(កណ្ដាល)៖ ពីលើវេទិកាជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសជាថ្មីម្ដងទៀតថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញជាបន្ដបន្ទាប់នេះ គឺឈរលើភាពជាក់ស្ដែងនិយម មិនមែនជាគោលនយោបាយឆក់កណ្ដៀត ឬធ្វើតាមតែចិត្តនឹកឃើញនោះទេ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ចេញគោលនយោបាយ និងអនុវត្តជាបន្ដបន្ទាប់ដើម្បីបុព្វហេតុតែមួយគត់ គឺជាតិ និងប្រជាជនកម្ពុជា ធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរឡើង ព្រោះប្រជាពលរដ្ឋជាម្ចាស់ប្រទេស និងជាអ្នកកំណត់ជោគវាសនារបស់ប្រទេស។

សម្ដេចធិបតី នាយករដ្ឋមន្ដ្រី បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការរៀបចំផែនការ រៀបចំគោលនយោបាយ ផ្អែកទៅលើការសិក្សាគ្រប់ជ្រុងជ្រោយបងប្អូនត្រូវការអ្វីខ្លះ ប្រជាពលរដ្ឋយើងបានដើរដល់ណាហើយ យើងចង់ដើរទៅណាទៀត យើងត្រូវធ្វើអ្វីពីឥលូវទៅមុខ។ ការរៀបចំផែនការគោលនយោបាយនេះ គឺត្រឹមត្រូវហើយ មិនមែនឆក់កណ្ដៀតតាមអារម្មណ៍ទេ មិនមែនគ្រាន់តែនិយាយឲ្យពិរោះទេ ត្រូវមានមូលដ្ឋានសិក្សាអំពីគោលនយោបាយ កសាងឲ្យបានគ្រប់»

បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយហើយនោះ ត្រូវតែធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានជ្រួតជ្រៀប។ សម្ដេចគូសបញ្ជាក់ថា ប្រជាពលរដ្ឋជាម្ចាស់ប្រទេសក៏ចង់ដឹងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលដូចគ្នា ហើយកិច្ចការងារទាំងឡាយរបស់រាជរដ្ឋាភិបាល នឹងត្រូវអនុវត្តជាបន្ដបន្ទាប់តាមជំហ៊ាននីមួយៗ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា គណបក្សចេញនយោបាយ ដើម្បីរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សនោះ យកជាប្រទីបបំភ្លឺផ្លូវដើម្បីបម្រើប្រជាពលរដ្ឋ ហើយគណបក្សប្រជាជនកម្ពុជា បានចេញគោលនយោបាយ អនុវត្តគោលនយោបាយកន្លងទៅហើយ ដូច្នេះគណបក្សនឹងបន្ដអនុវត្ត។ សម្ដេចបន្ដថា បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយហើយនោះ ត្រូវតែបន្ដតាមដានការអនុវត្ត និងបូកសរុបលទ្ធផលនៃគោលនយោបាយនោះផងដែរ។

ជាក់ស្ដែង ក្នុងវិស័យកាត់ដេរនេះ សម្ដេចធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សង្កត់ធ្ងន់ថា គោលនយោបាយទាំងអស់ បានដាក់ចេញឡើងដោយផ្អែកតាមស្ថានភាពជាក់ស្ដែង និងបានចុះជួបដោយផ្ទាល់ សិក្សាផ្ទាល់ ប្រមូលព័ត៌មានដោយផ្ទាល់ទាំងសហជីព ទាំងកម្មករ កម្មការិនី និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បូកជាមួយវិស័យឯកជនផ្សេង ទើបរកឃើញនូវអ្វីដែលខ្លះដែលជាបញ្ហាត្រូវដោះស្រាយ។ ពោលរាជរដ្ឋាភិបាលអនុវត្តរបៀបនេះ លើគ្រប់វិស័យទាំងអស់។

សម្ដេចគូសបញ្ជាក់បន្ដថា នៅពេលនេះការផ្សព្វផ្សាយ គឺជារឿងសំខាន់ដើម្បីឲ្យប្រជាពលរដ្ឋមានភាពជឿជាក់លើរាជរដ្ឋាភិបាល ដែលពួកគាត់បានបោះឆ្នោតជូនយ៉ាងភ្លូកទឹកភ្លូកដីនាពេលកន្លងមក៕