(ភ្នំពេញ)៖ គណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ ហៅកាត់ថា គ.អ.ទ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំជាលើកដំបូងរបស់ខ្លួន នាទីស្ដីការក្រសួងទេសចរណ៍ ក្នុងគោលបំណងដើម្បីជំរុញការអនុវត្ត ផែនការសកម្មភាពនៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ ២០១២-២០២០ របស់ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញ លើកម្ពស់ ការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយចីរភាព ប្រសិទ្ធិភាព និងការទទួលខុសត្រូវ។
តាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការបង្កើតគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ បានបញ្ជាក់ថា សមាសភាពនៃ គ.អ.ទ មានលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាប្រធាន, លោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអនុប្រធាន, លោក ស៊ូ ភិរិន្ទ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី ជាអនុប្រធាន, លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ជាអនុប្រធានអចិន្ត្រៃយ៍ ព្រមទាំងសមាជិកចំនួន១៣រូបទៀត ដែលមកពីក្រសួង ស្ថាប័នពាក់ព័ន្ធដទៃទៀត។
គ.អ.ទ ជាយន្តការអន្តរស្ថាប័ន ដែលចូលរួមទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាសេនាធិការជូនរាជរដ្ឋភិបាល និងមានតួនាទីជាច្រើន រួមមាន៖ ទី១.ដឹកនាំសម្របសម្រួល និងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ ផ្នែកឯកជន ដៃគូអភិវឌ្ឍន៍នានា ដើម្បីលើកកម្ពស់ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យទេសចរណ៍, ទី២.សម្របសម្រួលកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធនានា ដើម្បីជំរុញការអនុវត្តច្បាប់ស្ដីពីទេសចរណ៍, គោលនយោបាយ, យុទ្ធសាស្រ្ត ពិសេសផែនការអភិវឌ្ឍទេសចរណ៍ ឆ្នាំ២០១២-២០២០ ប្រកបដោយចីរភាព, ទី៣.តាមដាន ត្រួតពិនិត្យ និងវាយតម្លៃសភាពការណ៍ទេសចរណ៍ ការអនុវត្តច្បាប់ស្ដីពីទេសចរណ៍, គោលនយោបាយ, យុទ្ធសាស្រ្ត, ផែនការ, ក៏ដូចជាផ្នែកពាក់ព័ន្ធនឹងវិស័យទេសចរណ៍នានា, ទី៤.រៀបចំរបាយកាណ៍បូកសរុបការងារអនុវត្ត, ស្ថានភាពទេសចរណ៍, លើកជាយោបល់ ឬដំណោះស្រាយ ព្រមទាំងវិធានការនានា ជូនរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេច, ទី៥.ពិនិត្យ អនុម័ត និងគ្រប់គ្រងគម្រោងផែនការសកម្មភាពរបស់ គ.អ.ទ។
លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងត្រូវជាអនុប្រធានអចិន្ត្រៃយ៍នៃ គ.អ.ទ បានឱ្យដឹងថា មានកត្តាធំៗជាច្រើន ដែលចាំបាច់តម្រូវឱ្យក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធខាងលើ រួមសហការជាមួយគ្នា ដើម្បីសម្រេចការងារដ៏សំខាន់នេះ ព្រោះក្រសួងទេសចរណ៍តែឯង មិនអាចធ្វើការងារទាំងអស់នេះ បានទាំងស្រុងទេ គឺទាមទារនូវកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និតពីក្រសួង ស្ថាប័នពាក់ព័ន្ធរបស់ រាជរដ្ឋាភិបាល ផ្នែកឯកជន ដៃគូអភិវឌ្ឍន៍នានា ដើម្បីផ្លាស់ប្ដូរយោបល់គ្នា ដឹកនាំផែនការយុទ្ធសាស្ត្រជាតិមួយនេះ ឱ្យប្រព្រឹត្តទៅបានសម្រេច ដើម្បីធានាជូនភ្ញៀវទេសចរនូវការទទួលបានសេវាល្អ ប្រកបដោយគុណភាព បទពិសោធន៍ សុខសន្តិភាព សុវត្ថិភាពគ្រប់គ្រាន់។
សូមជម្រាបថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេចបង្កើតគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ ក្នុងគោលបំណងដើម្បីដឹកនាំ សម្របសម្រួល សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងផ្នែកឯកជននានា ដើម្បីលើកកម្ពស់ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយចីរភាព ប្រសិទ្ធិភាព និងការទទួលខុសត្រូវ៕