(កំពង់ឆ្នាំង)៖ ជារៀងរាល់ឆ្នាំក្នុងរដូវសម្រក​ ទឹកទន្លេត្រៀមហូរចេញពីតំបន់ឡូនេសាទ បឹងបួរ និងវាលទំនាបផ្សេងៗដោយហូរតាមព្រែក ប្រឡាយ​ ឬចង្អូរ ចូលមកទន្លេវិញ។ បើតាមទម្លាប់ដល់រដូវនេះ គឺក្រុមឈ្មួញធំៗក៏ត្រូវចាប់ ផ្តើមរៀបចំឧបករណ៍នេសាទសម្រាប់ធ្វើធ្នស់ដាក់របាំងផ្ជិតព្រែក ប្រឡាយ និងចង្អូរទាំងនោះ ដោយពួកគេបានប្រើឧបករណ៍របាំងសាច់អួនក្រឡាញឹក ឬរបាំងស្បៃមុងជាដើម ដើម្បីត្រៀមស្ទាក់ចាប់ត្រី ដែលហ្វូងត្រីទាំងនោះ កាលពីរដូវទឹកឡើង ទឹកហូរចូលទីវាលទំនាប បឹងបួរផ្សេងៗ ហ្វូងត្រីក៏បាននាំគ្នីគ្នាឡើងតាមទឹក ដើម្បីរកទីកន្លែងពងកូន នៅពេលរដូវសម្រកទឹកហូរចូលទន្លេវិញ ហ្វូងត្រីទាំងនោះ ក៏បាននាំបណ្ដើរកូនចៅរបស់វាចុះតាមទឹកហូរ តាមប្រឡាយ ព្រែក ចង្អូរ សំដៅមកកាន់ទន្លេវិញដើម្បីរកទីទឹក ជ្រៅសម្រាប់ចិញ្ចឹមកូនចៅឲ្យរស់រានមានជីវិតបន្តពូជពង្សផងដែរ។

ប៉ុន្តែជាអកុសលហ្វូងត្រីទាំងតូចទាំងធំ ដែលបានឡើងតាមទឹកពងកូនរួចហើយ នៅពេលបណ្ដើរកូនចៅចុះមកទន្លេវិញ ដើម្បីរកទីទឹកជ្រៅចិញ្ចឹមកូនចៅតែត្រូវមកជាប់របាំងស្បៃមុងដែលក្រុមឈ្មួញដាក់ស្ទាក់រង់ចាំនៅមាត់ទ ន្លេទាំងមេបា និងកូនចៅ គឺមានតិចតូចណាស់ដែលអាចមានវាសនាឆ្លងផុតពីឧបករណ៍ស្បៃមុងរបស់ក្រុមឈ្មួញបានរស់រានមានជីវិតបន្តពូជពង្ស។

នៅក្នុងខេត្តកំពង់ឆ្នាំង ការនេសាទដោយដាក់របាំងធ្នស់ភ្ជិតព្រែកខាងលើនេះ គឺក្រុមឈ្មួញបានធ្វើសកម្មភាពស្ទើជារៀងរាល់ឆ្នាំនៅតាមបណ្ដាព្រែក ប្រឡាយ ចង្អូរជាច្រើនទូទាំងខេត្តកំពង់ឆ្នាំង។ ទើបតែនៅឆ្នាំ២០២៣ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹងមកដល់សហគមន៍នេសាទ និងសហព័ន្ធសហគមន៍ក្នុងខេត្តកំពង់ឆ្នាំង ដែលលិខិតជូនដំណឹងនោះចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ដោយក្រសួង នឹងមិនអនុញ្ញាតឱ្យក្រុមឈ្មួញធ្វើការនេសាទដោយដាក់របាំងធ្នស់ភ្ជិតព្រែក ប្រឡាយ ចង្អូរផ្សេងៗស្ទាក់ចាប់ត្រី ចាប់ពីរដូវសម្រកឆ្នាំ២០២៣នេះតទៅ លិខិតជូនដំណឹងរបស់ក្រសួងខាងលើនេះ ក៏បានចម្លងជូនរដ្ឋបាលជលផល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដើម្បីជ្រាប និងអនុវត្តផងដែរ។

លោក ឈឹម ឈឿន តំណាងគណៈកម្មការសហព័ន្ធសហគមន៍ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ចំពោះការនេសាទ ដោយប្រើឧបករណ៍ ដាក់របាំងធ្នស់ផ្ជិតព្រែក ប្រឡាយ ឬចង្អូរផ្សេងៗ ស្ទាក់ចាប់ត្រីខាងលើនេះ កន្លងមកគឺមានការអនុញ្ញាតច្បាប់ពីក្រសួងកសិកម្ម ដែលលោកអនុញ្ញាតឱ្យសហគមន៍ធ្វើការនេសាទចាប់ត្រីរយៈ ពេល៣ខ្នើត ក្នុងមួយរដូវ ដើម្បីយកត្រីធ្វើប្រហុក ផ្អកចែកប្រជាពលរដ្ឋក្នុងក្នុងសហគមន៍។

