(ភ្នំពេញ)៖ លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោករដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការពង្រឹងសមត្ថភាពមន្ដ្រីរាជការលើវិស័យអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ ព្រមទាំងអគ្គនាយករង អគ្គាធិការរង និងអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីខេត្តទាំង២៥ ដែលជាសិក្ខាកាមសរុបចំនួន៨៦រូប។

លោករដ្ឋលេខាធិការប្រចាំការបានជម្រាបជូនពីសារសំខាន់នៃវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីពង្រឹងសមត្ថភាពមន្រ្ដីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលមានគ្រូឧទ្ទេសធ្វើបទបង្ហាញពាក់ព័ន្ធទៅនឹងប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ភាពជាអ្នកដឹកនាំ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រសួង ព្រមទាំងបានផ្ដាំផ្ញើឱ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់នូវការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេស ចែករំលែកចំណេះដឹង និងបទពិសោធន៍ ដើម្បីទទួលបានជាពុទ្ធិបន្ថែមទៀតយកទៅអនុវត្តលើការងារក្នុងអង្គភាពរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។

នៅល្ងាចថ្ងៃដដែល លោករដ្ឋលេខាធិការប្រចាំបានបិទវគ្គបណ្ដុះបណ្ដាលនេះ ដោយបានថ្លែងអំណរគុណចំពោះគ្រូឧទ្ទេស ដែលបានធ្វើបទបង្ហាញចែករំលែកចំណេះដឹង និងបទពិសោធន៍ ព្រមទាំងបានធ្វើការវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះសិក្ខាកាមទាំងអស់ដែលបានចូលរួមយ៉ាងពេញលេញ ក្នុងរយៈពេលពេញមួយថ្ងៃ និងបានបញ្ចប់វគ្គបណ្ដុះបណ្ដាលដោយជោគជ័យ។

ជាមួយគ្នា លោករដ្ឋលេខាធិការប្រចាំការផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់បន្ដលើកកម្ពស់ និងអភិវឌ្ឍសមត្ថភាពបន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យអភិវឌ្ឍន៍ជនបទប្រកបដោយគុណាធិបតេយ្យ ដែលជាចលករដ៏សំខាន់ជួយឱ្យក្រសួងសម្រេចបានគោលដៅ និងចក្ខុវិស័យ ព្រមទាំងធានាការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រទេសជាតិទាំងមូល។

លោក ឈឹម សៅគី បានប្រគល់លិខិតថ្លែងអំណរគុណជូនចំពោះគ្រូឧទ្ទេស និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនសិក្ខាកាមដែលបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ៕