(ភ្នំពេញ)៖ ថ្មីៗនេះក្រុមហ៊ុនកូរ៉េមួយឈ្មោះ Wannabe Group បង្ហាញគម្រោងរបស់ខ្លួននឹងរៀបចំការប្រគំតន្ត្រីខ្នាតធំមួយនៅដើមឆ្នាំក្រោយ ដើម្បីចូលរួមយុទ្ធនាការផ្សព្វផ្សាយ ប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននៅកម្ពុជា បន្ទាប់ពីក្រុមការងារក្រុមហ៊ុនបានជួបទំនាក់ទំនងការងារមួយចំនួនជាមួយ លោក សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការក្រសួងព័ត៌មាន កាលពីពេលកន្លងទៅនេះ។

លោក Jeon Young-cheol (ជុន យុងឈុល) ប្រធានក្រុមហ៊ុន Wannabe Group (វ៉ាន់ណាប៊ីគ្រុប) បានទទួលសំណើតបតាមការស្នើសុំរបស់ លោក សាម៉ន បណ្ឌិត្យ ក្នុងការសហការរៀបចំកម្មវិធីប្រគុំតន្ត្រីខ្នាតធំ ដើម្បីផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ យុវជន យុវនារី ក៏ដូចជាមហាជនទូទៅទាំងជាតិ និងអន្តរជាតិ សម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំង ទប់ស្កាត់ ការជួញដូរ និងចរាចរគ្រឿងញៀននៅកម្ពុជា ដែលរដ្ឋាភិបាលកម្ពុជាកំពុងដាក់ចេញនូវវិធានការនានា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ជាមួយគ្នានេះ លោក សាម៉ន បណ្ឌិត្យ ដែលជាអ្នកទទួលការងារផ្សព្វផ្សាយទប់ស្កាត់ប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំក្រសួងព័ត៌មាន បានឲ្យដឹងថា ខ្លឹមសារនៃជំនួបនេះ គឺគ្រាន់តែជាការពិភ្សាគ្នាមួយជំហានប៉ុណ្ណោះ ក្នុងការជំរុញទំនាក់ទំនឲ្យកាន់តែស្អិតរមួត ដើម្បីឈានដល់ការងារមួយជោគជ័យសម្រាប់គម្រោងមួយនេះ នៅដើមឆ្នាំ២០២៤ខាងមុខ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកយុទ្ធនាការផ្សព្វផ្សាយប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន។

លោកបានបន្តថា ក្នុងជំនួបនេះ ភាគីទាំងពីរក៏បានជជែកគ្នាអំពីគម្រោង ក្នុងការសហការការបង្កើតបណ្ណាល័យ Digital សម្រាប់យុវជន និស្សិតកម្ពុជា សិក្សារៀនសូត្រ និងស្រាវជ្រាវ ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ ក្នុងយុគសម័យ Digital ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងផ្តោតយកចិត្តទុកជាពិសេសគឺ សម្តេចមហាបវរធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមបញ្ជាក់ថា ការប្រគុំតន្រ្តីនេះនឹងគ្រោងអញ្ជើញក្រុមតារាល្បី K-POP ខេផប មកពីប្រទេសកូរ៉េ និងតារាល្បីៗនៅក្នុងប្រទេសកម្ពុជាផងដែរ៕