(ប៉េកាំង, ចិន)៖ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច និងប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន លោក កាវ ស៊ាង (Gao Xiang) បានកោតសរសើរយ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពប្រពៃណីដ៏វិសេសវិសាលរវាងប្រទេសកម្ពុជា និងចិន។ ថ្នាក់ដឹកនាំទាំងពីរបានប្តេជ្ញារួមគ្នាកសាងសហគមន៍ជោគវាសនារួមកម្ពុជា និងចិន ប្រកបដោយគុណភាពខ្ពស់ និងស្តង់ដារក្នុងកម្រិតខ្ពស់ក្នុងយុគសម័យថ្មី។
លោកបណ្ឌិត សុខ ទូច និង លោក កាវ ស៊ាង បានថ្លែងដូច្នេះ ក្នុងពិធីបើកវេទិកាជាន់ខ្ពស់ធនាគារខួរក្បាលកម្ពុជា-ចិន លើកទី៣ ស្តីពី «ការពង្រឹងការកសាងសហគមន៍កម្ពុជា-ចិន ដែលមានជោគវាសនារួមគ្នានាយុគសម័យថ្មី» ដែលបានប្រារព្ធធ្វើនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងប៉េកាំង ប្រទេសចិន។
លោក កាវ ស៊ាង បានដកស្រង់ព្រះរាជសុន្ទរកថាព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ នរោត្តម សីហនុ ព្រះមហាក្សត្រខ្មែរថា «មិត្តភាពកម្ពុជា-ចិន ប្រៀបបាននឹងផ្ការីកក្រោមមេឃ»។
ទន្ទឹមនឹងនេះ លោក កាវ ស៊ាង បានគូសបញ្ជាក់ដែរថា ប្រទេសកម្ពុជា គឺជាប្រទេសដំបូងគេដែលឆ្លើយតបនឹងសំណើរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង ស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)។
លោកបានគូសបញ្ជាក់យ៉ាងដូច្នេះ «កម្ពុជា និងចិនតែងតែចាត់ទុកគ្នាជាដៃគូស្មើភាពគ្នា និងគាំទ្រគ្នាទៅវិញទៅមក។ ដូចដែលបានឃើញក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ភាពជាដៃគូដ៏រឹងមាំរបស់កម្ពុជា-ចិន ក៏ត្រូវបានគេមើលឃើញផងដែរនៅក្នុងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ និងព្រលានយន្តហោះថ្មីនៅខេត្តសៀមរាបផងដែរ»។
លោកបណ្ឌិត សុខ ទូច បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការដ៏អស្ចារ្យដែលបានបង្កើតឡើង និងថែរក្សាដោយប្រទេសទាំងពីរ។ លោកបណ្ឌិត សុខ ទូច បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជា និងចិន បានរួមគ្នាអភិវឌ្ឍកិច្ចសហប្រតិបត្តិការរបស់ពួកគេ ពោលគឺមិត្តភាពដែលធ្វើពីដែក ភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការពេជ្រ»។
ក្នុងឱកាសនោះ លោក សុខ ទូច ក៏បានស្នើឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធលើវិស័យកសិកម្ម ទេសចរណ៍ និងធនធានទឹក ដោយសង្កត់ធ្ងន់ថា «បើគ្មានទឹក ក៏គ្មានកសិកម្ម ទេសចរណ៍ និងការដឹកជញ្ជូនដែរ»។
ជាចុងក្រោយ ថ្នាក់ដឹកនាំទាំងពីរបានលើកទឹកចិត្តឱ្យមានបន្ថែមនូវខ្លឹមសារចម្រុះ សម្រាប់ការពិភាក្សានាពេលខាងមុខ ហើយទន្ទឹងរង់ចាំការរួមគ្នាអនុវត្តកិច្ចសហប្រតិបត្តិដែកថែប និងដាក់មូលដ្ឋានគ្រឹះនៃការកសាងសហគមន៍ជោគវាសនារួមរវាងកម្ពុជា-ចិន។
សូមបញ្ជាក់ថា ក្នុងឱកាសខួប ៦៥ឆ្នាំនៃការបង្កើតទំនាក់ទំនងផ្លូវការរវាងកម្ពុជា និងចិន ទំនាក់ទំនងប្រទេសទាំងពីរបានឈានចូលរបត់នយោបាយថ្មីដោយពង្រឹងកាន់តែខ្លាំងក្លាលើទំនាក់ទំនងនេះ។ ចំណងមិត្តភាពកម្ពុជា-ចិន ដែលពូនជ្រំឡើងដោយព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំជំនាន់ចាស់របស់ចិនត្រូវបានអ្នកបន្តវេន អភិវឌ្ឍ និងថែរក្សាយ៉ាងយកចិត្តទុកដាក់។ ថ្នាក់ដឹកនាំគ្រប់ជំនាន់នៃប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ក៏ខិតខំថែរក្សា និងឱ្យតម្លៃខ្លាំងចំពោះចំណងមិត្តភាពប្រពៃណីដ៏វិសេសវិសាល និងថ្លៃថ្លាមួយនេះផងដែរ៕
</div