តែចាប់ពីរដូវសម្រកឆ្នាំ២០២៣នេះទៅ គឺក្រសួងកសិកម្ម មិនអនុញ្ញាតឲ្យមានការនេសាទដោយប្រើឧបករណ៍ដាក់របាំងធ្នស់ផ្ជិតព្រែក ប្រឡាយ ឬចង្អូរផ្សេងៗ ដើម្បីស្ទា ក់ចាប់ត្រី នៅក្នុងខេត្តកំពង់ឆ្នាំងជាបន្តទៀតនោះឡើយ។ លោកក៏បានបញ្ជាក់ថា ចំពោះចំនួនព្រែក ប្រឡាយ និងចង្អូរផ្សេងៗ ដែលជាទីតាំងសម្រាប់ការនេសាទត្រី ដែលធ្លាប់ធ្វើពីឆ្នាំមុនៗកន្លងមក បើរាប់ត្រួសៗទាំងតូចទាំងធំមានប្រមាណជិត៣០ទីតាំងឯណោះនៅទូទាំងខេត្តកំពង់ឆ្នាំង។

ពាក់ព័ន្ធករណីខាងលើនេះផងដែរលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងដែរថា ករណីនេះលោកបានប្រជុំផ្សព្វផ្សាយដល់បណ្ដាសង្កាត់ ផ្នែក និងខណ្ឌរដ្ឋបាលជលផល ឲ្យធ្វើការផ្សព្វផ្សាយបន្តតាមបណ្ដាសហគមន៍នេសាទជាបន្ទាន់ នៅទូទាំងខេត្ត គឺលោកបានប្រជុំផ្សព្វផ្សាយតាំងពីមួយខែមុនម៉្លេះ ដោយមិនអនុញ្ញាតឲ្យមានការនេសាទដាក់របាំងធ្នស់ ជិតព្រែកនៅតាមបណ្ដាព្រែក ប្រឡាយ និងចង្អូរផ្សេងៗដើម្បីស្ទាក់ចាប់ត្រីជាបន្តទៀតឡើយ ដោយចាប់អនុវត្តពីរដូវសម្រក ឆ្នាំ២០២៣នេះទៅ។

ក្នុងនោះដែរលោកក៏បានដាក់ផែនការយ៉ាងតឹងរឹងដល់មន្ត្រីជលផល សង្កាត់ ផ្នែក និងនាយខណ្ឌ ត្រូវទទួលខុសត្រូវតាមបណ្ដាផ្នែកនីមួយៗបើសង្កាត់ និងផ្នែក ដែលខ្លួនគ្រប់គ្រងកើតមានបទល្មើសនេសាទដូចខាងលើនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់រៀងៗខ្លួន។

លោកបានបញ្ជាក់ទៀតថា មួយរយៈនេះនៅតាមបណ្ដាព្រែកខ្លះបានធ្វើសកម្មភាពបោះបង្គោលធ្នស់រៀបចំដាក់ជារបាំង ដើម្បីស្ទាក់ចាប់ត្រីខ្លះហើយ ដូចជានៅស្រុកកំពង់ត្រឡាច និងជលគីរី តែក៏ត្រូវបានមន្ត្រីសង្កាត់ ផ្នែករបស់យើងនៅទីនោះ បានចុះណែនាំដល់ប្រជានេសាទទាំងនោះឲ្យធ្វើការរុះរើវិញជាបន្ទាន់ផងដែរ។ ដូច្នេះករណីនេសាទដោយការដាក់របាំងផ្ជិតព្រែកនៅក្នុងខេត្តកំពង់ឆ្នាំង ចាប់ពីឆ្នាំ២០២៣នេះទៅគឺលោកមិនអនុញ្ញាតឲ្យកើត មានជាដាច់ខាត។

ក្នុងឱកាសនេះដែរលោកក៏សូមអំពាវនាវដល់មន្ត្រីជំនាញ ពិសេសគឺសហគមន៍នេសាទតាមបណ្ដាសហគមន៍ ត្រូវចូលរួមអនុវត្តតាមសេចក្តីណែ នាំរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដើម្បីរួមគ្នាការពារ និងទប់ស្កាត់ចំពោះបទល្មើសនេសាទ គ្រប់ប្រភេទ ជាពិសេសការដាក់របាំងធ្នស់ផ្ជិតព្រែកប្រឡាយ ឬចង្អូរផ្សេងៗនៅតាមបណ្ដាមូលដ្ឋាន សុំកុំឲ្យកើតមានឲ្យសោះ៕