(កំពង់ស្ពឺ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក អមដំណើរដោយនាយទាហានជាន់ខ្ពស់ជាច្រើនរូបទៀត នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអាវរងារ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចែកជូនដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើង នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ រួមមានទីបញ្ជាការដ្ឋានកាំភ្លើងធំ, យោធភូមិភាគ៣ និងបញ្ជាការដ្ឋានការពារកោះឆ្នេរ កងទ័ពជើងទឹក ទុកសម្រាប់ប្រើប្រាស់ក្នុងរដូវរងារនេះ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ នាយ នាយនាវា ពលទាហាន និងពលនាវាទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត បំពេញបេសកកម្មការពារជាតិ ការពារទឹកដី តាមតួនាទីភារកិច្ច និងសម្រេចបានជោគជ័យជាបន្តបន្ទាប់។ លោកក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់យោធិន ការពារដែនគោក និងដែនទឹក ដែលជានិច្ចកាល សម្តេចទាំងទ្វេរតែងតែគិតគូរពីសុខទុក្ខ ដល់កងទ័ពទាំងអស់ មិនថាស្ថិតនៅក្នុងកាលៈទេសៈណានោះទេ។

លោកឧត្ដមសេនីយ៍ឯក បន្តថា នាយ នាយនាវា ពលទាហាន និងពលនាវារបស់យើង បានចូលរួមចំណែកយ៉ាងខ្លាំង ក្នុងកិច្ចការពារសុខសន្តិភាព ស្ថិរភាព ជាពិសេស គឺការពារដែនដី ដែនទឹក កោះ ឆ្នេររបស់កម្ពុជា។ បន្ថែមពីនោះ បងប្អូនក៏បានចូលរួមជាមួយកងកម្លាំងផ្សេងៗទៀត ក្នុងការងារជួយសង្រ្គោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយ ដោយជំនន់ទឹកភ្លៀងផងដែរ។

លោក ហ៊ុន ម៉ានិត បន្ថែមថា ការធ្វើកំណែទម្រង់ និងទំនើបកម្មយោធារបស់យើង ទាំងជើងគោក ជើងទឹក និងអាកាស គឺក្នុងគោលបំណងពង្រឹងសមត្ថភាពបន្ថែមរបស់កងទ័ព ឱ្យកាន់តែប្រសើរ ដោះស្រាយ និងឆ្លើយតបបានទាន់វេលា ក្នុងការជួយសង្គ្រោះគ្រោះមហន្តរាយ ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនជាដើម ជាពិសេសចូលរួមចំណែកការពារសុខសន្តិភាព និងស្ថិរភាពក្នុងតំបន់។

ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ានិត សូមឱ្យកងទ័ពយើងទាំងអស់ ជឿជាក់លើការដឹកនាំរបស់ថ្នាក់ដឹកនាំកំពូលរបស់យើង គោលនយោបាយរាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់លើវិស័យយោធា ក្រោមការដឹកនាំដោយផ្ទាល់របស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ដើម្បីផលប្រយោជន៍ជាតិ ចូលរួមចំណែកលើកកម្ពស់កិត្យានុភាពរបស់យោធា ជីវភាពរបស់យោធិន និងក្រុមគ្រួសារយោធិន។

ជួសមុខឱ្យថ្នាក់ដឹកនាំនាយ នាយនាវា ពលទាហាន និងពលនាវាគ្រប់កងឯកភាព សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល តែងតែបានយកចិត្តទុកដាក់ ពីសុខទុក្ខរបស់បងប្អូនកងកម្លាំងប្រដាប់អាវុធ និងបានទំនុកបម្រុងថែបំប៉ន ផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសរៀងរាល់រដូវកាល គឺរដូវភ្លៀងផ្តល់អាវភ្លៀង និងរដូវរងារផ្តល់អាវរងារ។ ជាមួយគ្នានោះ យើងទាំងអស់គ្នា ក៏បានប្តេជ្ញាស្មោះត្រង់ដាច់ខាត ចំពោះជាតិមាតុភូមិ និងប្រជាជន គោរពអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់បទបញ្ជា និងគ្រប់អនុសាសន៍ ដើម្បីបុព្វហេតុការពារខឿនឯករាជ្យជាតិ ការពារបូរណភាពទឹកដី ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារសមិទ្ធផលនានារបស់សង្គមជាតិ៕