(ក្រចេះ)៖ លោក ហេង សុផា អភិបាលរងខេត្តក្រចេះ តំណាងលោក វ៉ា ថន អភិបាលខេត្ត នៅថ្ងៃទី២ ខែវិច្ឆកា ឆ្នាំ២០២៣ បានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១.២៨៩ បណ្ណ ដែលមន្ទីររៀបចំដែនដី នគរូនីយកម្ម សំណង់ និងសុរិយោដីខេត្ត នាំយកមកប្រគល់ជូនប្រជាពលចំនួន២ភូមិ នៅភូមិហាន់ជ័យទី១ និងទី២ ស្ថិតក្នុងឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ។

តាមរបាយការណ៍របស់លោក អ៊ូ សុបុណ្ណកា ប្រធានមន្ទីររៀបចំដែន នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត និងជានាយកចាត់ការកម្មវិធីអនុវិស័យដីធ្លី បានឱ្យដឹងថា ខេត្តក្រចេះជាខេត្តមួយក្នុងចំណោមខេត្ត-រាជធានីទាំង២៥ ដែលត្រូវបានធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ តាមរយៈកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ដែលត្រូវបានគាំទ្រជំនួយបច្ចេកទេសពីអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាពិសេសគឺការយកចិត្តទុកដាក់របស់ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងអភិបាលខេត្តក្រចេះ ដើម្បីធ្វើការចុះបញ្ជីដីធ្លី និងចេញប័ណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋ។

លោកបន្តថា ក្រសួងរៀបចំដែនដី បានប្រកាសចេញគោលនយោបាយដីធ្លី ក្នុងគោលបំណងពង្រឹងសុវត្ថភាពនៃការកាន់កាប់ដីធ្លី (ទីផ្សារដីធ្លី ទប់ស្កាត់ និងដោះស្រាយទំនាស់ដីធ្លី) រៀបចំដែនដី និងគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធិភាព ជំរុញការបែងចែកដីធ្លីប្រកបដោយសមធម៌។

លោក ហេង សុថា បានលើកឡើងថា ដីធ្លីនៅពេលដែលទទួលបានប្លង់កម្មសិទ្ធិស្របច្បាប់ គឺផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាងដល់យើងជាម្ចាស់កម្មសិទ្ធិ តាមរយៈការចុះបញ្ជីជាប្រព័ន្ធ។ ព្រោះវាជាឯកសារមានភាពច្បាស់លាស់ ត្រឹមត្រូវជាងគេ ហើយត្រូវទទួលស្គាល់ជាសាធារណៈរបស់កម្មសិទ្ធិករនៅលើទីតាំងនោះ ហើយមិនមានភាពភ័យខ្លាចមានការគំរាម កំហែង ឬបដិសេធពីនរណាម្នាក់នោះឡើយ។

បងប្អូនប្រជាពលរដ្ឋ ដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃនេះ ពិតណាស់ប្រាកដជានឹកដល់សម័យកាលសង្រ្គាមប្រល័យពូជសាសន៍ បានធ្វើឱ្យប្រទេសកម្ពុជាគ្មានសុខសន្តិភាព គ្មានស្ថេរភាពសិទ្ធិសេរីភាព ក្នុងការរស់រៀនមានជីវិតជួបជុំគ្រួសារ គ្មានសិទ្ធិកាន់កាប់ដីធ្លីសម្រាប់សង់ផ្ទះសំបែង បង្កបង្កើនផលបង្កើតមុខរបររស៊ីដើម្បីចិញ្ចឹមជីវិតជាដើម។

លោកបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សូមរក្សាទុកឲ្យបានត្រឹមត្រូវព្រោះប័ណ្ណនេះមានតំលៃណាស់សម្រាល់សំគាល់ដីស្របច្បាប់របស់បងប្អូន អាចយកទៅប្រើប្រាស់ជាប្រយោជន៍ ដោយគ្មានអ្នកណាមករំលោភបំពានបានឡើយ៕

លោកបន្តទៀតថា ក្រោមដំបូលនៃសន្តិភាព កម្ពុជាកំពុងតែអភិវឌ្ឍន៍ជឿនលឿនស្ទើរតែគ្រប់វិស័យ ក្រោមគោលនយោបាយដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត ក្នុងយុទ្ធសាស្រ្តចតុកោណ រួមទាំងយុទ្ធសាស្រ្តបច្ចកោណ ក្នុងនោះបានផ្តោតទៅលើវិស័យដីធ្លី ដោយយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូរទាំងប្រទេស ជាពិសេសការមានសិទ្ធិរស់រៀន ការកាន់កាប់ដីធ្លី ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋម្នាក់ត្រូវរស់នៅ ឬកាន់កាប់និងប្រើប្រាស់អចលនវត្ថុទាំងអស់នោះ ដោយមិនមានទំនាស់៕