(ភ្នំពេញ)៖ នៅក្នុងជំនួបជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៦ ខែសីហានេះ, លោក William A Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានលើកពីគំនិតរបស់វិនិយោគិនសហរដ្ឋអាមេរិកផងដែរ ដែលមានការចាប់អារម្មណ៍ លើឱកាសវិនិយោគនៅកម្ពុជា ក្នុងការបង្កើតរោងចក្រផលិតទំនិញជាប់ខ្លួន ផលិតផលសម្រាប់ធ្វើដំណើរ ដូចជាវ៉ាលី កាបូប ប្រហែល៥០កន្លែង ក្នុងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់ពីមន្រ្តីក្រសួងមហាផ្ទៃ ដែលចូលរួមក្នុងជំនួបខាងលើ។
លោកឯកអគ្គរដ្ឋទូតរូបនេះ បានបន្ថែមថា ប្រសិនបើកិច្ចការនេះ ទទួលបានជោគជ័យ វានឹងផ្ដល់ការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋកម្ពុជា រាប់ម៉ឺននាក់ តែទោះជាយ៉ាងណា លោក William A Heidt ក៏សង្ឃឹមថា ស្ថានភាពការងាររបស់កម្មកររោងចក្រនៅកម្ពុជា នឹងមានភាពល្អប្រសើរ ដើម្បីផ្ដល់ជាទំនុកចិត្តដល់អ្នកប្រើប្រាស់នានា ក្នុងទីផ្សារអាមេរិក។ នេះបើតាមការបញ្ជាក់ពីមន្រ្តីដដែល។ នេះបើតាមការបញ្ជាក់ពីមន្រ្តីដដែល។
មន្រ្តីថា ក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូត ក៏បានបន្ថែមទៀតថា សហរដ្ឋអាមេរិក ក៏មានបំណងបង្កើតទីផ្សារធំ ក្នុងទឹកដីរបស់ខ្លួន សម្រាប់លក់ផលិតផលជាប់ខ្លួន មានដូចជាវ៉ាលើកាបូប និងទំនិញផ្សេងទៀត ដែលផលិត និងនាំចេញពីកម្ពុជាផងដែរ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណដល់ លោក William A Heidt ក៏ដូចជារដ្ឋាភិបាលសហរដ្ឋអាមេរិកផងដែរ ដែលផ្ដល់នូវសហប្រតិបត្តិការល្អជាមួយកម្ពុជា និងបានអរគុណចំពោះគម្រោងវិនិយោគបន្ថែមខាងលើ ដើម្បីផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជាជាដើម៕