(ព្រះវិហារ)៖ កំណាត់ផ្លូវជាតិលេខ៩៤ ដែលមានប្រវែង ៥៤.៩០គីឡូម៉ែត្រ តភ្ជាប់ពីកំណាត់ផ្លូវជាតិលេខ៩ ទីប្រជនជុំស្រុកឆែប ឆ្ពោះទៅឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ជាប់ព្រំដែនប្រទេសឡាវ ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ធ្វើការជួសជុល ថែទាំ បានស្អាតឡើងវិញ១០០ភាគរយហើយ គិតត្រឹមថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបញ្ជាក់នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ថា បន្ទាប់ពីវិលត្រឡប់ក្រោយពីបានឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌវិញ ពោលចាប់ពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារជួសជុល ថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានធ្វើការជួសជុល ថែទាំ កំណាត់ផ្លូវជាតិលេខ៩៤ ឡើងវិញ ក្រោយរងការខូចខាតដោយជំនន់ទឹកភ្លៀង ធ្វើឱ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរ។

ការជួសជុល ថែទាំឡើងវិញ កំណាត់ផ្លូវជាតិលេខ៩៤នេះ គឺក្រុមការងារបានថែមដីល្បាយថ្ម ដោយធ្វើការកៀរសម្រួល ស្រោចទឹក កិនបង្ហាប់។ បើគិតត្រឹមថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ សកម្មភាព ជួសជុល ថែទាំ កំណាត់ផ្លូវជាតិលេខ៩៤នេះ គឺសម្រេចបានរួចរាល់១០០ភាគរយហើយ ត្រឹមយៈពេល ១៥ថ្ងៃ ធ្វើឲ្យប្រជាពលរដ្ឋអាចធ្វើចរាចរណ៍ទៅមកដោយស្រួល និងឆាប់រហ័ស។

ស្របពេលដែលផ្លូវថ្នល់ត្រូវបានជួសជុល ថែទាំ បានស្អាតល្អហើយ លោក សំ លាងទ្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមគោរពច្បាប់ផង ពោលសូមកុំការចាក់ដីខ្ពស់ជាងផ្លូវ កុំចាក់ដីលុបលូ កុំចាក់ដីលុបប្រឡាយទឹក ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ពិសេសសូមកុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ផងដែរ៕