(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី០១ វិច្ឆិកា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យលោកស្រី ជូសាណា វាម៉ា (Jyotsana Varma) នាយកប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី ADB និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី ការប្រើប្រាស់ថវិកាគម្រោងឱ្យមានប្រសិទ្ធិភាព និងតម្លាភាព។

ជាមួយនឹងការថ្លែងឡើងយ៉ាងដូច្នេះ ដោយមានការគូសបញ្ជាក់ពីលោកស្រីនាយកប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ថា លោកស្រីចង់ដឹងអំពីផែនការអភិវឌ្ឍថ្នាក់ជាតិ រយៈពេល៥ឆ្នាំរបស់ក្រសួងបរិស្ថាន ដើម្បីងាយស្រួលដល់ ADB រៀបចំគម្រោងថវិកាឱ្យបានសមស្រប និងឆ្លើយតបចំពោះផែនការថ្នាក់ជាតិរបស់ក្រសួង។

លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលតែងតែមានការគាំទ្រមកដល់ប្រទេសកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍកន្លងមក ហើយឆ្លើយតបនឹងការលើកឡើងនេះ ក្រសួងបរិស្ថានបានផ្តោតលើការងារអាទិភាពសំខាន់ៗ ទី១ គឺភាពស្អាត ទី២ ភាពបៃតង និងទី៣ ចីរភាព។

បន្ថែមពីនេះ លោករដ្ឋមន្រ្តីក៏បានជំរុញឱ្យធនាគារអភិវឌ្ឍន៍អាស៊ី (ADB) យកចិត្តទុកដាក់ និងបង្វែរគម្រោងថវិកាឱ្យសមស្របតាមការងារអាទិភាពនៃយុទ្ធសាស្រ្តចក្រារបស់ក្រសួងបរិស្ថាន ទើបការប្រើប្រាស់ថវិការបស់គម្រោងទទួលបានប្រសិទ្ធិភាព និងតម្លាភាព។

សូមជម្រាបជូនថា យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨របស់បរិស្ថាននេះ គឺបានអនុលោមតាម «យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១នៃរាជរដ្ឋាភិបាលនីតិកាលទី៧រដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយផ្អែកលើមូលដ្ឋាននៃគោលនយោបាយ និងយុទ្ធសាស្រ្តជាតិដែលមានជាធរមាន ព្រមទាំងក្របខណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ដើម្បីតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅធានាសម្រេចគោលដៅនៃយុទ្ធសាស្រ្តបញ្ចកោណ គឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០»៕