(រតនគិរី)៖ ដើម្បីជួយសម្រាលបន្ទុករដ្ឋបាលខេត្តរតនគិរី សម្រាប់ប្រើប្រាស់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងទឹកចិត្តស្រលាញ់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនជនជាតិភាគតិច ក្នុងខេត្តរតនគិរី​ នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឧកញ៉ា ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ នៅរាជធានីភ្នំពេញ បាននាំអំណោយប្រគល់ជូនលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។

ឧកញ៉ា ចិន សំណាង ថ្លែងប្រាប់ថា ទោះបីអំណោយមានតិចតួចក្តី តែនេះជាទឹកចិត្តសទ្ធាជ្រះថ្លាជួយសម្រាលបន្ទុករដ្ឋបាលខេត្តបានមួយចំណែកដែរ។ ឧកញ៉ា ចិន សំណាង បន្តថា កន្លងទៅក្រុមការងារលោកបានជួយ ឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនជូនរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់តាមតម្រូវផងដែរ។

ឧកញ៉ារូបនេះ បញ្ជាក់ឲ្យដឹងទៀតថា កន្លងទៅរូបលោកបានអមដំណើរលោកស្រីឧកញ៉ា ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សាលាបឋមសិក្សា ហ៊ុន ស៊ីណាត នៅតំបន់ដាច់ស្រយាលស្ថិតក្នុងភូមិបរឡយ ឃុំកិះចុង ស្រុកបរកែវ និងចូលរួមជាពុទ្ធសាសនូបត្ថម្ភចូលរួមជាទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់នៅវត្តបរឡយ ឃុំកិះចុង ស្រុកបរកែវ ជាហូរហែរផងដែរ។

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ថ្លែងអំណរគុណជូនចំពោះឧកញ៉ា ចិន សំណាង ដែលបានឧបត្ថម្ភសម្ភារ សម្រាប់រៀបចំចាត់ចែងក្នុងពិធីបុណ្យអុំទូកថ្នាក់ខេត្តនៅថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ។ ពិធីប្រគល់ និងទទួល ធ្វើឡើងនៅសាលាខេត្តរតនគិរីដោយសម្ភាររួមមាន៖ ទឹកសុទ្ធកម្ពុជាចំនួន៣៣កេស ទឹកក្រូចចំនួន៦០កេស និងប៊ីយ៉ែកម្ពុជាចំនួន៦០កេស៕