(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដាក់ឱ្យអនុវត្តនូវ «នីតិវិធីរួមសម្រាប់ប្រព័ន្ធស្បៀងបម្រុងកម្ពុជា» ​ដែលបង្ហាញពីការគិតគូរ របស់រាជរដ្ឋាភិបាល​លើការ​ត្រៀមស្បៀង​បម្រុងទុកចែកជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលត្រូវការជំនួយចាំបាច់ ក្នុងអំឡុងគ្រោះមហន្តរាយផ្សេងៗ​​ ខណៈគិតមកទល់ដំណាច់ខែតុលានេះ រាជរដ្ឋាភិបាលបានបញ្ចេញស្បៀង និងគ្រាប់ពូជដំណាំបានចែកជូន​ដល់កសិករបានជិត ៣០ម៉ឺនតោន។​

​ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តនូវ «នីតិវិធីរួមសម្រាប់ប្រព័ន្ធស្បៀងបម្រុងកម្ពុជា»ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសូហ្វីតែល អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា នីតិវិធីរួមសម្រាប់ប្រព័ន្ធស្បៀងបម្រុងកម្ពុជា មានសារៈសំខាន់ណាស់ ពោលគឺជាផែនទីចង្អុលផ្លូវ សម្រាប់ការអនុវត្តការងារ​ ការសហការ និងការសម្របសម្រួលនានា រវាងលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក.) ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ​ រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យដំណើរការនៃការចាត់ចែង និងប្រើប្រាស់ស្បៀងបម្រុង​ គ្រាប់ពូជស្រូវ និងបន្លែ របស់ ប.ស.ប.ក. ដែលរាជរដ្ឋាភិបាលបាន «ដាក់ក្នុងពាងរួម» ទុកសម្រាប់ត្រៀមផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលត្រូវការជំនួយចាំបាច់ ក្នុងអំឡុងគ្រោះមហន្តរាយផ្សេងៗ​ បានប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

អគ្គបណ្ឌិតសភាចារ្យបន្តថា រាជរដ្ឋាភិបាលបានប្ដេជ្ញាចិត្ត ក្នុងការលុបបំបាត់ភាពអត់ឃ្លាននៅកម្ពុជា នៅត្រឹមដំណាច់ឆ្នាំ ២០២៥ តាមរយៈការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រជាច្រើន រួមមាន៖ គោលនយោបាយជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ​, គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ ២០២២-២០៣០, យុទ្ធសាស្ត្រជាតិ ស្ដីពីសន្តិសុខស្បៀង និង អាហារូបត្ថម្ភជាដើម សំដៅលើកកម្ពស់ផលិតភាព និង ធ្វើពិពិធកម្មកសិកម្ម ពង្រឹងសន្តិសុខ និង សុវត្ថិភាពស្បៀង ដើម្បីកាត់បន្ថយភាពក្រីក្រឱ្យបានរហ័ស។

ទន្ទឹមនេះ​ រាជរដ្ឋាភិបាលក៏មានមហិច្ឆិតា ក្នុងការកែទម្រង់វិស័យកសិកម្មកម្ពុជា ឱ្យវិវត្តឈានឡើងកាន់តែប្រសើរ ដើម្បីធានាស្ថិរភាពស្បៀងនៅក្នុងប្រទេស និងជំរុញការនាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារអន្តរជាតិ ។

បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះការបម្រុងស្បៀង សម្រាប់ជួយប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលអាចត្រូវការស្បៀង។ ជាពិសេស នៅពេលមានគ្រោះមហន្តរាយ ឬ គ្រោះធម្មជាតិកើតឡើង។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងផងដែរថា មុនពេលប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក.) ត្រូវបានបង្កើតឡើងជាផ្លូវការ​កាលខែកញ្ញា ឆ្នាំ២០១២ រាជរដ្ឋាភិបាលតែងបម្រុងគ្រាប់ពូជស្រូវ ចំនួន៣០០០តោន ជារៀងរាល់ឆ្នាំ ​ដើម្បីត្រៀមទុក សម្រាប់ផ្តល់ជូនប្រជាកសិករ ដែលទទួលរងគ្រោះមហន្តរាយធម្មជាតិ ។ យ៉ាងណាមិញ ដើម្បីពង្រឹងប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ ប.ស.ប.ក. ស្របតាមការវិវត្តជាក់ស្តែង​ រាជរដ្ឋាភិបាលបានធ្វើវិសោធនកម្ម​ជាបន្តបន្ទាប់ចំនួន ២លើក, ពោលគឺលើកទី១ ក្នុងឆ្នាំ ២០១៦​ និងលើកទី២ ក្នុង ឆ្នាំ ២០២១។

លោកបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា​ការកែទម្រង់ប្រព័ន្ធស្បៀងបម្រុងកម្ពុជាចំនួនពីរ​នេះ ដើម្បីធានាថា ប្រព័ន្ធស្បៀងបម្រុងកម្ពុជា អាចជួយពលរដ្ឋរងគ្រោះមហន្តរាយ ផ្នែកស្បៀង និងគ្រាប់ពូជដំណាំ (ស្រូវ និងបន្លែ) ទាន់ពេល និងគ្រប់គ្រាន់។ លើកទី១ បានធ្វើឡើងនៅឆ្នាំ២០១៦ ​ដោយបានកែប្រែពីការលក់គ្រាប់ពូជដណាំ ដោយការបញ្ចុះថ្លៃ ៥០% មកផ្ដល់ដល់កសិករក្រីក្រ និងងាយរងគ្រោះ ដែលរងការខូចខាតដោយឥតគិតថ្លៃ ។

លើកទី២ នៅឆ្នាំ២០២១ ដោយបង្កើនស្បៀងបម្រុង និងគ្រាប់ពូជដំណាំបម្រុងទាំងបរិមាណ ទាំងប្រភេទ, សម្រួលដំណើរការអនុម័តស្បៀង និងគ្រាប់ពូជដំណាំពីច្រកច្រើន មកច្រកតែមួយ ហើយទុកតែពីរកម្រិត គឺកំរិតប្រធានគណកម្មាធិការ ប. ស. ប. ក. និង កម្រិតនាយករដ្ឋមន្រ្តី, ពង្រឹងភាពជាម្ចាស់របស់រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ថ្នាក់ សម្រាប់បង្កើនការសម្រេចចិត្តលឿន ប្រកបដោយប្រសិទ្ធភាព និងស័ក្តសិទ្ធភាព និង ពង្រឹងសមត្ថភាព និងសមត្ថកិច្ចរបស់អង្គភាព និងមន្ទីរជំនាញរបស់ក្រសួងស្ថាប័ននីមួយៗ។

បើតាមលោក វង់ សណ្តាប់ គិតពីថ្ងៃបង្កើត ប.ស.ប.ក. កាលពីខែកញ្ញា ឆ្នាំ២០១២ រហូតដល់ត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ​រាជរដ្ឋាភិបាលបានបញ្ចេញស្បៀង និងគ្រាប់ពូជដំណាំ( ស្រូវនិងបន្លែ) ដើម្បីជួយពលរដ្ឋនៅគ្រប់ ២៥ រាជធានីខេត្ត ​ប្រមាណជិត ៣០ម៉ឺនតោន។
ក្នុងនោះ​ផ្ដល់ស្បៀងដល់ប្រជាជន ពេលមានគ្រោះមហន្តរាយនានា ជាអង្ករសរុបជាង១៣ ៦៦៨ តោន ដល់ប្រជា​ជន សរុប ៥៤៨ ៨៤៦ គ្រួសារ ពីរាជធានី​ខេត្តចំនួន១៧ ដែល​រងគ្រោះដោយសារគ្រោះធម្មជាតិ និង​រងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ ក្នុងតំបន់បិទខ្ទប់នៅភ្នំពេញ និងក្រុងព្រះសីហនុ។ ផ្តល់គ្រាប់ពូជស្រូវដល់កសិកររងការខូចខាតដំណាំស្រូវ ដោយសារគ្រោះធម្មជាតិ ២៦២ ១៤៤ គ្រួសារ ដោយប្រើគ្រាប់ពូជស្រូវសរុបជាង ២០ ២៥៩ តោន សម្រាប់ស្តារឡើងវិញ ក្នុងរាជធានី-ខេត្តចំនួន២២ និងផ្តល់គ្រាប់ពូជបន្លែដល់កសិកររងការខូចខាតដំណាំដោយសារគ្រោះធម្មជាតិ ១២៣ ៣៣១ គ្រួសារ​៕