(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យកីឡាករប្រដាល់របស់កម្ពុជា លោក ព្រំ សំណាង និងលោក ដាវ លឺដុច កីឡាករប្រដាល់របស់មីយ៉ាន់ម៉ា ចូលជួបសម្តែងការគួរស។ ជំនួបនេះធ្វើឡើងនៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី។
លោក ដាវ លឺដុច បានហោះមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី១ ខែវិច្ឆិកា ដើម្បីត្រៀមប្រកួតជាមួយកីឡាករប្រដាល់របស់កម្ពុជា លោក ព្រំ សំណាង នៅយប់ថ្ងៃទី៥ ខែវិច្ឆិកា។
ជាមួយការបានឱកាសជួបសម្តែងការគួរសមជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា កីឡករ ដាវ លឺដុច បានបង្ហាញក្តីរំភើបរីករាយជាខ្លាំង។
លោក ដាវ លឺដុច បានបង្ហោះសារលើហ្វេសប៊ុកយ៉ាងដូច្នេះថា «ខ្ញុំពិតជាមានកិត្តិយសណាស់ និងរំភើបជាខ្លាំងចំពោះជំនួបរបស់ខ្ញុំជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសប្បាយចិត្ត និងមានមោទនភាពជាខ្លាំងដែលសម្តេចចាប់អារម្មណ៍លើក្បាច់គុនបុរាណ មីយ៉ាន់ម៉ា-កម្ពុជា។ ព្រំ សំណាង និងខ្ញុំសន្យាថា នឹងបង្ហាញផ្ទាំងទស្សសនីយភាពដ៏អស្ចារ្យដល់ពិភពលោក!»៕