(ភ្នំពេញ)៖ នៅម៉ោង៧៖៣០នាទី ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ សកម្មជនដីធ្លីបឹងកក់ទាំង២នាក់ គឺរួមមានអ្នកស្រី ទេព វណ្ណី និងប៊ូវ សោភា ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ បញ្ជូនទៅដល់សាលាដំបូងរាជធានីភ្នំពេញហើយ ពាក់ព័ន្ធការរៀបចំធ្វើយុទ្ធនាការអាវខ្មៅ ក្រោយបញ្ចប់ការសួរនាំរយៈពេល២ថ្ងៃមកនេះ។
សូមបញ្ជាក់ថា សកម្មជនដីធ្លីបឹងកក់ទាំង២នាក់នេះ ត្រូវបានកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌដូនពេញ នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ចុះទៅឃាត់ខ្លួន ខណ:ដែលពួកគេ បាននិងកំពុងធ្វើសកម្មភាពយុទ្ធនាការអាវខ្មៅ។ យុទ្ធនាការអាវខ្មៅរបស់សកម្មជនដីធ្លីខាងលើនេះ មិនត្រឹមតែប្រើរូបភាព ជាលក្ខណ:ប្រមូលផ្តុំនោះឡើយ គឺពួកគេបានធ្វើរួបត្លុកជាមនុស្ស ដោយសរសេរថា មន្រ្តីពុករលួយ តុលាការ អ្នកបញ្ជាសម្លាប់ និងឃាតក។
ពួកគេបានយករូបត្លុកទាំងនេះ ទៅកប់ចោលនៅក្នុងរណ្តៅដែលជីករួច ស្ថិតនៅទីតាំងបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
យុទ្ធនាការអាវខ្មៅ ដែលបង្កើតឡើងដោយ អង្គការសង្គមស៊ីវិល និងជនមួយចំនួន ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ក្រោយពីមានការឃាត់ខ្លួន មន្រ្តីអាដហុក៤នាក់ និងអគ្គលេខាធិការរង គ.ជ.ប ម្នាក់ ។
ប៉ុន្តែយុទ្ធនាការនេះ ត្រូវបានហាមឃាត់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមហេតុផលថា ជាចលនាដែលមានលក្ខណៈជាបដិវត្តពណ៌។
សូមបញ្ជាក់ថា នៅថ្ងៃចន្ទទី១៥ ខែសីហា ឆ្នាំ២០១៦ តំណាងរាស្រ្តគណបក្សប្រឆាំងមួយចំនួន ក៏បានស្លៀកសំលៀកបំពាក់ខ្មៅនេះដែរ បន្ទាប់ពីគណបក្សនេះ បានប្រកាសចូលរួមយុទ្ធនាការអាវខ្មៅជាបន្តបន្ទាប់ កាលពីសប្តាហ៍មុន៕