(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌមានជ័យជិត២០នាក់ បានស្នើសុំឱ្យអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយពីទុក្ខកង្វល់របស់ពួកគាត់ មានទាំងការសុំធ្វើប្លង់កម្មសិទ្ធិដីធ្លី សុំដាក់លូ ធ្វើផ្លូវ ការសុំរឹតបន្តឹងអ្នករើសអាតចាយ ពេលយប់ ដោះស្រាយការលិចលង់ភូមិដ្ឋាន និងការសុំសំអាតបន្ទប់អនាម័យនៅតាមសាលារៀនរដ្ឋជាដើម។

ការលើកឡើងជាសំណើ និងសំណូមពរខាងលើនេះ បានធ្វើឡើងនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌមានជ័យ នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅភោជនីយដ្ឋាន Modern2 ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម។

វេទិកានេះប្រជាពលរដ្ឋបានសំណូមឱ្យជួយដោះស្រាយបញ្ហាជាច្រើនមានដូចជា៖

*ជំរុញការធ្វើប្លង់កម្មសិទ្ធិដីធ្លី ១៧ហិកតា ជូនពលរដ្ឋ ៦៨៩គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី១
*សុំបើកផ្លូវដែលមានទំនាស់
*សុំដាក់លូនៅផ្លូវ ៦០ម៉ែត្រ និងផ្លូវជាតិលេខ២
*សុំរៀបចំខ្សែភ្លើងឲ្យមានសោភណ្ឌភាព
*សុំរឹតបន្តឹងចំពោះអ្នករើសអាតចាយពេលយប់
*សុំដោះស្រាយការលិចលង់ភូមិដ្ឋាន
*ការសុំធ្វើប្រព័ន្ធ លូ ផ្លូវដែលខូចខាតដោយសារទឹកភ្លៀង
*ជំរុញឱ្យធ្វើប្លង់រឹងប្រជាពលរដ្ឋ នៅតាមបណ្តាយប្រឡាយស្ទឹងមានជ័យ
*ការសុំសំអាតបន្ទប់អនាម័យ នៅតាមសាលារៀន ពិសេសសាលាបឋមសិក្សាជាដើម។

លោក នួន ផារ័ត្ន បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីព្រឹកនេះ មានពលរដ្ឋចូលរួមសរុប​ចំនួនជាង៥០០នាក់​។ ក្នុងចំនួននេះ ប្រជាពលរដ្ឋបានលើកឡើងដោយផ្ទាល់មាត់​ចំនួន ១៩នាក់​ ស្មើ ២៥បញ្ហា និងជាលាយល័ក្សអក្សរចំនួន៩០ច្បាប់។ ចំពោះសំណើ និងសំណូមពរផ្ទាល់មាត់របស់ប្រជាពលរដ្ឋទាំង ១៩នាក់នេះ ត្រូវបានអភិបាលខណ្ឌមានជ័យ និងមន្ទីរពាក់ព័ន្ធ ស្រាយបំភ្លឺនិងដោះស្រាយជូនភ្លាមៗ ជាមួយនឹងការបង្ហាញពីគម្រោងដែលប្រជាពលរដ្ឋបានស្នើសុំផងដែរ។

ដូចជាការស្នើសុំរបស់ប្រជាពលរដ្ឋសុំធ្វើលូ ផ្លូវ ១៦BT ត្រូវបានលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បកស្រាយថា មិនត្រឹមតែស្ថាបនាកំណាត់ផ្លូវមួយខ្សែនេះទេ គឺស្ថាបនាផ្លូវ លូពាក់ព័ន្ធ ជាច្រើនខ្សែទៀត ដែលជាប់ពាក់ព័ន្ធប្រឡាយបឹងទំពុន។ បន្ថែមពីនេះទៀតស្ថានីយ៍បូមទឹកបឹងទំពុន និងប្រឡាយបឹងទំពុន ក៏នឹងត្រូវបន្ថែមម៉ាស៊ីន និងពង្រីកតួប្រឡាយពី៣០ម៉ែត្រទៅ៦០ម៉ែត្រផងដែរ ដើម្បីធ្វើយ៉ាងណា រំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងឱ្យខាងតែបាន។ ចំពោះសំណើរសុំដែលមិនទាន់បានដោះស្រាយ យើងនឹងបន្តយកទៅពិភាក្សានិងដោះស្រាយតាមក្រោយទៀត។

លោក នួន ផារ័ត្ន បានលើកឡើងទៀតថា ប្រទេសកម្ពុជាយើងនៅបន្តរក្សាបាន សុខសន្តិភាព សុខសន្តិភាពនេះហើយ ដែលបានធ្វើដោយកម្ពុជាយើងអាចធ្វើជាម្ចាស់ផ្ទះ សំរាប់កម្មវិធីធំៗ ជាក់ស្តែងដូចជាកិច្ចប្រជុំកំពូលអាស៊ាន ការប្រកួនកីឡាស៊ីហ្គេមជាដើម។ សមិទ្ធផលធំមួយទៀត ដែលកម្ពុជាសំរេចបាននោះ គឺកម្ពុជាឈរជើងយ៉ាងរឹងមាំនិងមិនក្ស័យធន រក្សាបានកំណើតសេដ្ឋកិច្ចថែមទៀត ខណៈពិភពលោកកំពុងឈមបញ្ហាសេដ្ឋកិច្ច បណ្តាលមកពីជម្ងឺកូវីដ-១៩ និងសង្ក្រាមនៅអ៊ុយក្រែនជាដើម។

លោក ម៉ប់ សារិន បានលើកឡើងថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះធ្វើឡើងក្នុង១ឆ្នាំម្តង ក្នុងត្រីមាសទី៤ អំឡុងខែ តុលា វិច្ឆិកា និងខែធ្នូ ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើរ របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន បញ្ហាអភិវឌ្ឍន៍មូលដ្ឋាននិងការផ្តល់សេវាសាធារណៈជាដើម។ វេទិកានេះគឺចង់បង្ហាញពីសកម្មភាពការងាររបស់អាជ្ញាធររាជធានីភ្នំពេញ បានបំពេញការងារបំរើប្រជាពលរដ្ឋគ្រប់ជ្រុងជ្រោយទេ នៅមានចំណុចខ្វះខាតអ្វីខ្លះ ដើម្បីឱ្យប្រជាពលរដ្ឋលើកឡើងពីចំណុចខ្វះខាតទាំងនោះ យកមកបំពេញបន្ថែម ធ្វើយ៉ាងណាអោយរាជធានីភ្នំពេញ មានសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថានល្អ មានការអភិវឌ្ឍន៍ ជាមួយនឹងការផ្តល់សេវាសាធារណៈជូនពលរដ្ឋកាន់តែល្អប្រសើរថែមទៀត៕