(បាត់ដំបង)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ថា កងកម្លាំងនគរបាលជាតិ ខុសពីប្រជាពលរដ្ឋធម្មតា ដែលត្រូវគោរពវិន័យ អនុវត្តបទបញ្ជា និងបំពេញតួនាទីភារកិច្ច ដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ជាពិសេស ការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម ហើយរាល់ការបំពេញភារកិច្ច គប្បីចៀសឱ្យឆ្ងាយកុំពាក់ព័ន្ធនឹងគ្រឿងញៀនករណីរកឃើញនគរបាលរូបណាជាប់ទាក់ទិននឹងបទល្មើសគ្រឿងញៀន ក្រសួងនឹងអនុវត្តវិន័យតឹងរឹងបំផុតដោយអាចបណ្ដេញចេញពីក្របខណ្ឌជាដើម។

លោកអភិសន្តិបណ្ឌិត ស សុខា បានណែនាំដូចនេះនាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងឱកាសសំណេះសំណាលជាមួយថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មេបញ្ជាការវរព្រំដែន អធិការ និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាល នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។

លោកអភិសន្តិបណ្ឌិត ស សុខា បានបន្តថា ដោយសារការវិវត្តនៃសង្គម ក្នុងនាមកងកម្លាំងនគរបាល គប្បីផ្ដោតការយកចិត្តទុកដាក់លើបទល្មើសមួយចំនួនដែលកំពុងកើតមាន ជាអាទិ៍ បញ្ហាគ្រឿងញៀន បទល្មើសទូទៅគ្រប់ប្រភេទ បញ្ហាក្មេងទំនើង និងបញ្ហាចរាចរណ៍។ ពិសេសជាងនេះការជួញដូរផ្លូវភេទ ការជួញដូរមនុស្ស ដែលស្នងការដ្ឋាននគរបាល គួរពិនិត្យលទ្ធភាពបង្កើតយន្តការផ្សព្វផ្សាយអំពីគ្រោះថ្នាក់ ឧបាយកល វិធីបង្ការនិងមធ្យោបាយរំដោះខ្លួនជាដើម ដល់យុវនារី អាណាព្យាបាល ក៏ដូចជាប្រជាពលរដ្ឋទូទៅ។

ដើម្បីអនុវត្តតួនាទីភារកិច្ចផ្ដល់ជូនភាពកក់ក្ដៅជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព លោកអភិសន្តិបណ្ឌិត ស សុខា ក៏បានជំរុញលើកទឹកចិត្តដល់កងកម្លាំងនគរបាលទាំងអស់​បន្តអភិវឌ្ឍសមត្ថភាពជំនាញឱ្យស្របតាមការប្រែប្រួលសង្គមបច្ចុប្បន្ន ជាពិសេសការវិវត្តខាងបច្ចេកវិទ្យា ដោយចូលរួមវគ្គបណ្ដុះបណ្ដាលផ្សេងៗ ឬការរៀបចំវគ្គបំប៉នសមត្ថភាពផ្ទៃក្នុង។

លោកអភិសន្តិបណ្ឌិត បញ្ជាក់ថានាពេលខាងមុខក្រសួងមហាផ្ទៃ នឹងរៀបចំវគ្គបណ្ដុះបណ្ដាលពិសេសសម្រាប់គណៈដឹកនាំស្នងការដ្ឋានរាជធានីខេត្ត និងកម្រិតថ្នាក់ដឹកនាំតាមអង្គភាពនគរបាលចំណុះក្រសួងមហាផ្ទៃផ្សេងៗទៀតផងដែរ៕