(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសមេក្លោងឧក្រិដ្ឋជនគ្រឿងញៀន ចំនួន៣នាក់ ដែលជាជនជាតិចិន ដាក់ពន្ធនាគារម្នាក់អស់មួយជីវិត និង២នាក់ទៀតចំនួន២២ឆ្នាំ ពាក់ព័ន្ធសំណុំរឿងគ្រឿងញៀន ជាង៣០គីឡូក្រាម និងសារធាតុផ្សំជាង៥៦គីឡូក្រាម។

មន្ដ្រីសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ការប្រកាសសាលក្រមនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ធ្វើឡើងដោយលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ដែលមានលោក គឹម ហុងសាន ជាតំណាងអយ្យការ។

ជនជាតិចិនដែលជាមេក្លោងឧក្រិដ្ឋជនគ្រឿងញៀននេះ ទី១៖ឈ្មោះ LI ZHI អាយុ២៧​ឆ្នាំ និងទី២៖​ឈ្មោះ PENG ZHENGCHENG អាយុ៣១​ឆ្នាំ ក្នុងម្នាក់ៗចំនួន២២ឆ្នាំ និងពិន័យចំនួន៩០លានរៀល
និងទី៣ ឈ្មោះ (PENG CHUANG) ផឹង ឆ័ង ដាក់ពន្ធនាគារកំំណត់ ១ (មួយជីវិត) និងពិន័យ ១០០លានរៀល ។

សូមជម្រាបថា មេក្លោងគ្រឿងញៀននេះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២កន្លងទៅ នៅ៣ទីតាំងផ្សេងគ្នាទាំងក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដោយកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ក្នុងនោះចាប់យកវត្ថុតាង៖ ហេរ៉ូអ៊ីន ទម្ងន់ជាង៣គីឡូក្រាម, ម្សៅក្រាមពណ៌ផ្កាឈូកខ្ចី (MDMA) ទម្ងន់ជាង៤គីឡូក្រាម, មេតំហ្វេតាមីន (ICE)ទម្ងន់ជាង៩គីឡូក្រាម, មេតំហ្វេតាមីន(WY) ទម្ងន់ ៦៤៨ក្រាម, កេតាមីន (Ketamine) ទម្ងន់ជិត៨គីឡូក្រាម, សារធាតុរាវ (Ketamine) ចំនួន ២១៥ដប ទម្ងន់ជាង២គីឡូក្រាម, ថ្នាំគ្រាប់នីមេតាហ្សេប៉ាម ទម្ងន់ជិត៣គីឡូក្រាម ដោយសរុបសារធាតុញៀនទាំងអស់ ស្មើនឹងជាង ៣០គីឡូក្រាម និងសារធាតុផ្សំជាង៥៦គីឡូក្រាម៕