(ភ្នំពេញ)៖ លទ្ធផលថ្លឹងទម្ងន់ និងចាប់គូប្រកួតលើប្រភេទកីឡាចំបាប់ទម្ងន់ ៤៨គីឡូក្រាមបានចេញហើយ ដោយកីឡាការិនីកម្ពុជា ចូវ សុធារ៉ា ត្រូវជួបកីឡាការិនីកូឡុំបី Castillo Hidalgo Carolina នាវេលាម៉ោង ៨យប់នេះ(ម៉ោងនៅកម្ពុជា) នៅក្នុងវគ្គជម្រុះជុំទី១ នៃព្រឹត្តិការណ៍កីឡាអូឡាំពិក Rio Olympic Games នៅប្រទេសប្រេស៊ីល។ នេះបើយោងតាមសម្ដីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា​ ឲ្យដឹងពីប្រទេសប្រេស៊ីលកាលពីយប់មិញ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា សម្រាប់វិញ្ញាសាទម្ងន់ ៤៨គីឡូក្រាម ចូវ សុធារ៉ា ត្រូវប្រកួតប្រជែងជាមួយកីឡាការិនីមកពី ១៨ប្រទេសផ្សេងៗគ្នា ខណៈកីឡាការិនី ២ប្រទេស អវត្តមានដោយសារបញ្ហារបួស និងលើសទម្ងន់ គឺមានកីឡាការិនីហុងឌឺរាស់ និងកីឡាការិនីវៀតណាម។ ការអវត្តមានរបស់កីឡាការិនី ២រូបនេះ ក៏ជារឿងល្អមួយ សម្រាប់ ចូវ សុធារ៉ា ផងដែរ ប៉ុន្ដែយ៉ាងណាអតីតម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០១៣នេះ យ៉ាងហោចណាស់ក៏ត្រូវការឈ្នះ ៣ប្រកួតដែរ ទើបមានសង្ឃឹមឈ្នះមេដាយសំរឹទ្ធ។

នាយកបេសកកម្មរូបនេះបានបន្ដថា ចំពោះដៃគូប្រកួតជុំទី១ របស់ ចូវ សុធារ៉ា គឺកីឡាការិនីកូឡុំបី Castillo Hidalgo Carolina មានប្រវត្តិមិនខុសគ្នាប៉ុន្មានទេ ដោយសារមិនធ្លាប់ឈ្នះមេដាយ ក្នុងការប្រកួតកីឡាធំៗ ឬកីឡាអូឡាំពិកនេះឡើយ ប៉ុន្ដែខុសគ្នាត្រង់ថា កីឡាការិនីកុំឡូបី គេជាប់ដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ឆ្លងកាត់ការប្រកួតជម្រុះ។ រីឯ ចូវ សុធារ៉ា វិញ គឺទទួលបានត្រឹមសិទ្ធិអនុគ្រោះតែប៉ុណ្ណោះ បន្ទាប់ពីប្រកួតធ្លាក់ត្រឹមវគ្គជម្រុះ នៅប្រទេសតួកគី កាលពីពេលថ្មីៗកន្លងទៅ៕