(ព្រះវិហារ)៖ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលធំអន្តរាគមន៍លេខ៣ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម ជូនមន្ទីរសុខាភិបាលខេត្តព្រះវិហារ ដើម្បីសកម្មភាពមនុស្សធម៌ ជួយសង្គ្រោះអាយុជីវិតអ្នកជំងឺដែលកំពុងត្រូវការឈាមជាចាំបាច់ ក៏ដូចជាដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ ទិវាកំណើតកងយោធពលខេមរភូមិន្ទ។

ពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់កងទ័ពកងពលធំអន្តរាគមន៍លេខ៣ ដែលរៀបចំធ្វើឡើង ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ ទិវាកំណើតកងយោធពលខេមរភូមិន្ទ (១៩៥៣-២០២៣) ស្ថិតក្រោមវត្តមានលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ តាមមន្ទីរ អង្គភាព ជុំវិញខេត្តព្រះវិហារ រួមទាំង នាយទាហាន នាយទាហានរង និងពលទាហានចំណុះកងពលធំអន្តរាគមន៍លេខ៣ជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានកោតសរសើរនាយទាហាន នាយទាហានរង និងពលទាហាន ចំណុះកងពលធំអន្តរាគមន៍លេខ៣ ដែលបានស្ម័គ្រចិត្តបរិច្ចាគឈាម ជូនមន្ទីរសុខាភិបាលខេត្តព្រះវិហារ ដើម្បីសង្គ្រោះអាយុជីវិតអ្នកជំងឺ។លោកថ្លែងទៀតថាការៀបចំបរិច្ចាកឈាមនៅថ្ងៃនេះ ក៏ដើម្បីសំដែងនូវការអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាកំណើតកងយោធពលខេមរភូមិន្ទ។ហើយអ្នកស្ម័គ្រចិត្តផ្តល់ឈាមនៅថ្ងៃនេះ គឺជានាយនិងពលទាហាន មកពីបណ្តាការិយាល័យ កងឯកភាព និងវរសេនាតូចចំណុះទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣។

ដោយឡែកលោក គីម រិទ្ធី បានថ្លែងកោតសរសើរចំពោះវីរភាពអង់អាចក្លាហាន របស់នាយទាហាន នាយទាហានរង និងពលទាហាន កងពលធំអន្តរាគមន៍លេខ៣ និងកងតូចអន្តរាគមន៍ចំណុះទាំង៣ ដែលបានស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះអាយុជីវិតដល់ប្រជាជនគ្រប់រូប គ្រប់មជ្ឍដ្ឋាន គ្រប់ឋានៈ វណ្ណៈ មិនប្រកាន់ពូជសាសន៍ ដោយក្តីស្រឡាញ់ពេញបេះដូង។

លោកថ្លែងបន្តថា ការស្ម័គ្រចិត្តបរិច្ចាគឈាមជូនមន្ទីរសុខាភិបាលខេត្តព្រះវិហារនាពេលនេះ របស់នាយទាហាន នាយទាហានរង និងពលទាហាន ក៏ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាកំណើតកងយោធពលខេមរភូមិន្ទ (១៩៥៣-២០២៣) ផងដែរ។

សូមបញ្ជាក់ថា កម្មវិធីផ្ដល់ឈាម ​«ផ្ដល់ក្ដីស្រាញ់​» ជាប្រធានបទមួយក្នុងយុទ្ធនាការបរិច្ចាកឈាមវិលជុំ តាមបណ្ដា ក្រុង ស្រុក ទូទាំងខេត្តព្រះវិហារ​ ដែលផ្ដួចផ្តើមឡើងដោយលោក គីម​ រិទ្ធី​ អភិបាលខេត្តព្រះវិហារ​  ក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការបំពេញតម្រូវការឈាម ទៅដល់មន្ទីរពេទ្យបង្អែក១៦មករា ដែលបាន​ និងកំពុងមានបញ្ហាប្រឈមកង្វះឈាម ដើម្បីជួយសង្រ្គោះដល់ជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការ ឈាមចាំបាច់ជារៀងរាល់ថ្ងៃ៕