(បាងកក)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំលើកទី៤ របស់គណៈកម្មការគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍរបស់អង្គការយូអិនអេស្កាប់ (UNESCAP) នាទីក្រុងបាងកក ប្រទេសថៃ។

លោកស្រីបណ្ឌិត ជា សិរី បានថ្លែងថា ធនាគារជាតិនៃកម្ពុជា បាននិងកំពុងខិតខំធ្វើយ៉ាងណា ឱ្យប្រព័ន្ធធនាគារនៅកម្ពុជា អាចដើរតួនាទីសំខាន់ ក្នុងការកៀងគរហិរញ្ញប្បទាន ដើម្បីគាំទ្រដល់គោលដៅ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅសម្រេចឱ្យបានតាមលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែលប្រួលអាកាសធាតុ។

គួររំលេចថា ធនាគារជាតិនៃកម្ពុជា បានបង្កើតឱ្យមានគំនិតផ្តួចផ្តើមជាច្រើន ក្នុងការរៀបចំយន្តការគាំទ្រហិរញ្ញប្បទាន ប្រកបដោយចីរភាព ដែលក្នុងនោះរួមមាន ការរៀបចំឱ្យមានផែនទីចង្អុលផ្លូវ សម្រាប់ការជំរុញហិរញ្ញប្បទានប្រកបដោយចីរភាព ការបង្កើតឱ្យមានវដ្តករសាស្ត្រ សម្រាប់គាំទ្រលំហូរមូលធន ការដាក់ចេញនូវក្របខណ្ឌនៃការរាយការណ៍ និងការកសាងសមត្ថភាព។

លោកស្រីបណ្ឌិត ជា សិរី បានស្នើឱ្យប្រទេសងាយរងគ្រោះ បង្កើនសកម្មភាពរបស់ខ្លួន ក្នុងការជំរុញហិរញ្ញប្បទាន សម្រាប់គាំទ្រដល់ការពង្រឹងភាពធន់ និងអាចសម្របសម្រួល ជាមួយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

លោកស្រីបណ្ឌិត ក៏បានជួបប្រជុំទ្វេភាគីជាមួយ លោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាតិ និងជាអគ្គលេខាធិការអង្គការយូអិនអេស្កាប់ ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការ កំពុងអនុវត្ត និងស្វែងរកគំនិតផ្តួចផ្តើមបន្ថែមទៀត ក្នុងការជំរុញការផ្តល់ហិរញ្ញប្បទាន ប្រកបដោយចីរភាព សម្រាប់គម្រោង និងការវិនិយោគទប់ទល់ នឹងការប្រែប្រួលអាកាសធាតុ។

លោកស្រីបណ្ឌិត និងសមភាគីបានឯកភាពលើចំណុចសំខាន់ ក្នុងការជំរុញលំហូរមូលធន ដើម្បីបង្កើនការវិនិយោគបៃតង និងប្រកបដោយចីរភាព នៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍន៍។ ដូច្នេះអ្នកវិនិយោគត្រូវពិនិត្យនូវលក្ខខណ្ឌ និងតម្រូវការរបស់ខ្លួនឱ្យស្របតាមស្ថានភាព និងលទ្ធភាពជាក់ស្តែងរបស់ប្រទេសទាំងនោះ៕