(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រតិកម្មចំពោះការរិះគន់តាមបណ្ដាញសង្គមរបស់ លោក សម រង្ស៊ី ចំពោះនិក្ខេបបទថ្នាក់បណ្ឌិតរបស់សម្ដេច។

សម្ដេចបានហៅទណ្ឌិតរូបនេះថាជា «ម្សៀចាស់វស្សា» ដែលទំនងជាមិនបានរៀនដល់កម្រិតថ្នាក់បណ្ឌិតនោះឡើយ ទើបបានជាពុំបានយល់ដឹងទាល់តែសោះអំពីការសិក្សានូវកម្រិតថ្នាក់បណ្ឌិត។

«ម្សៀរចាស់វស្សាខ្ញុំលែងហៅលោកអ៊ំចាស់វស្សាទៀតហើយខ្ញុំហៅថា ម្សៀរចាស់វស្សាតែប៉ុណ្ណោះ»។ នេះជាការបញ្ជាក់របស់សម្ដេចអធិបតី នៅក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករជិត ២ម៉ឺននាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រតិកម្មរបស់សម្ដេចនាយករដ្ឋមន្ត្រី ហាក់ឆ្លើយតបទៅនឹងសារមួយរបស់ លោក សម រង្ស៊ី តាមបណ្ដាញសង្គម ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ឱ្យបានសរសេរថា និក្ខេបបទថ្នាក់បណ្ឌិតរបស់ សម្ដេចអធិបតី ហ៊ុន ម៉ាណែត នៅប្រទេសអង់គ្លេស ទំនងជាជួលឱ្យជនបរទេសឲ្យសរសេរ ដោយទណ្ឌិតរូបនេះសំអាងថា មានអ្នកសារព័ត៌មានម្នាក់ បានទៅសុំនិក្ខេបបទ របស់សម្ដេចពីសាកលវិទ្យាល័យ ប៉ុន្តែសាលាមិនផ្ដល់ឲ្យ។

ឆ្លើយតបទៅនឹងការវាយប្រហារបែបនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះថា «ខ្ញុំថាអីក៏យ៉ាប់ម៉្លេះ អីក៏ល្ងង់ម៉្លេះលោក ! ខ្ញុំមិនបានហាមសាលានោះទេ ប៉ុន្តែសាលាគេមានគោលការណ៍លាក់ការណ៍និស្សិតរបស់គេ មិនមែនតែនិក្ខេបបទរបស់ខ្ញុំទេ និក្ខេបបទរបស់អ្នកណាក៏ដោយ បើអ្នកឯងសុំគេមិនបាន អ្នកឯងមកសុំខ្ញុំទៅ ខ្ញុំឱ្យ ! ចាំបាច់ចុះកាសែត»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថាសម្ដេចមិនមានរឿងអ្វីដែលត្រូវលាក់និក្ខេបបទនោះទេ។ សម្ដេចបានរំលឹកថា និក្ខេបបទថ្នាក់បណ្ឌិតរបស់សម្ដេច គឺសម្ដេចបានសរសេរអំពីសហគ្រាសធុនតូច និងមធ្យម ដែលសារៈសំខាន់របស់វា គឺជំរុញសេដ្ឋកិច្ចរបស់ជាតិ ហើយនៅក្នុងនោះ សម្ដេចក៏បានបង្ហាញ អំពីកត្តាអ្វីខ្លះដែលនាំឲ្យសហគ្រាសធុនតូច និងមធ្យមទាំងនោះអាចដំណើរការ រីកចម្រើនបាន។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានរិះគន់ត្រឡប់ទៅកាន់ លោក សម រង្ស៊ី វិញថា ទំនងជាមិនបានរៀនដល់ថ្នាក់បណ្ឌិតនោះទេ ទើបពុំបានយល់អំពីរបៀបរៀននៅថ្នាក់បណ្ឌិត។ សម្ដេចធិបតីបានលើកឡើងថា ការសិក្សាថ្នាក់បណ្ឌិតត្រូវការពិគ្រោះយោបល់បន្តបន្ទាប់ ហើយនៅពេលឡើងការពារនិក្ខេបបទ គឺសម្តេចបានឡើងការពារនៅចំពោះមុខសាស្រ្តាចារ្យប្រមាណជា១០នាក់ឯណោះ។

សម្ដេចធិបតីក៏បានឆ្លើយតបចំពោះការរិះគន់លើនិក្ខេបបទរបស់សម្ដេចថា មិនមានការពាក់ព័ន្ធនឹងកម្ពុជាផងដែរ ដោយចាត់ទុកថា អ្នកទាំងនោះពុំបានដឹងអំពីការគិតរបស់សម្ដេច តាមរយៈការសរសេរនិក្ខេបបទ កាលពី២០ឆ្នាំមុនឡើយ ដែលពេលនេះត្រូវបានយកមកប្រើប្រាស់ នៅកម្ពុជា ពេលដែលសម្ដេចដឹកនាំប្រទេស នោះគឺការពង្រឹងសហគ្រាសធុនតូច និងមធ្យម។

សម្តេចបានបញ្ជាក់បន្ថែមថា «ពេលខ្ញុំសរសេរនៅខេត្តបទនោះ ខ្ញុំត្រូវការប្រមូលទិន្នន័យ ដើម្បីយកមកធ្វើការវិភាគ បទពិសោធន៍ពីប្រទេសផ្សេងៗ យកមកវិភាគដើម្បីចេញជារូបមន្តមួយ មកចូលរួមធ្វើការដាក់នៅក្នុងប្រទេសណាក៏បានដែរ រួមទាំងកម្ពុជា»

សម្តេចក៏បានបង្ហើបផងដែរ អំពីការសរសេរសារណា នៅថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់សម្ដេច ដោយយបានសរសេរអំពីការដោះស្រាយបញ្ហាដីធ្លីនៅក្នុងប្រទេសកម្ពុជា ពេលនេះសម្ដេចក៏បានជួយផ្តល់គោលនយោបាយដល់ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅក្នុងការអភិវឌ្ឍ និងដោះស្រាយបញ្ហាដីធ្លីផងដែរ។

សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត ជាជនជាតិខ្មែរដំបូងគេ ដែលបានចូលរៀននៅសាលា West Point ជាសាលាបណ្ឌិតយោធាដ៏ល្បីរបស់អាមេរិក នៅឆ្នាំ១៩៩៥ ដល់ឆ្នាំ១៩៩៩ ហើយទទួលបានសញ្ញាបត្រ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩៩៩។ នៅឆ្នាំ២០០២ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក និងនៅឆ្នាំ២០០៨ ទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេសផងដែរ៕