(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលថ្មី ប្តេជ្ញារក្សា «គោលនយោបាយចិនមួយ» ដើម្បីធ្វើឱ្យទំនាក់ទំនងដែលរឹងមាំស្រាប់ រវាងកម្ពុជានិងចិន កាន់តែឆ្ពោះឡើងទៅមួយកម្រិតទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះពេលឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានចិន ក្នុងបទសម្ភាសពិសេសមួយកំលុងពេលចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវ នៅទីក្រុងប៉េកាំង ប្រទេសចិនកាលពីពេលថ្មីៗកន្លងទៅនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ទំនាក់ទំនងរបស់យើង ឬទិសដៅរបស់យើងក្នុងការចូលរួមគោលនយោបាយជាមួយប្រទេសចិន គឺមានការបន្ត និងភាពជាប់លាប់។ ឆ្នាំនេះ គឺជាខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរបស់យើង និងជាឆ្នាំនៃមិត្តភាពកម្ពុជា-ចិន។ នេះស្របនឹងការសន្មត់របស់ខ្ញុំ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា គោលដៅរបស់រាជរដ្ឋាភិបាលថ្មី គឺបន្តកសាងទំនាក់ទំនងដ៏ល្អនេះ ដែលមានរយៈពេល៦៥ឆ្នាំ និងស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការ ពង្រឹងជាពិសេសនៅក្នុងលក្ខខណ្ឌនៃការស្វែងរកមធ្យោបាយ ដើម្បីកែលម្អក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ (Diamond Hexagons) ដែលត្រូវបានបង្កើតឡើងនៅដើមឆ្នាំនេះ ដោយប្រធានាធិបតី ស៉ី ជីនពីង និងអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន»។
សម្តេចធិបតី បានបន្តថា «រាជរដ្ឋាភិបាលថ្មី ប្តេជ្ញារក្សាគោលនយោបាយចិនមួយ យើងក៏បានគាំទ្រគំនិតផ្តួចផ្តើម ដែលដាក់ចេញដោយប្រធានាធិបតី ស៉ី ជីនពីង មានដូចជាគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ពិភពលោក គំនិតផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមអរិយធម៌សកល រួមទាំងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវផងដែរ ដែលនឹងផ្តល់ជាវេទិកាដើម្បីធ្វើឱ្យសកលលោកមានភាពសុខដុមរមនា និងវិបុលភាព»។
«គោលនយោបាយចិនមួយ» ត្រូវបានលើកឡើងដំបូងបង្អស់នៅឆ្នាំ១៩៧២ ក្នុងសេចក្តីប្រកាសក្រុងសៀងហៃ រវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងសេចក្តីប្រកាសនេះ គោលនយោបាយចិនមួយ ជាគោលជំហររបស់ចិន ដែលអះអាងថាគឺ រដ្ឋាភិបាលចិនតែមួយប៉ុណ្ណោះ។ ក្រោមគោលនយោបាយនេះ សហរដ្ឋអាមេរិកទទួលស្គាល់ និងមានចំណងទំនាក់ទំនងផ្លូវការជាមួយសាធារណរដ្ឋប្រជាមានិតចិន ដោយពុំមែនកោះតៃវ៉ាន់ឡើយ៕