(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង (Neighbouring Countries Economic Development Cooperation Agency - NEDA) របស់ប្រទេសថៃ ដឹកនាំដោយ លោក Perames Vudthitornetiraks ប្រធានទីភ្នាក់ងារ នៅទីស្តីការក្រសួង ដោយមានការចូលរួមពី លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត។

ជំនួបនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីចំណុចដែលនៅសេសសល់មួយចំនួន ជុំវិញគម្រោងច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន សំដៅពន្លឿនឱ្យបានរួចរាល់សព្វគ្រប់ក្នុងពេលឆាប់ៗ ដើម្បីជាការរួមចំណែកជួយសម្រួលដល់ការធ្វើចរាចរណ៍ ការដឹកជញ្ជូនទំនិញ និងការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ។

ជាមួយគ្នានេះភាគីទាំងពីរបានបង្ហាញនូវសុឆន្ទៈ ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត ក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៅកម្ពុជានាពេលអនាគត។

សូមបញ្ជាក់ដែរថា គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ គម្រោងនេះបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់តេជោ ហ៊ុន សែន ដែលមានទំហំទឹកប្រាក់ប្រមាណ២៦,៤២ លានដុល្លារអាមេរិក។ ដោយសារមានបញ្ហាការរាតត្បាតនៃជំងឺកូវីដ-១៩ គ្រោះទឹកជំនន់ និងបម្រែបម្រួលការងារមួយចំនួនក្នុងកិច្ចសន្យា នាំឱ្យគម្រោងនេះត្រូវពន្យារពេលសាងសង់។

ជាមួយនឹងគម្រោងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិសម្រាប់ច្រកដឹកទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ រាជរដ្ឋាភិបាលកម្ពុជា ក៏បានស្ថាបនាស្ពានតភ្ជាប់ជាមួយភាគីថៃ ដែលត្រូវបានប្រសិទ្ធនាមថា «ស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន»។ ស្ពាននេះមានប្រវែង ៦២០ម៉ែត្រ (ផ្នែកខាងកម្ពុជា២១៥ម៉ែត្រ + ផ្នែកខាងថៃ ៤០៥ម៉ែត្រ) ទទឹង ១៧ម៉ែត្រ ត្រូវបានបើកការដ្ឋាននៅថ្ងៃទី២០ ខែមីនា​ ឆ្នាំ២០១៧ និងបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ក្នុងទំហំទឹកប្រាក់ប្រមាណ ៦៧០លានបាត (ប្រមាណ ១៩លានដុល្លារអាមេរិក)។

គម្រោងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន ជាចក្ខុវិស័យវែងឆ្ងាយដើម្បីផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ តាមរយៈការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងការបង្កើតការងារជូនប្រជាពលរដ្ឋ ក៏ដូចជាការសម្រេចឱ្យបានចក្ខុវិស័យរបស់អាស៊ាន ក្នុងការតភ្ជាប់ ប្រទេសនៅក្នុងតំបន់អាស៊ានទាំងមូល (Asean Connectivity) ផងដែរ៕