(ភ្នំពេញ)៖ តាមការគ្រោងទុក នគរបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ នឹងបញ្ជូនសកម្មជនដីធ្លីបឹងកក់ទាំង២នាក់ គឺទេព វណ្ណី និងប៊ូវ សោភា ទៅកាន់តុលាការហើយ ពាក់ព័ន្ធការរៀបចំធ្វើយុទ្ធនាការអាវខ្មៅ ក្រោយបញ្ចប់ការសួរនាំរយៈពេល២ថ្ងៃមកនេះ។

មន្រ្តីនគរបាលខណ្ឌដូនពេញ បានប្រាប់អង្គភាព Fresh News នៅព្រឹកព្រលឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះថា «ជាគោលការណ៍ យើងនឹងបញ្ជូនពួកគេទៅតុលាការ នៅព្រឹកនេះ ក្រោយបញ្ចប់ការសួរនាំរួចមកហើយនេះ ដើម្បីឲ្យព្រះរាជអាជ្ញាបន្តសួរនាំទៀត»។

សូមបញ្ជាក់ថា សកម្មជនដីធ្លីបឹងកក់ទាំង២នាក់នេះ ត្រូវបានកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌដូនពេញ នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ចុះទៅឃាត់ខ្លួន ខណ:ដែលពួកគេ បាននិងកំពុងធ្វើសកម្មភាពយុទ្ធនាការអាវខ្មៅ។

យុទ្ធនាការអាវខ្មៅរបស់សកម្មជនដីធ្លីខាងលើនេះ មិនត្រឹមតែប្រើរូបភាព ជាលក្ខណ:ប្រមូលផ្តុំនោះឡើយ គឺពួកគេបានធ្វើរួបត្លុកជាមនុស្ស ដោយសរសេរថា មន្រ្តីពុករលួយ តុលាការ អ្នកបញ្ជាសម្លាប់ និងឃាតក។

ពួកគេបានយករូបត្លុកទាំងនេះ ទៅកប់ចោលនៅក្នុងរណ្តៅដែលជីករួច ស្ថិតនៅទីតាំងបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជាមួយគ្នានេះ កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ សមត្ថកិច្ចខណ្ឌ៧មករា សហការជាមួយអាជ្ញាធរមូលដ្ឋាន បានឃាត់ខ្លួនសកម្មជនដីធ្លីបុរីកីឡា៤នាក់ ដែលបានដឹកនាំធ្វើយុទ្ធនាការអាវខ្មៅ ដើម្បីទាមទារឱ្យមានការដោះលែង មន្រ្តីសិទ្ធិមនុស្សអាដហុក និង អគ្គលេខាធិការរង គ.ជ.ប តែពួកគេត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅវិញ ក្រោយធ្វើការអប់រំរួច។

មនុស្ស៤នាក់ ដែលត្រូវបានឃាត់ខ្លួននោះរួមមាន៖ ១.ឈ្មោះ ស ស៊ន ភេទស្រីអាយុ៥៧ឆ្នាំ, ២.ឈ្មោះ ភោគ សុភីន ភេទស្រី, ៣.ឈ្មោះ ណាត ស្រីណាក់ ភេទស្រី និង ៤.ឈ្មោះ នូ សាត ភេទប្រុស ជាសមាជិក CNRP សង្កាត់អូរឬស្សីទី១។

យុទ្ធនាការអាវខ្មៅ ដែលបង្កើតឡើងដោយ អង្គការសង្គមស៊ីវិល និងជនមួយចំនួន ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ក្រោយពីមានការឃាត់ខ្លួន មន្រ្តីអាដហុក៤នាក់ និងអគ្គលេខាធិការរង គ.ជ.ប ម្នាក់ ។
ប៉ុន្តែយុទ្ធនាការនេះ ត្រូវបានហាមឃាត់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមហេតុផលថា ជាចលនាដែលមានលក្ខណៈជាបដិវត្តពណ៌។


សូមបញ្ជាក់ថា នៅថ្ងៃចន្ទទី១៥ ខែសីហា ឆ្នាំ២០១៦ តំណាងរាស្រ្តគណបក្សប្រឆាំងមួយចំនួន ក៏បានស្លៀកសំលៀកបំពាក់ខ្មៅនេះដែរ បន្ទាប់ពីគណបក្សនេះ បានប្រកាសចូលរួមយុទ្ធនាការអាវខ្មៅជាបន្តបន្ទាប់ កាលពីសប្តាហ៍មុន៕