(ភ្នំពេញ)៖ អ្នកគ្រូ ហែម ស៊ីណាត ដែលជាគ្រូអក្ខរកម្ម អាយុ ៥៧ឆ្នាំ នៅភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅតែតាំងចិត្តមិនបោះបង់ឡើយ ដើម្បីបានទទួលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយបានដាក់ពាក្យចូលប្រឡងឆ្នាំ២០២៣បន្តទៀត ក្រោយការប្រឡងមិនទទួលបានជោគជ័យ នៅក្នុងឆ្នាំ២០២២។

អ្នកគ្រូបានក្លាយជាបេក្ខជន នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ឆ្នាំ២០២៣ ដែលមានអាយុច្រើនជាងគេ។

តាមរយៈ Facebook ផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលផ្សព្វផ្សាយនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានលើកឡើងថា «សូមជូនពរ និងផ្តល់កម្លាំងចិត្ត ជូនបេក្ខជន ហែម ស៊ីណាត ឱ្យទទួលបានជោគជ័យ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំថ្មីនេះ»

សូមរំលឹកថា ដោយមើលឃើញពីការខិតខំប្រឹងប្រែងមិនរាថយ ក្នុងការចូលរួមប្រឡង ទោះបីជាខ្លួនមានអាយុច្រើនក៏ដោយរបស់អ្នកគ្រូ ហែម ស៊ីណាត កាលពីឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកា ១០លានរៀល ដើម្បីលើកទឹកចិត្តដល់អ្នកគ្រូ ដែលប្រឡងធ្លាក់បាក់ឌុប ឆ្នាំ២០២២៕