(ភ្នំពេញ)៖ រយៈពេល៧ខែ ឆ្នាំ២០១៦នេះ ការនាំចេញអង្កររបស់កម្ពុជា មានការថយចុះប្រមាណ ៦.៩ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០១៥។
របាយការណ៍សង្ខេប របស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយសម្រាប់ បំពេញបែបបទនាំចេញអង្ករ បានឱ្យដឹងថា បរិមាណអង្ករដែលនាំចេញសរុប រយៈពេល៧ខែ ដើមឆ្នាំ២០១៦ មានការថយចុះរហូតដល់ទៅ ៦.៩ភាគរយ បើធៀបនឹងបរិមាណ នាំចេញ៧ខែដូចគ្នា នៅឆ្នាំ២០១៥ ដែលការថយចុះគួរឱ្យបារម្ភនេះ បណ្ដាលមកពីការថយចុះផ្ទួនៗគ្នា នាដើមឆ្នាំ២០១៦នេះ។
ដោយមើលឃើញបញ្ហាប្រឈមទាំងនេះ មន្ត្រីពាក់ព័ន្ធ មានរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វ៉េង សាខុន, ប្រធានលេខាធិការដ្ឋានច្រកចេញចូល តែមួយសម្រាប់នាំចេញអង្ករ និងតំណាងផ្នែកឯកជន ជាច្រើនទៀត បានជួបប្រជុំគ្នា ដើម្បីចាត់វិធានការទប់ស្កាត់បញ្ហានេះ។
បើតាមលោក ហ៊ាន វណ្ណហន ប្រធានលេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ បានឱ្យដឹងថា ដើម្បីទប់ស្កាត់ការថយចុះខាងលើនេះ ភាគីពាក់ព័ន្ធទាំងអស់ត្រូវ តែពង្រីកវិសាលភាព ប្រសិទ្ធភាពនៃតួនាទីផលិត បង្កើនការយលដឹងដល់អ្នកពាក់ព័ន្ធ ដូចជាក្រុមហ៊ុននាំចេញអង្ករ រោងម៉ាស៊ីនកិនស្រូវ និងកែច្នៃអង្ករ ក្រុមហ៊ុនឡូហ្គីស្ទីក និងដឹកជញ្ជូន ជាដើម ដែលកំពុងមានសកម្មភាពពាក់ព័ន្ធនឹងការនាំចេញអង្ករ។ ម្យ៉ាងទៀត ការរៀបចំការថែទាំស្រូវអង្ករមុន នឹងនាំចេញ ត្រូវតម្រូវតាមលក្ខខ័ណ្ឌរបស់ប្រទេសនាំចូល និងតម្រូវតាមរាល់កិច្ចព្រមព្រៀង ជាធរមានរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយប្រទេសនាំចូល។
ក្នុងកិច្ចប្រជុំក្រុមការងារស្រូវអង្ករ នៃវេទិការរាជរដ្ឋភិបាល ផ្នែកឯកជន នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះ លោក អ៊ុក ម៉ាការា នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា នៃក្រសួងកសិកម្ម បានលើកឡើងដែរថា ក្នុងផលិតកម្មគ្រាប់ពូជស្រូវ នៅប្រទេសកម្ពុជា គ្រាប់ពូជត្រូវបានណែនាំឱ្យផលិតទៅតាមចំណាត់ថ្នាក់ចំនួន៤ រួមមាន៖ ទី១.គ្រាប់ពូជរុក្ខជម្រើសវិទូ គឺត្រូវផលិតតាមបច្ចេកទេស របស់រុក្ខាវិទូណាម្នាក់ ដែលគ្រាប់ពូជទាំងនោះមិនមានលក់ចែកចាយទេ, ទី២.គ្រាប់ពូជសុទ្ធគ្រឹះ វាដូចទៅនឹងគ្រាប់ពូជរុក្ខជម្រើសវិទូដែរ តែត្រូវបានលក់ចែកចាយជូនដល់ក្រុមហ៊ុន សមាគមន៍ ដើម្បីយកទៅផលិតជាគ្រាប់ពូជថ្មីបន្ត, ៣.គ្រាប់ពូជសុទ្ធទទួលស្គាល់ ឬគ្រាប់ពូជសុទ្ធអនុញ្ញាត គឺជាគ្រាប់ពូជដែលផលិតចេញពីក្រុមហ៊ុន សមាគមន៍ ឬម្ចាស់ពូជ ដើម្បីយកទៅផលិតជាគ្រាប់ពូជថ្មី បន្តទៀត, និងទី៤.គ្រាប់ពូជសុទ្ធល្អ គឺជាគ្រាប់ពូជចុងក្រោយ ដែលផលិតចេញពីគ្រាប់ពូជសុទ្ធទទួលស្គាល់ខាងលើ ហើយអាចយកទៅចែកចាយដល់កសិករដាំដុះជាស្រូវចំណីបាន។
ទោះយ៉ាងណា លោក ហ៊ាន វណ្ណហន ក៏នៅតែទទូចឱ្យភាគីពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តតាមយន្តការរបស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់នាំចេញអង្ករ ដើម្បីបំពេញតួនាទីក្នុងការបង្កើន ការយលដឹងដល់អ្នកពាក់ព័ន្ធបន្ត ប្រកបដោយប្រសិទ្ធភាពខ្ពស់៕