(បាត់ដំបង)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី អនុប្រធាន សមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក.ខេត្ត លោក លោកស្រី ជាជំនួយការដឹកនាំ ប្រធានកិតិ្តយស ប្រធានក្រុមប្រឹក្សាចុះជួយស.ស.យ.ក.ក្រុង ស្រុក លោក លោកស្រី ប្រធាន ស.ស.យ.ក.ក្រុង/ស្រុក ទាំង១៤ សរុបប្រមាណ៩៩នាក់ នៅទីស្នាក់ការ ស.ស.យ.ក.ខេត្ត ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ជាកិច្ចចាប់ផ្តើមលោក ស រដ្ឋា បានថ្លែងសុន្ទរកថាបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារអនុវត្តឆ្នាំ២០២៤។

លោកបានបញ្ជាក់ថា «ទន្ទឹមនឹងលទ្ធផលសម្រេចបាន យើងក៏នៅមានកិច្ចការដែលជាតម្រូវការចាំបាច់ សំណូមពរ ក៏ដូចជាបញ្ហាប្រឈមមួយចំនួន ដែលត្រូវបំពេញបន្ថែម និងដោះស្រាយ។ ក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារសម្រេចបានឆ្នាំ២០២៣នេះ ពិតជាមានអត្ថន័យជ្រាលជ្រៅ យើងនឹងរួមគ្នាប្រមូលផ្តុំទស្សនៈទាន ពិគ្រោះពិភាក្សា ផ្លាស់ប្តូរយោបល់ និងដកស្រង់បទពិសោធលើកឡើងអំពីចំណុចខ្លាំង ចំណុចខ្វះខាត ដែលកើតចេញពីការអនុវត្តជាក់ស្តែង និងរួមគ្នារិះរកវិធានការ វិធីសាស្រ្ត ហើយកំណត់ទិសដៅសកម្មភាព សម្រាប់បន្តអនុវត្តក្នុងឆ្នាំ២០២៤ ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរថែមទៀត»។

លោក ម៉ៅ សុបុណ្ណា សមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង បានអានរបាយការណ៍ស្តីពីសកម្មភាពលទ្ធផលការងារសម្រេចបានរបស់ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ ដោយបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីឆន្ទៈ និងការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការតស៊ូព្យាយាមខិតខំជំនះនូវរាល់បញ្ហាលំបាកនានារបស់ ស.ស.ស.ក.ខេត្ត ប្រកបដោយស្មារតីទទួលខុសត្រូវ ខ្ពស់ក្នុងការបំពេញបេសសកម្មការងារអប់រំ បណ្ដុះបណ្ដាល កីឡា ការងារសង្គម បរិស្ថាន វប្បធម៌ និងសាសនា ជាពិសេសការងារសប្បុរសធម៌ ស្ដែងចេញអោយឃើញនូវសាមគ្គីភាពមហាគ្រួសារតែមួយ ជួយគ្នាក្នុងគ្រាលំបាក សំដៅធ្វើយ៉ាងណាសម្រេចនូវគោលបំណងរួម ដើម្បីការអភិវឌ្ឍន៍សង្គម ឱ្យកាន់តែរីកចម្រើន ដោយមានកិច្ចសហការល្អជាមួយរដ្ឋបាលខេត្ត អាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ រួមជាមួយការផ្ដល់អនុសាសន៍ របស់ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់កណ្ដាល ធ្វើអោយការអនុវត្តការងារមានភាពរលូន និងមានប្រសិទ្ធភាព។

លោក ម៉ៅ សុបុណ្ណា បានធ្វើបទបង្ហាញស្តីពីផែនការសកម្មភាពឆ្នាំ២០២៤ និងស្នើអង្គប្រជុំលើកយោបល់ ដើម្បីវាយតម្លៃលើរបាយការណ៍ចំណុចខ្លាំង បញ្ហាប្រឈម និងពិនិត្យលើផែនការសកម្មភាព ចំណុចសំខាន់ៗផ្សេងៗទៀត ក៏ដូចជាលើកទិសដៅអនុវត្តបន្តក្នុងឆ្នាំ២០២៤។

ក្នុងពិធិសន្និបាត មានស្រុកចំនួន០៤ បានឡើងធ្វើបទបង្ហាញរួមមាន៖

*ទី១៖ បទបង្ហាញ ស.ស.យ.ក.ស្រុកបាណន់ ក្រោមប្រធានបទ៖ «ការចូលរួមរបស់ស្រ្តីក្នុងបុព្វហេតុជាតិ មាតុភូមិ»
*ទី២៖ បទបង្ហាញ ស.ស.យ.ក.ស្រុកថ្មគោល ក្រោមប្រធានបទ៖ «ឧត្តមានុវត្តនៃការកសាងសមាជិកភាពទាំងបរិមាណ និងគុណភាព»
*ទី៣៖ បទបង្ហាញ ស.ស.យ.ក.ស្រុកមោងឫស្សី ក្រោមប្រធានបទ៖ «កាលានុវត្តភាព និងបញ្ហាប្រឈមរបស់យុវជន ក្នុងការងារស្ម័គ្រចិត្ត និងកិច្ចការសង្គម»
*ទី៤៖ បទបង្ហាញ ស.ស.យ.ក.ស្រុកសំឡូត ក្រោមប្រធានបទ៖ «ប្រសិទ្ធភាពនៃការរៀបចំរចនាសម្ព័ន្ធ និងដំណើរការសកម្មភាពនៅគ្រប់លំដាប់ថ្នាក់»។

លោក ស រដ្ឋា បានផ្តល់ជាអនុសាសន៍ ចូលរួមឆ្លើយតបបញ្ហា និងសំណូមពរមួយចំនួន គឺជាធាតុចូល ដើម្បីពិនិត្យ និងសម្រេច ព្រមទាំងគោរពស្នើសុំគោលការថ្នាក់លើបើសិនមិនអាចឆ្លើយតប និងសម្រេចបាននាពេលនេះ។ គ្រប់សកម្មភាពការងារដែល ស.ស.យ.ក. បានអនុវត្តគឺទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ ដោយមានការចូលរួមពីក្រុមគ្រួសារ ស.ស.យ.ក. អាជ្ញាធរ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបញ្ចេញអស់ទាំងកម្លាំងកាយចិត្ត ធនធាន ពេលវេលាបន្ថែមពីនេះទៀត លោកប្រធានបានលើកឡើងថា បើមានចំណុចខ្វះខាត ឬមានបញ្ហាផ្សេងៗអាចនិយាយបើកចំហ និងចូលរួមរិះគន់បែបស្ថាបនា៕