(កំពង់ឆ្នាំង)៖ បុរស៤នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយរន្ទះបាញ់ចំ ខណ:ដែលពួកគេកំពុងជ្រកក្រោមខ្ទមតូចមួយ ពេលភ្លៀងកំពុងធ្លាក់ខ្លាំង ប៉ុន្តែក្មេងប្រុសម្នាក់បានរួចផុតពីសេចក្តីស្លាប់ នៅក្នុងគ្រោះធម្មជាតិមួយនេះ។
គ្រោះធម្មជាតិដ៏កាចសាហាវនេះ បានកើតឡើងនៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចខ្ទមស្រែមួយ ក្នុងភូមិព្រៃសំពៅ
ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
មន្រ្តីនគរបាលស្រុករលាប្អៀរ បានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍រន្ទះបាញ់នេះរួមមាន១/ ឈ្មោះ ម៉ៅ សារ៉េត អាយុ៥៤ឆ្នាំ ២/ឈ្មោះ ម៉ៅ ចន្ថា អាយុ១៧ឆ្នាំ ៣/ឈ្មោះ សាត ជុំ អាយុ២៣ឆ្នាំ និង៤/ឈ្មោះ ចំ ពិសិដ្ឋ អាយុ២១ឆ្នាំ ដែលជនរងគ្រោះទាំងនេះ មានទីលំនៅក្នុង ភូមិឃុំកើតហេតុខាងលើ ។
មន្រ្តីនគរបាលបានបន្តទៀតថា នៅវេលាកើតហេតុខាងលើ មានភ្លៀងធ្លាក់យ៉ាងខ្លាំងលាយឡំជាមួយនឹងខ្យល់ព្រមទាំងផ្គរ
ន្ទះផងដែរ។ ពេលនោះជនរងគ្រោះមានគ្នា៥នាក់ បាននាំគ្នាចូលជ្រកនៅក្នុងកូនខ្ទមមួយ ហើយក៏ត្រូវរន្ទះបាញ់ត្រូវចំជនរងគ្រោះ៤នាក់ ដែលអង្គុយនៅលើខ្ទមនោះ ដោយឡែកក្មេងប្រុសម្នាក់ដែលដេកនៅលើខ្ទមនោះដែរ រួចផុតពីគ្រោះថ្នាក់មិនមានរងរបួសអ្វីឡើយ។
ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