(បន្ទាយមានជ័យ)៖ កាលពីល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងភោជនីយដ្ឋានស្ទឹងសែន ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់២៣៩គ្រួសារ មកពីក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី បានទទួលអំណោយពីអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី។

១គ្រួសារទទួលបាន គ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់ ថវិការចំនួន៥ម៉ឺនរៀល អង្ករ១ការ៉ុង ស្មើ១០គីឡូក្រាម មី១កេស ទឹកត្រី១យួ ទឹកស៉ីអ៉ីវ១យួរ ត្រីខ១យួរ។ នៅក្នុងពិធីចែកអំណោយនេះ មានការចូលរួម លោក អ៊ុំ រាត្រី អភិបាលខេត្ត អភិបាលរងខេត្ត អង្គភាពទាំង៣ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោកស្រី ឆាត សុជា ចៅសង្កាត់ព្រះពន្លា និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។

លោក អ៊ុំ រាត្រី បានថ្លែថា សម្រាប់ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ស្ថានភាពគ្រោះមហន្តរាយដោយទឹកជំនន់ មានប្រជាពលរដ្ឋរងនូវផលប៉ះពាល់ដោយទឹកជំនន់មានចំនួន ៣.៥៦៣គ្រួសារ មនុស្សរាយមានចំនួន ១៤.៨០០នាក់ ស្រីមាន ៧.៤៦៩នាក់ ជម្លៀសទៅទីទួលសុវត្ថិភាពមានចំនួន ១៩៩គ្រួសារ មនុស្សរាយ ៨៦៩នាក់ ស្រី៤២៦នាក់ ក្នុងនោះមានកុមា២៤៣នាក់។

ប៉ះពាល់ដល់ដំណាំស្រូវខូចខាតមានចំនួន ២.៨២៧ហិចតា ដំណាំរួមផ្សំ១៥ហិចតា សត្វពាហនៈ ១០០ក្បាល សាលារៀន១១ខ្នង វត្ត៤ មណ្ឌលុខភាព១ ទឹកលិចផ្លូវមានចំនួន ១៤៤កន្លែង មានប្រវែង ៧៩.៧៤២ម៉ែត្រ។

ទឹកដែលលិចខ្លាំងជាងគេមាន២ក្រុងស្រុក រួមមាន៖

*ស្រុកមង្គលបូរី៖ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ៨ឃុំ មានចំនួន១.១៣១គ្រួសារ ជម្លៀសទៅទីទួលសុវត្ថិភាព៦៨គ្រួសារ ប៉ះពាល់ផលដំណាំ ២.៥៨៧ហិចតា សាលារៀន៧កន្លែង វត្ត១ លិចផ្លូវ៦០កន្លែង ស្មើនិងប្រវែង ៤៦.៨៩០ម៉ែត្រ
*ក្រុងសិរីសោភ័ណ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ មានចំនួន ៧៤៦គ្រួសារ ជម្លៀសទៅទីទួលសុវត្ថិភាពចំនួន១២៤គ្រួសារ។ ចំណែកក្រុង១ និងស្រុក៦ទៀត ប៉ះពាល់ដោយប្រយោល។

ក្នុងពេលទឹកជន់លិចផ្ទះសម្បែងនោះ ប្រជាពលរដ្ឋទាំងអស់ត្រូវបានសមត្ថកិច្ចទាំង៣ស្ថាប័ន រួមជាមួយអាជ្ញាធរ បានជួយដឹកជញ្ជូនជម្លៀសប្រជាពលរដ្ឋទាំងអស់ទៅដាក់ទីទួលសុវត្ថិភាព ប្រជាពលរដ្ឋខ្លះអាចនៅផ្ទះបណ្តោះអាសន្ន បានក៏ធ្វើការចែកស្បៀងឲ្យហូបជាបណ្ដោះអាសន្នជាហូហែរផងដែរ។

អភិសន្តិបណ្ឌិត ស សុខា បានផ្តាំផ្ញើប្រជាពលរដ្ឋក្រោយពេលទឹកស្រក និងវិលត្រឡប់នៅលំនៅដ្ឋានវិញ ត្រូវថែរក្សាសុខភាព និងមាន អនាម័យឲ្យបានល្អ គឺហូបស្អាត ផឹកស្អាត រស់នៅស្អាត ត្រូវប្រុងប្រយ័ត្នសត្វអសិរពិស ទិចឬខាំ ជាងនេះទៀត​ការពារកូនចៅតូចៗ មនុស្សចាស់ជរា ស្ត្រីមានផ្ទៃពោះ កុំឲ្យលេង ឬចុះទឹក ដោយគ្មានមនុស្សធំពេញកម្លាំងនៅក្បែរ ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុផងដែរផងដែរ៕