(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការលះបង់ ការខិតខំ និងការទទួលខុសត្រូវនឹងការងារ គឺជាគុណតម្លៃ និងជាគំរូមួយ ដែលសម្តេចតេជោ ហ៊ុន សែន បានផ្តល់ដល់រូបសម្តេច។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចបែបនេះឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានចិន។ ក្នុងបទសម្ភាសន៍ពិសេសមួយជាទូរទស្សន៍ដ៏ល្បីរបស់ចិនកំលុងពេលចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវ អ្នកសារព័ត៌មានចិន បានសួរទៅសម្តេចធិបតី ហ៊ុន ម៉ាណែត ថា តើអ្វីដែលសម្តេចធិបតី កោតសរសើរបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន?

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ជាមនុស្សមានការលះបង់ និងទំនួលខុសត្រូវខ្ពស់ណាស់។ សម្តេចតេជោ មិនញញើតនឹងលះបង់ជីវិតរបស់គាត់ ដើម្បីបំពេញភារកិច្ច ដើម្បីជាតិ និងដើម្បីប្រជាជននោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះ «គាត់ [សម្តេចតេជោ] ជាគំរូរបស់ខ្ញុំ មិនមែនដោយសារ​គាត់ជានាយករដ្ឋមន្ត្រីទេ គឺដោយសារភាពលះបង់របស់គាត់ និងខិតខំក្នុងការងាររបស់គាត់។ អ្វីដែល​យើង​ធ្វើ ត្រូវផ្ចង់ស្មារតី ធ្វើឱ្យអស់លទ្ធភាព កុំសម្លឹងមើលទៅអ្វីផ្សេងទៀត។ នេះគឺជាគុណតម្លៃ ជាគំរូ ដែល​គាត់បានផ្តល់ដល់រូបខ្ញុំ គឺត្រូវខិតខំតាមលទ្ធភាពធ្វើបាន និងមានទំនួលខុសត្រូវលើទង្វើរបស់យើង»

ក្នុងបទសម្ភាសន៍នោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកផងដែរថា ពេលសម្តេចធំដឹងក្តី សម្តេចតេជោ រវល់គ្រប់ពេល។ សម្តេចធិបតីរំលឹកថា សម្តេចតេជោ មានពេលតិចណាស់ជាមួយកូន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹកនូវការអប់រំទូន្មានរបស់សម្តេចតេជោផងដែរ។ សម្តេចធិបតី បានឱ្យដឹងថា សម្តេចតេជោ តែងអប់រំទូន្មានឱ្យកូនៗប្រឹងប្រែងក្នុងការងារ គោរពអ្នកដទៃ ថែទាំគ្នាទៅវិញ​ទៅមក។

សម្តេចធិបតី បានរំលឹកយ៉ាងដូច្នេះ «ឪពុកខ្ញុំ បានបង្រៀនយើងទាំងអស់គ្នា ពេលយើងទាំងអស់គ្នាធំដឹងក្តី។ កុំគិតថាខ្លួនឯង ជាកូនប្រុស​កូនស្រីរបស់នាយករដ្ឋមន្ត្រី តែគិតថា យើងជាកូនចៅរបស់កសិករ។ សម្តីនេះ ជាមូលដ្ឋានគ្រឹះសម្រាប់​រូបខ្ញុំ និងបងប្អូនខ្ញុំ និងបន្តដល់កូនរបស់យើងខ្ញុំដែរ»