(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ការទាក់ទាញ និងគាំពារអ្នកវិនិយោគមិនមែនជាតួនាទីភារកិច្ចផ្តាច់មុខរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គឺទាមទារការចូលរួមពីគ្រប់អាជ្ញាធរពាក់ព័ន្ធទាំងអស់។
ក្នុងដំណើរចុះជួបអ្នកវិនិយោគតាមតំបន់សេដ្ឋកិច្ចពិសេសនាខេត្តស្វាយរៀង កាលពីថ្ងៃទី៣១ ខែតុលា កន្លងទៅនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ចូលរួមធ្វើកិច្ចការចំនួន៤ពាក់ព័ន្ធការវិនិយោគនេះ។ កិច្ចការទាំង៤នេះរួមមាន៖ ១) ចូលរួមទាក់ទាញអ្នកវិនិយោគមកវិនិយោគនៅកម្ពុជា, ២) សម្របសម្រួលឱ្យអ្នកវិនិយោគមានភាពងាយស្រួលលើការវិនិយោគ, ៣) ថែទាំការវិនិយោគឱ្យបានគង់វង់ និង៤) ធ្វើការជាមួយអ្នកវិនិយោគ ដើម្បីពង្រីកការវិនិយោគដែលមានរួចហើយនោះ។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសរំលេចនៅចំពោះមុខអ្នកវិនិយោគដែរថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យឯកជន។ រាជរដ្ឋាភិបាល ចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់ការអូសទាញសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋតាមរយៈការបង្កើតការងារ។
ជាយុទ្ធសាស្ត្រមួយក្នុងការទាក់ទាញអ្នកវិនិយោគមកកាន់កម្ពុជានោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រកាសធ្វើដំណើរជាមួយអ្នកវិនិយោគនានានៅក្នុងប្រទេស ដើម្បីទៅអូសទាញអ្នកវិនិយោគក្រៅប្រទេសមកកាន់កម្ពុជាថែមទៀត៕