(ពោធិ៍សាត់)៖ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ​ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយយតបមេរោគអេដស៍​ ជំងឺអេដស៍​ និងការអភិវឌ្ឍនៅកម្ពុជា​ និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ​ ដើម្បីសុខភាពស្ត្រី និងកុមារ បានរៀបចំពិធីប្រកាសតែងតាំង លោកស្រី អាំង សុជាតា ខូយរីដា ជាអនុប្រធានកិត្តិយសសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា​ ខេត្តពោធិ៍សាត់ អាណត្តិទី៥។

ពិធីនេះបានប្រព្រឹត្តទៅនៅសាលាខេត្តពោធិ៍សាត់​ ក្រោមអធិបតីភាព​ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា​ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ​,​ និងចូលរួមពីលោក ខូយ​ រីដា​ អភិបាលនៃគណៈអភិបាលខេត្ត​ពោធិ៍សាត់​ និងជាប្រធានគណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ ខេត្តពោធិ៍សាត់​ និង​លោក ម៉ក់​ រ៉ា​ អនុប្រធានកិត្តិយស​ សាខាកាកបាទក្រហមកម្ពុជា​ ខេត្តពោធិ៍សាត់​។

លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងការប្រកាសតែងតាំង លោកស្រី អាំង សុជាតា ខូយរីដា ជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខា ខេត្តពោធិ៍សាត់ អាណត្តិទី៥។

ក្នុងឱកាសលោកស្រីបានពាំនាំនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅ ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ចំពោះ អភិបាល/អភិបាលរង និង គណៈបញ្ជាការខេត្តពោធិ៍សាត់ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាកម្លាំងគ្នា ជាធនធានសរុប មធ្យោបាយសរុប គ្រប់គ្រងបានគ្រោះមហន្តរាយទឹកជំនន់ និងដោះស្រាយបាន ការឆ្លើយតប និងការស្តារឡើងវិញ ជាពិសេសខាងផ្នែកជីវភាពប្រជាពលរដ្ឋរងគ្រោះ, បានទាន់ពេលវេលា មានប្រសិទ្ធភាព ប្រកបដោយបរិយាប័ន្ន និងបញ្ចៀសបានការបាត់បង់អាយុជីវិត, ការខូចខាតទ្រព្យសម្បត្តិ ស្របតាមឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាល និងតាមទិសស្លោករបស់កាកបាទក្រហមកម្ពុជា មិនទុកនរណាម្នាក់ចោល»។

ក្នុងដំណើររួមគ្នាឆ្ពោះទៅរកអនាគតរុងរឿង រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចុះយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះបន្តផ្តល់អាទិភាពខ្ពស់ទៅលើការគ្រប់គ្រងគ្រោះមហន្តរាយ ដោយផ្សារភ្ជាប់ ការគ្រប់គ្រងគ្រោះមហន្តរាយទៅនឹងការអភិវឌ្ឍនៅមូលដ្ឋាន ធ្វើយ៉ាងណាធានាជំរុញលំហូរធនធានឱ្យបានកាន់តែរលូនដល់ការគ្រប់គ្រងគ្រោះមហន្តរាយបង្កដោយធម្មជាតិ និងមនុស្សបង្កឡើង នៅតាមសហគមន៍ឱ្យមាន ភាពធន់មាំ និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកស្រីបន្ដថា «ក្នុងនាមជាជំនួយជូនរាជរដ្ឋាភិបាលក្នុងវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជា ពិតជាមានកាតព្វកិច្ចចាំបាច់ណាស់ ក្នុងការរួមកម្លាំងជាមួយក្រសួង/ស្ថាប័ន ភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ ក្នុងការអនុវត្តវិស័យជាអាទិភាពនានា ដែលក្នុងនេះ មានការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលមានយន្តការគ្របដណ្តប់ទូទាំងប្រទេស និងជាកិច្ចការមួយដែលតែងតែរាយការណ៍ជូនទៅ អង្គការយូ.អិន.អេដស៍. និង អង្គការ យូ.អិន.អេហ្វ.ភី.អេ ជារៀងរាល់ឆ្នាំ»។

ក្នុងការបំពេញតួនាទីជាឥស្សរជនឆ្នើមថ្នាក់ជាតិ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមការងារបានរួមចំណែកធ្វើឱ្យ៖

