ ។

លោកស្រីនឹងជំរុញឲ្យអ្នកមាននិយោគរបស់ចិន ពិសេសអ្នកវិនិយោគនៅទីក្រុងឆាងសា បន្តមកវិនិយោគរកស៊ីនៅរាជធានីភ្នំពេញ ឲ្យកាន់តែច្រើនថែមទៀត ហើយវិស័យទេសចរណ៍ ក៏ជាវិស័យមួយដែលមានសារៈសំខាន់ ដោយលោកស្រី នឹងជំរុញឲ្យវិស័យទេសចរណ៍ពីឆាងសា មកកម្ពុជាកាន់តែច្រើនថែមទៀត។ ដើម្បីរឹតចំណងសាមគ្គីភាពឱ្យកាន់តែខ្លាំងក្លា រវាងរាជធានីភ្នំពេញ និងទីក្រុងឆាងសានោះ ទីក្រុងឆាងសា នឹងនាំផលិតផលដូចជារថយន្ត គ្រឿងបន្លាស់រថយន្ត មករាជធានីភ្នំពេញ ព្រមទាំងការវិនិយោគច្រើនទៀត ព្រមទាំងជម្រុញឱ្យមានការហោះហើរត្រង់មកកម្ពុជាផងដែរ៕