(ប៉េកាំង, ចិន)៖ វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលចិន-កម្ពុជាលើកទី៣ បានរៀបចំឡើងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នារដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បីរួមគ្នាកសាងសហគមន៍នៃអនាគតរួមសម្រាប់មនុស្សជាតិ និងសម្រាប់ប្រទេសទាំងពីរ។
វេទិកាកម្រិតខ្ពស់នេះ បានធ្វើឡើងក្រោមប្រធានបទស្ដីពី «រួមគ្នាពង្រឹងការកសាងសហគមន៍កម្ពុជា-ចិន ដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី» ដែលសហការរៀបចំកម្មវិធីដោយរាជបណ្ឌិត្យសភាកម្ពុជា និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន។
ក្នុងវេទិកានេះ វាគ្មិនមកពីប្រទេសកម្ពុជា ចិន និងអាស៊ាន បានផ្លាស់ប្តូរចំណេះដឹង និងគំនិតស្តីពីទិដ្ឋភាពកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន និងអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។
អ្នកសារព័ត៌មានរបស់ Fresh News កញ្ញា សេង ចាន់មុល្លិកា និពន្ធនាយករងផ្នែកភាសាអង់គ្លេស ត្រូវបានអង្គភាពចាត់តាំងឱ្យចូលរួមក្នុងវេទិកាដ៏មានសារៈសំខាន់នេះផងដែរ។
សូមជម្រាបថា វេទិកាជាន់ខ្ពស់ធនាគារខួរក្បាលកម្ពុជា-ចិន បានរៀបចំចំនួន២លើករួចមកហើយ ដោយលើកទី១ នៅឆ្នាំ២០១៩ និងលើកទី២ ឆ្នាំ២០២១៕