(ភ្នំពេញ)​​​៖ លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកទឹកចិត្ត និងស្នើសុំ ចំពោះអ្នកផលិតមាតិកាកម្សាន្ត លើបណ្តាញសង្គម ត្រូវបញ្ជ្រាបខ្លឹមសារអប់រំ ក្នុងវីដេអូរបស់ខ្លួន ដើម្បីទប់ស្កាត់សកម្មភាពមិនល្អ ពិសេសលើស្រ្តី និងកុមារ និងត្រូវប្រកាន់ភ្ជាប់សីលធម៌ វិជ្ជាជីវៈរបស់ខ្លួន ក្នុងការផលិតស្នាដៃ។

ការលើកឡើងរបស់លោកស្រី ឡងឌី សាន់ណារ៉ា ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួម បិទកម្មវិធីសិក្ខាសាលាស្ដីពី «ការលើកតម្លៃវប្បធម៌ និងការពង្រឹងសីលធម៌សង្គម តាមរយៈការផលិតការផ្សព្វផ្សាយវីដេអូ និងមាតិកាកម្សាន្ត ក្នុងបណ្តាញផ្សព្វផ្សាយសង្គម» រៀបចំឡើងដោយនាយដ្ឋាន សិល្បៈភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកស្រីបញ្ជាក់ថា ចំពោះសិក្ខាសាលានេះ នឹងក្លាយជាវេទិកាយ៉ាងសំខាន់ រួមចំណែកលើកកម្ពស់យល់ដឹងជូន ដល់ប្អូនសិល្បករសិល្បការិនី ពិសេសអ្នកផលិតមាតិកាកម្សាន្ត លើបណ្តាញផ្សព្វផ្សាយសង្គម ក្នុងការចែករំលែក ផ្លាស់ប្តូរបទពិសោធន៍ និងការផ្ទេរ ព្រោះបទបង្ហាញលើប្រធានបទនីមួយៗ សុទ្ធតែមានសារសំខាន់ ជាចំណេះដឹង និងបទពិសោធន៍ ដែលត្រូវយកទៅប្រើប្រាស់ឲ្យចំគោលដៅ និងការបន្តការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន ជាកត្តាមិនអាចខ្វះបាន។

លោកស្រីបញ្ជាក់ថា «ខ្ញុំសូមលើកទឹកចិត្ត ដល់សិល្បករសិល្បការិនី និងប្អូនៗអ្នកផលិតមាតិកាកម្សាន្តលើបណ្តាញផ្សព្វផ្សាយសង្គមទាំងអស់ ត្រូវបញ្ជ្រាបខ្លឹមសារអប់រំ ក្នុងភាពយន្ត ឬវីដេអូរបស់ខ្លួន ដើម្បីចូលរួមទប់ស្កាត់នូវសកម្មភាពមិនល្អផ្សេងៗ ពិសេសលើស្រ្តី និងកុមារ ដោយត្រូវប្រកាន់ភ្ជាប់នូវសីលធម៌ វិជ្ជាជីវៈរបស់ខ្លួន ក្នុងការផលិតស្នាដៃ ដើម្បីយកទៅផ្សព្វផ្សាយនៅតាមបណ្តាញសង្គម ចូលរួមទប់ស្កាត់ការផ្សព្វផ្សាយស្នាដៃ ឬមាតិកាកម្សាន្ត ក្នុងបណ្តាញផ្សព្វផ្សាយសង្គម នាំឲ្យប៉ះពាល់ដល់ប្រពៃណីដ៏ផូផង់របស់ជាតិ និងចូលរួមលើកតម្លៃវប្បធម៌ និងសីលធម៌សង្គមទាំងនៅថ្នាក់ជាតិ និងលើឆាកអន្តរជាតិ»

លោកស្រីបញ្ជាក់ថា «ទន្ទឹមនេះដើម្បីឲ្យការផលិតមាតិកាកាន់តែល្អប្រសើរ ខ្ញុំលើកទឹកចិត្ត ដល់ក្រុមការងារ ឲ្យបន្តខិតខំសហការ ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងក្នុង និងក្រៅប្រព័ន្ធ ដើម្បីរៀបចំផែនការសកម្មភាព អប់រំ បញ្ជ្រាបចំណេះដឹង ព្រមទាំងធ្វើការផ្សព្វផ្សាយ ឲ្យបានកាន់តែទូលំទូលាយជូន ដល់សាធារណជន»

លោកស្រីថ្លែងថា ការលើកតម្លៃវប្បធម៌ និងការពង្រឹងសីលធម៌សង្គម តាមរយៈការផលិត ការផ្សព្វផ្សាយវីដេអូ និងមាតិកាកម្សាន្ត ក្នុងបណ្តាញផ្សព្វផ្សាយសង្គម ស្របពេលដែលស្ថានភាព នៃការប្រើប្រាស់បណ្តាញសង្គមនៅកម្ពុជា កំពុងប្រឈម និងប៉ះពាល់យ៉ាងខ្លាំង ចំពោះវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ ពិសេសការធ្លាក់ចុះនៃសីលធម៌សង្គម។

លោកស្រីបានបន្ថែមថា តាមការសង្កតសព្វថ្ងៃនេះ មានអ្នកពូកែរណាស់ ប៉ុន្តែបុគ្គលពូកែម្នាក់ៗ មិនមែនគ្រាន់តែពូកែធ្វើការងារ ឆ្លាតវៀងវៃហៅថា បុគ្គលល្អ បុគ្គលពូកែនោះទេ ត្រូវបូកបន្ថែម ក្នុងន័យអប់រំសីលធម៌ សុជីវធម៌ ការប្រើប្រាស់ពេលវេលា, ការស្លៀកពាក់, ការប្រើពាក្យសំដី, កាយវិការ ភាសាឱ្យមានភាពសមរម្យថ្លៃថ្នូរ ដើម្បីឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិមួយ ដែលមានអារ្យធម៌ខ្ពស់ គឺជាតិខ្មែរយើង។

សូមជម្រាបថា សិក្ខាសាលារៀបចំឡើង ក្នុងគោលបំណង អប់រំ ចែករំលែកបទពិសោធន៍ និងបញ្ជ្រាចំណេះដឹង ជូនដល់បងប្អូនដែលកំពុងប្រកបរបរ ជាអ្នកផលិតវីដេអូខ្លី មាតិកាកម្សាន្ត ព្រមទាំងអ្នកសម្តែងក្រៅប្រព័ន្ធ ដើម្បីរួមចំណែកទប់ស្កាត់ នូវភាពអនាធិបតេយ្យ ក្នុងការផ្សព្វផ្សាយស្នាដៃ ឬមាតិកាកម្សាន្ត ក្នុងបណ្តាញផ្សព្វផ្សាយសង្គម ចូលរួមលើកតម្លៃវប្បធម៌ និងពង្រឹងសីលធម៌សង្គម ស័ក្តិសមជាប្រទេសដែលមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍៕