(កណ្ដាល)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា គោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ គឺដើម្បីប្រជាពលរដ្ឋកម្ពុជាទាំង១៧លាននាក់ទូទាំងប្រទេស មិនមែនដើម្បីអ្នកណាម្នាក់នោះឡើយ។

ការថ្លែងបែបនេះរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង១ម៉ឺន៨ពាន់នាក់ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្ដេចធិបតីបានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជាបានដាក់ចេញគោលនយោបាយនៅពេលឃោសនាបោះឆ្នោត ហើយនៅពេលឈ្នះឆ្នោត គណបក្សប្រជាជនបានបន្តដឹកនាំរាជរដ្ឋាភិបាល ហើយក៏ត្រូវអនុវត្តតាមគោលនយោបាយ យកធ្វើជាប្រទីបផ្លូវដើម្បីបម្រើប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋកាន់តែមានជីវភាពល្អប្រសើរ ព្រោះគ្មានអ្វីសំខាន់ជាងការធ្វើឱ្យប្រជាពលរដ្ឋសុខសប្បាយ ជីវភាពកាន់តែរីកចម្រើន និងមានសន្តិភាពតទៅមុខនោះឡើយ។

សម្ដេចធិបតីបានថ្លែងយ៉ាងដូច្នេះថា «ថ្ងៃមុន គេវាយប្រហារខ្ញុំថា ដាក់ចេញគោលនយោបាយគឺសម្រាប់តែបក្ខពួកឯង អ្នកមានអំណាច, ខ្ញុំថា និយមន័យសម្រាប់បក្ខពួកខ្ញុំ បក្ខពួករបស់គណបក្សប្រជាជន គឺប្រជាជន១៧លាននាក់ ហើយអ្នកណាអ្នកមានអំណាចគឺប្រជាជននេះឯង អ៉ីចឹងគោលនយោបាយរបស់យើង គឺគ្របដណ្ដប់លើប្រជាជនយើងទាំង១៧លាននាក់»

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា អ្វីដែលរាជរដ្ឋាភិបាលធ្វើដើម្បីប្រជាពលរដ្ឋទូទាំងប្រទេសនេះ គឺការថែរក្សាសុខសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការកសាងហេរចនាសម្ពន្ធ ផ្លូវ ទឹក អគ្គិសនី ការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ គិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ អភិវឌ្ឍន៍ធនធានមនុស្ស ការបណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋ ការទាក់ទាញវិនិយោគនិងទេសចរ ដើម្បីបង្កើតឱកាសការងារនិងមុខរបរសម្រាប់ប្រជាពលរដ្ឋ។

សម្ដេចធិបតីបានរំឭកជាថ្មីទៀតចំពោះកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈជូនយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យសរុប១លាន៥សែននាក់ ដើម្បីជួយឱ្យពួកគាត់មានជំនាញច្បាស់លាស់ មានការងារ មានមុខរបរ អាចរកប្រាក់ចំណូលសមរម្យក្នុងការទ្រទ្រង់ជីវភាពគ្រួសារ។ ការបណ្ដុះបណ្ដាលជំនាញដល់យុវជនទាំង១លាន៥សែននាក់នេះ គឺសុទ្ធតែជាកូនចៅរបស់ប្រជាពលរដ្ឋទូទាំងនេះឯង។

ទាំងនេះហើយដែលជានិយមន័យបក្ខពួករបស់រាជរដ្ឋាភិបាល របស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាបក្ខរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី គឺមិនមានអ្នកណាក្រៅពីប្រជាពលរដ្ឋទាំង១៧លាននាក់នោះឡើយ៕