(ភ្នំ​ពេញ)៖ ក្នុងឱកាសខួបលើទី៧០ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា ស្ថានទូតបារាំង និងវិទ្យាស្ថានបារាំងនៅកម្ពុជា ដោយសហការជាមួយសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (SOSORO) និងវិទ្យាស្ថានស្រាវជ្រាវសម្រាប់អភិវឌ្ឍន៍ (IRD) នឹងរៀបចំព្រឹត្តិការណ៍នានា ដើម្បីអបអរចំណងពិសេស ដែលផ្សារភ្ជាប់ប្រទេសទាំងពីរ តាមរយៈការតាំងពិព័រណ៍សន្និសីទ និងការបញ្ចាំងភាពយន្ត។

ចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា ពិព័រណ៍ «១៩៥៣៖ បារាំង-កម្ពុជា ការចាប់ផ្តើមថ្មី » នឹងធ្វើឡើងនៅសារមន្ទីរព្រះ ស្រីឦសានវរ្ម័ន ដើម្បីបង្ហាញពីប្រវត្តិសាស្រ្តនៃឯករាជ្យរបស់កម្ពុជា ក្រោយសម័យអាណាព្យាបាលបារាំង និងការអភិវឌ្ឍប្រទេសកម្ពុជាក្នុងរយៈពេលពីរទសវត្សក្រោយមក។ នោះគឺជាឯករាជ្យមួយដែលសម្តេចព្រះវររាជបិតាជាតិខ្មែរ ទាមទារបានដោយមិនបានបង្ហូរឈាមមួយតំណក់ឡើយ។ ការទទួលបានឯករាជ្យនេះ មិនមែនជាការកាត់ផ្តាច់ទំនាក់ទំនងរវាងប្រទេសទាំងពីរទេ។ ផ្ទុយទៅវិញ ពិព័រណ៍នេះនឹងបង្ហាញថា សម័យកាលក្រោយឆ្នាំ១៩៥៣ បានឆ្លុះបញ្ចាំងឱ្យឃើញពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរហូតដល់អំឡុងដើមឆ្នាំ១៩៧០។

នៅថ្ងៃទី០៨ ខែវិច្ឆិកាខាងមុខនេះ ក៏មានការសម្ពោធពិព័រណ៍មួយទៀតផងដែរនៅលើរបងស្ថានទូតបារាំង ដែលមានចំណងជើង ថា «កម្ពុជា មើលពីលំហអាកាស ៧០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការ»។ ពិព័រណ៍នេះរៀបចំឡើងដោយវិទ្យាស្ថានស្រាវជ្រាវសម្រាប់អភិវឌ្ឍន៍ (IRD) ដោយផ្អែកលើការងារធ្វើឡើងក្នុងភាពជាដៃគូជាមួយស្ថាប័ន សាកលវិទ្យាល័យ សំខាន់ៗរបស់កម្ពុជា។

តាមរយៈរូបភាពថតពីលើអាកាស និងរូបភាពផ្កាយរណប ធ្វើឡើងក្នុងអំឡុងពេល៧០ឆ្នាំ ចុងក្រោយនេះ ពិព័រណ៍ខាងលើនឹងបង្ហាញពីការប្រែប្រួលនៃសណ្ឋានដី និងការវិវឌ្ឍរបស់ប្រទេសកម្ពុជា។ វាក៏បង្ហាញផងដែរថា តើបច្ចេកទេសសង្កេតមើលផែនដីអាចឱ្យគេឆ្លើយតបកាន់តែប្រសើរទៅនឹងបញ្ហាប្រឈមនៃការអភិវឌ្ឍប្រកបដោយចីរភាពដោយរបៀបណា។

ចំពោះភាពយន្តវិញ ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែវិច្ឆិកា វិទ្យាស្ថានបារាំងនៅកម្ពុជានឹងចាក់បញ្ចាំងភាពយន្ត និយាយភាសាបារាំង ចំនួន៤ ពាក់ព័ន្ធនឹងឯករាជ្យរបស់ប្រទេសកម្ពុជា និងប្រទេសដទៃទៀតនៃ អតីតឥណ្ឌូចិនបារាំង។ ការចាក់បញ្ចាំងភាពយន្តទាំងនេះនឹងប្រព្រឹត្តទៅដោយមានវត្តមានរបស់សមិទ្ធិករ Philippe Fréling ដែលកំពុងស្នាក់នៅរាជធានីភ្នំពេញ។

សន្និសីទនានានឹងត្រូវរៀបចំឡើងនៅវិទ្យាស្ថានបារាំង ដោយមានការចូលរួម ពីសំណាក់ប្រវត្តិវិទូ Marie Aberdam ជាគ្រូបង្រៀន និងអ្នកស្រាវជ្រាវនៅវិទ្យាស្ថានជាតិភាសា និងអរិយធម៌បូព៌ាប្រទេស (Inalco)។ នៅថ្ងៃទី០៥ ខែធ្នូ សន្និសីទទី១នឹងផ្តោតលើបរិបទ តួអង្គ និងដំណាក់កាលនានា ដែលនាំឱ្យកម្ពុជាទទួលបានមកវិញនូវស្វ័យភាព ចាប់តាំងពីការលេចឡើងនូវចលនាជាតិនិយមខ្មែរក្នុងឆ្នាំ១៩៣០ រហូតដល់ការទទួលបាន អធិបតេយ្យភាពពេញលេញក្រោយសន្និសីទក្រុងហ្សឺណែវ (ឆ្នាំ១៩៥៤) ដែលបានបញ្ចប់សង្រ្គាមឥណ្ឌូចិនទី១។ ចំណែកសន្និសីទទី២ នៅថ្ងៃទី១២ ខែធ្នូ នឹងផ្តោតលើ«ការចងចាំរបស់កម្ពុជាអំពីការធ្វើអាណានិគម»។  ពិព័រណ៍នេះនឹងបង្ហាញពីការដាក់អាណានិគមនៅកម្ពុជា និងទំនាក់ទំនងរវាងប្រវត្តិសាស្រ្ត និងការចងចាំក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។ សន្និសីទទាំងពីរនេះនឹងធ្វើឡើងជាភាសាបារាំង ដោយមានការបកប្រែជាភាសាខ្មែរ៕