(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ រវាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានសន្យាពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឥណ្ឌា លើវិស័យសុខាភិបាល។

លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងអបអរសាទរ និងជូនពរ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែលលោកសាស្ត្រាចារ្យទទួលបានការទុកចិត្ត ពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។

លោកស្រីឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាទទួលបានសន្តិភាព ស្ថិរភាព នយោបាយ និងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សប្រកបដោយនិរន្តរភាព។ ទន្ទឹមនឹងនោះលោកស្រីឯកអគ្គរដ្ឋទូត ក៏បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឥណ្ឌា លើវិស័យសុខាភិបាល តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងសុខាភិបាល។

ជាមួយគ្នានោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា បានសម្ដែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលឥណ្ឌា តាមរយៈស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដែលកន្លងមកតែងតែជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាលតាមរយៈការកសាងប្រព័ន្ធថែទាំសុខភាព និងគម្រោងប្រយុទ្ធនឹងជំងឺគ្រុនចាញ់។

សាធារណរដ្ឋឥណ្ឌា ជាប្រទេសមួយក្នុងចំនោមប្រទេសដែលបានផ្តល់ជំនួយវ៉ាក់សាំងកូវីដ-១៩ ដល់កម្ពុជា ក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ កាលពីខែមេសា ឆ្នាំ២០២២ ។ប្រទេសឥណ្ឌា បានផ្ដល់ជំនួយវ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន ៣២៥,០០០ដូស ក្រោមគំនិតផ្តួចផ្តើម Quad Vaccine តបតាមសំណើរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អាណត្តិមុន។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីក៏បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ រួមមានការអភិវឌ្ឍធនធានមនុស្សសុខាភិបាល លើកកម្ពស់គុណភាពសេវាសុខាភិបាល និងការវិនិយោគនានា ដែលមានគុណភាព ស្របតាមតម្រូវការសុខភាពនៅកម្ពុជា។

ជាចុងបញ្ជប់ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសឥណ្ឌា ជាពិសេស លោកស្រីឯកអគ្គរដ្ឋទូត ដែលបានបញ្ជាក់ជំហរគាំទ្ររួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