(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នឹងអនុវត្តវិធានការផ្លូវច្បាប់ ដោយម៉ឺងម៉ាត់បំផុតគ្មានការលើកលែង ចំពោះក្រុមអនាធិបតេយ្យ និងមេខ្លោងទាំងឡាយ ដែលព្យាយាមកាប់ទន្ទ្រានដីរដ្ឋ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣។
រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នាពេលថ្មីៗនេះ មានក្រុមអនាធិបតេយ្យ បានលបលូចចូលមកកាប់រានទន្ទ្រានដីព្រៃ និងបានសង់ខ្ទមអនាធិបតេយ្យចំនួន៦គ្រោងខ្ទម លើផ្ទៃដីទំហំប្រមាណ១ហិកតា ស្ថិតនៅចំណុចអូរដំរី (អូរតាវ៉ើង) ក្រុមទី២២ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងតំបន់ប្រើប្រាស់ដោយចីរភាព នៃតំបន់ប្រើប្រាស់ច្រើនយ៉ាង ព្រែកទឹកសាបក្បាលឆាយ ដែលមានព្រំជាប់នឹងតំបន់សហគមន៍។
បន្ទាប់ពីទទួលបានព័ត៌មាននេះ កាលពីខែឧសភា ឆ្នាំ២០២៣ មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានចុះទៅធ្វើការអប់រំណែនាំ ឲ្យពួកគាត់ស្ម័គ្រចិត្តរុះរើដោយខ្លួនឯង។ រហូតមកដល់ថ្ងៃនេះ ក្រុមអនាធិបតេយ្យខាងលើ មិនត្រឹមតែមិនព្រមរុះរើតាមការណែនាំទេ ថែមទាំងបន្តនាំគ្នីគ្នាមកសាងសង់ខ្ទម និងបោះបង្គោលរបងហ៊ុមព័ទ្ធដីរដ្ឋយកធ្វើជាកម្មសិទ្ធិបន្ថែមជាបន្តបន្ទាប់។
យោងតាមមាត្រា ៦២ ចំណុចទី១ និងមាត្រា ៥៦ចំណុចទី៤ នៃ «ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ» សកម្មភាពកាប់រាន ទន្ទ្រានដីព្រៃយកមកធ្វើជាកម្មសិទ្ធិនេះ គឺជាទង្វើខុសច្បាប់ដែលត្រូវមានទោស ដាក់ពន្ធនាគារពី៥ឆ្នាំ ដល់ ១០ឆ្នាំ និងទោសពិន័យជាប្រាក់ពីដប់ប្រាំលានរៀល ដល់មួយរយហាសិបលានរៀល ហើយក្នុងករណីមិនរាងចាលត្រូវផ្តន្ទាទោសទ្វេដង។
រដ្ឋបាលខេត្តព្រះសីហនុ នឹងអនុវត្តវិធានការផ្លូវច្បាប់ដោយម៉ឺងម៉ាត់បំផុតគ្មានការលើកលែង ចំពោះក្រុមអនាធិបតេយ្យ និងមេខ្លោងទាំងឡាយ ដែលព្យាយាមកាប់ទន្ទ្រានដីរដ្ឋ ដោយនាំយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ឲ្យខានតែបាន។
ក្នុងន័យនេះ ដើម្បីជៀសវាងការប្រឈមទោសទណ្ឌតាមផ្លូវច្បាប់ រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវជាថ្មីម្តងទៀត ដល់បុគ្គលពាក់ព័ន្ធទាំងអស់ត្រូវបញ្ឈប់រាល់សកម្មភាពទាំងឡាយដូចបានរៀបរាប់ខាងលើ ដោយធ្វើការរុះរើសំណង់ និងការ្យផ្សេងៗ ហើយចាកចេញពីទីតាំងដី រួចប្រគល់ជូនអាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ចគ្រប់គ្រង៕