(កែប)៖ អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំមន្ត្រី កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងអ្នកពាក់ព័ន្ធក្រោមឱវាទ បាននាំយកកូនកោងកាងជាង ៦ពាន់ដើម ទៅដាំនៅតាមបណ្តោយមាត់សមុទ្រ នៃសហគមន៍អេកូទេសចរណ៍ភូមិថ្មី ស្ថិតនៅក្រុងកែប ខេត្តកែប។

លោក អ៉ិន សៅ ប្រធានមន្ទីរបរិស្ថាន បានបញ្ជាក់ថា មន្ទីរបានរៀបចំពិធីដាំកូនកោងកាងនេះបានចំនួន ៣លើកមកហើយ ក្នុងឆ្នាំ២០២២ ដែលមានកូនកោងកាង បានដាំរួច សរុបចំនួន១២,០០០ដើម នៅសហគមន៍ នេសាទភូមិថ្មី។

ដោយឡែកក្នុងឆ្នាំ២០២៣នេះ មន្ទីរបរិស្ថាន បានផ្ដល់កូនឈើប្រណិត ដល់សាលារៀន វត្តអារ៉ាម មន្ទីរអង្គភាពចំណុះរដ្ឋបាលខេត្ត និងសហគមន៍ ចំនួន១,៥០០ដើម និងសហការជាមួយរដ្ឋបាលក្រុងកែប ក្រុមហ៊ុនដៃគូបានដាំកូនឈើប្រណិត និងឈើហូបផ្លែ ចំនួន ៥៥០ដើម នៅទីលានទុកដាក់សំរាម និងកំពុងបន្តរៀបចំថ្នាលបណ្តុះកូនឈើបន្ថែមទៀត។

នាឱកាសនោះលោក សោម ពិសិដ្ឋ បានឲ្យដឹងថា ដើម្បីអបអរសាទរទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៣ អង្គពិធីយើងទាំងមូលបានដាំកូនកោងកាង ចំនួន ៦,០០០ដើម បន្ថែមទៀតនៅសហគមន៍នេសាទភូមិថ្មី។

លោកអភិបាលខេត្ត បានលើកឡើងបញ្ជាក់ទៀតថា ព្រៃកោងកាងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរ ដោយស្រូបយកនូវឧស្ម័នកាបូនិច និងជាតិពុលផ្សេងៗ ជួយការពារខ្យល់ព្យុះ ការពារភាពសឹករិចរិល ទប់ស្កាត់ការហូរច្រោះបាក់ដីច្រាំងសមុទ្រ និងផ្តល់ជម្រកយ៉ាងរឹងមាំដល់ពពួកមច្ឆាសមុទ្របន្តពូជ។ ការបាត់បង់នូវធនធានទាំងនេះ នឹងនាំមកនូវការបាត់បង់ទីជម្រកសត្វពង ប្រភពអាហារសមុទ្រ ដែលធ្វើឱ្យថយចុះទិន្នផលនេសាទ និងរុក្ខជាតិសមុទ្រ និងធ្វើឱ្យប៉ះពាល់ខ្លាំងដល់សុខុមាលភាពរបស់មនុស្ស និងសេដ្ឋកិច្ចជាតិ។

ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានជំរុញឲ្យមន្ទីរបរិស្ថាន បន្តកៀរគររកដៃគូរគាំទ្រ ដើម្បីអនុវត្តសកម្មភាពដាំកូនកោងកាងនេះបន្តទៀត៕