(តាកែវ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានក្រើនរំលឹកជាថ្មីដល់មន្រ្តីនៅតាមបណ្តាខេត្តជាប់ព្រំដែនប្រទេសវៀតណាម ត្រូវទប់ស្កាត់ និងរារាំងកុំឲ្យមានការជួលដីទៅឲ្យប្រទេសវៀតណាមជាដាច់ខាត។ ការថ្លែងក្រើនរំលឹករបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រុមប្រឹក្សា ខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងកងកម្លាំង ប្រដាប់អាវុធនៅខេត្ត កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ម្សិលមិញ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នៅលើទំព័រ Facebook នាព្រឹកថ្ងៃទី១៧ ខែសីហា នេះថា «ហាមដាច់ខាតការជួលដីឲ្យប្រជាជនវៀតណាម។ នេះមិនមែនសម្រាប់តែខេត្តតាកែវមួយទេ គឺសម្រាប់ខេត្តទាំងអស់ដែលមានព្រំប្រទល់ជាមួយវៀតណាម»។
សូមរំលឹកថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំឲ្យអភិបាលខេត្តនៅជាប់ព្រំដែនវៀតណាម ថៃ និងឡាវ ឲ្យបញ្ឈប់សកម្មភាពជួលដីនៅតាមព្រំដែនទៅឲ្យប្រជាពលរដ្ឋ នៃប្រទេស ជាប់ព្រំដែនទាំងអស់នេះ ដែលវានឹងបង្កឲ្យមានផលលំបាកក្នុងការគ្រប់គ្រង និងអាចបង្កឲ្យមានភាពស្មុគស្មាញផ្សេងៗ ដើម្បីចៀសវាងបញ្ហាផ្សេងៗដូចជា ដីខ្មែរ ស្រែវៀតណាម ដីខ្មែរស្រែថៃ ឬដីខ្មែរ ស្រែឡាវជាដើម។
ក្រៅពីចេញសារាចរណែនាំកុំឲ្យមានការជួលដីឲ្យប្រជាពលរដ្ឋប្រទេសជិតខាងហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើលិខិតជូនដំណឹង ទៅដល់ថ្នាក់ដឹកនាំប្រទេសមានព្រំដែនជាប់កម្ពុជា ហាមប្រាមប្រជាពលរដ្ឋរបស់ពួកគេកុំឲ្យជួលដីពីប្រជាពលរដ្ឋកម្ពុជាផងដែរ។
បើតាមសម្តេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំម្សិលមិញនេះ សម្តេច ក៏បានណែនាំដល់អាជ្ញាធរខេត្ត ត្រូវបង្កើនទំនាក់ទំនងសហប្រតិ បត្តិការល្អរវាងប្រទេសទាំងពីរ ហើយណែនាំប្រជាពលរដ្ឋទាំងសងខាងអោយចេះយោគយល់គ្នា។
សម្តេចតេជោ ក៏បានណែនាំឲ្យចូលរួមសហការគ្នាទប់ស្កាត់អំពើនេសាទខុសច្បាប់ទាំងឡាយ និង ណែនាំអាជ្ញាធរមានសមត្ថកិច្ចនៅក្នុង ខេត្តតាកែវ ឲ្យរៀបចំបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។
សូមបញ្ជាក់កម្ពុជា-វៀតណាម មានព្រំដែនជាប់គ្នាប្រវែងសរុបប្រមាណ ១.២៧០គីឡូម៉ែត្រ។ ខេត្តមានព្រំដែនជាប់វៀតណាមរួមមាន៖ មណ្ឌលគិរី រតនគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង ព្រៃវែង កណ្តាល តាកែវ និង កំពត៕