(ព្រះវិហារ)៖ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ខេត្តព្រះវិហារ បានថ្លែងណែនាំមន្ត្រីរាជការទាំងអស់ចំណុះរដ្ឋបាលសាលាស្រុក ត្រូវបន្តរួមសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ដើម្បីសម្រេចបានការងារជោគជ័យ ជូនប្រជាពលរដ្ឋ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល និងការណែនាំពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។

ការថ្លែងណែនាំរបស់លោកអភិបាលស្រុករវៀង ខេត្តព្រះវិហារបែបនេះ ក្នុងឱកាសដែលលោក រួមជាមួយលោកប្រធានក្រុមប្រឹក្សាស្រុក និងថ្នាក់ដឹកនាំ មន្ត្រីរាជការ រដ្ឋបាលស្រុក សមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរ ភូមិ ឃុំ ចូលរួមប្រកាសចូលកាន់តំណែង លោក ធុន សុធា ជានាយករដ្ឋបាលសាលាស្រុករវៀង នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក ហោ ប៊ុនហួរ បានថ្លែងលើកឡើងថា ការប្រកាសចូលកាន់តំណែងនាយករដ្ឋបាលសាលាស្រុករវៀង នាពេលនេះ គឺស្របតាមគោលការណ៍ច្បាប់គ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការចាំបាច់នៅមូលដ្ឋាន ជាពិសេសគីការផ្តល់សេវាជូនប្រជាពលរដ្ឋ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការគ្រប់គ្រងអភិវឌ្ឍនៅមូលដ្ឋាន។

អភិបាលស្រុករវៀង ក៏បានថ្លែងណែនាំដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសលោកនាយករដ្ឋបាលសាលាស្រុកដែលប្រកាសចូលកាន់តំណែងថ្មីនាថ្ងៃនេះ សូមបន្តរក្សាឱ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង រួបរួមសហការគ្នាអនុវត្តការងារសំខាន់ៗរួមមាន៖

*ត្រូវបន្តរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គមឱ្យបានល្អប្រសើរ ដោយលើកកម្ពស់ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទប់ស្កាត់ឱ្យបានរាល់បទល្មើសគ្រប់ប្រភេទ។
*យកចិត្តទុកដាក់រៀបចំសោភ័ណ្ឌភាព សណ្តាប់ធ្នាប់ អនាម័យដូចជាការប្រើប្រាស់ផ្លូវ ចិញ្ចើមផ្លូវសាធារណៈ ការគ្រប់គ្រងសំណល់ផ្សេងៗ ការសាងសង់ ការរៀបចំ សណ្តាប់ធ្នាប់អគាររដ្ឋបាល ពិសេសអនាម័យតាមទីសាធារណៈ ក្នុងទីប្រជុំជន និងផ្សាជាដើម។
*បន្តជំរុញ និងចូលរួមរាល់ការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលឱ្យមានវឌ្ឍនភាពតាមផែនការដែលបានកំណត់ដូចជា ការផ្តល់សេវាសាធារណៈ ការផ្តល់សេវាសង្គម និងការអនុវត្តរបបសន្តិសុខសង្គម ការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ៕