១៖ អាត្រាប្រេវ៉ាឡង់នៃការឆ្លងមេរោគអេដស៍បានធ្លាក់ចុះពី ១.១% នៅឆ្នាំ២០០៦ មកនៅ ០.៨% នៅឆ្នាំ២០០៩ ។

២៖ រាជរដ្ឋាភិបាលកម្ពុជា បានទទួលពាន រង្វាន់ពីអង្គការសហប្រជាតិ។

ដោយឡែក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៍បានទទួលពានរង្វាន់ វេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបមេរោគងេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៩ ទទួលស្គាល់ស្នាដៃរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងមុខការចំនួន ៤គឺ៖

* កាត់បន្ថយភាពស្អប់ខ្ពើម និងភាពរើសអើងជាមួយអ្នកផ្ទុកមេរោគអេដស៍ និងអ្នកដែលងាយរងគ្រោះក្នុងការឆ្លងមេរោគអេដស៍។

* ពង្រីកបន្ថែមនូវការថែរក្សា និងជួយឧបត្ថម្ភដល់កុមារកំព្រា ដែលងាយរងគ្រោះ។

* ធ្វើឱ្យសេវាកម្មជាសកល បានក្លាយជាការពិតជាក់ស្តែងដល់ពលរដ្ឋទាំងអស់ ជាពិសេសការទប់ស្កាត់ការចម្លង មេរោគពីម្តាយទៅកូន និងការថែទាំអ្នកផ្ទុកមេរោគអេដស៍។

* គំរូក្នុងភាពជាអ្នកដឹកនាំ ក្នុងការឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍នៅកម្ពុជា និងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ក្នុងឱកាសនោះ​ដែរលោកស្រី​ អាំង​ សុជាតា​ ខូយរីដា​ ប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា​ ខេត្តពោធិ៍សាត់ ក៏បានថ្លែងប្ដេជ្ញាចិត្តថា៖

១៖ ខិតខំឲ្យអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ចែករំលែកពេលវេលា ដោយឆន្ទៈ គោរពគោលការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម សំដៅបម្រើឧត្ដមប្រយោជន៍មនុស្សជាតិ រួមចំណែកឲ្យសម្រេចបានតាមទស្សនវិស័យរបស់ កាកបាទក្រហមកម្ពុជា ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់។

២៖ ប្ដេជ្ញាអនុវត្តតាមអនុសាសន៍​ និងសារគន្លឹះរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ តែម្នាក់គត់នៅកម្ពុជា។

៣៖ ប្ដេជ្ញាចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺអេដស៍ មេរោគអេដស៍ និងលើកកម្ពស់សុខភាពស្រ្តី និងកុមារ

៤៖ ប្ដេជ្ញាចូលរួមអភិវឌ្ឍធនធានថវិកា ធនធានមនុស្ស ដើម្បីឆ្លើយតបបានតាមសំណូមពរការងារ របស់សាខា អនុសាខា។

សូមជម្រាបថា បន្ទាប់ពីធ្វើពិធីប្រកាសតែងតាំងរួចរាល់នៅព្រឹកថ្ងៃដដែលនេះ​ លោកស្រី ម៉ែន នារីសោភ័គ និងលោកស្រី អាំង សុជាតា ខូយរីដា បានអញ្ជេីញជួបសំណេះសំណាលសួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌ជូនអ្នកងាយរងគ្រោះបំផុត​ ដែលជាអ្នកផ្ទុកមេរោគអេដស៍​ ស្ត្រីទេីបសម្រាលកូនរួច​ និងស្ត្រីមានផ្ទៃពោះដែលមានជីវភាពខ្វះខាត​ ចំនួន​ ៣១គ្រួសារ រស់នៅ​ក្នុងភូមិចំនួន១០​ នៃសង្កាត់ព្រៃញី​ សង្កាត់រលាប​ សង្កាត់លលកស​ ក្រុងពោធិ៍សាត់​ ខេត្តពោធិ៍សាត់​។

គ្រួសារនីមួយៗទទួលបាន​៖​ អង្ករ​ ២៥គីឡូក្រាម,​ មី​ ១កេស,​ ត្រីខ​ ១០កំប៉ុង,​ ទឹកស៊ីអ៊ីវ​ ១យួរ,​ ឃីត​ (មុង​ ភួយ​ សារុង​ ក្រមា)​ ១កញ្ចប់​ និងថវិកា​ ២ម៉ឺនរៀល៕