(សៀមរាប)៖ ជណ្តើរត្រីទី១ ដែលមានតម្លៃជិត ១០ម៉ឺនដុល្លារ និងត្រូវសាងសង់ឡើងក្រោមការស្រាវជ្រាវ និងផ្តល់មូលនិធិពីមជ្ឈមណ្ឌល អូស្ត្រាលី សម្រាប់ការស្រាវជ្រាវកសិកម្ម អន្តរជាតិ (ACIAR) និងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ថិតនៅទំនប់ស្លែង ភូមិស្លែង ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ឃុន សាវឿន រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា រួមជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរខេត្តសៀមរាប ស្រុក នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដោយមានចូលរួមពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

ជណ្តើរត្រីផ្តល់អត្ថប្រយោជន៍ដល់បរិស្ថាន និងប្រជាជនដោយសារជណ្តើរត្រីនេះ អាចឱ្យត្រីធ្វើការផ្លាស់ទីដោយសេរី និងទទួលបានប្រភពអាហារ និងកន្លែងសម្រាប់ពងកូន ទន្ទឹមនឹងការរក្សាបាននូវការផ្គត់ផ្គង់ ត្រីសម្រាប់ជលផលក្នុងស្រុក។ ជណ្តើរត្រីនេះគេបានសិក្សាឃើញថាអាចជំរុញសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដែលពឹងផ្អែកលើ វា។

បើតាមលោក ចាស្ទីន វ៉ាយអេត បានថ្លែងថា៖ «ជណ្តើរត្រីភូមិស្លែងនេះ ត្រូវបានគេរំពឹងថានឹងជួយបង្កើនប្រាក់ចំណូលពីការនេសាទដល់ចំនួន ៥,០០០គ្រួសារ និងជួយអភិរក្សប្រភេទត្រីនានាក្នុងស្រុកជាង១០០ប្រភេទ ដែលធ្វើឱ្យវាក្លាយជាជំហានដ៏សំខាន់ឆ្ពោះទៅកាន់អនាគតប្រកបដោយនិរន្តរភាពសម្រាប់ការនេសាទ និងសហគមន៍នេសាទរបស់កម្ពុជា»

សាស្ត្រាចារ្យ Wendy Umberger នាយកប្រតិបត្តិ ACIAR បានបន្ថែមថា៖ «ចាប់តាំងពីឆ្នាំ ២០០៦ មក ACIAR បន្តផ្តល់មូលនិធិដល់ការស្រាវជ្រាវដើម្បីការពារស្តុកត្រីទន្លេមេគង្គ ដោយភ្ជាប់ក្រុមអ្នកស្រាវជ្រាវ អូស្ត្រាលីសំខាន់ៗជាមួយសមភាគីរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាទាក់ទងនឹងសន្តិសុខស្បៀង និងថាមពល»

សាស្ត្រាចារ្យ Umberger បានបញ្ជាក់ថា៖ «ការច្នៃប្រឌិតដែលត្រូវបានបង្កើតឡើងដោយភាពជាដៃគូស្រាវជ្រាវទាំងនេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សហគមន៍ជនបទ ដែលពឹងផ្អែកលើត្រីសម្រាប់សុខភាព និងសុខុមាលភាពរបស់ពួកគេ ហើយខ្ញុំរីករាយដែលឃើញបច្ចេកវិទ្យានេះត្រូវបានពង្រីកបន្ថែមទៀត ដើម្បីផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ក្នុងខេត្តសៀមរាប»

សម្រាប់ ឃុន សាវឿន បានលើកឡើងថា៖ «ក្រុមអ្នកវិទ្យាសាស្ត្រជលផល និងវិស្វករប្រព័ន្ធធារាសាស្ត្រកម្ពុជា កំពុងធ្វើការជាមួយប្រទេសម្ចាស់ជំនួយ ជាពិសេសប្រទេសអូស្ត្រាលី ដើម្បីជំរុញបច្ចេកវិទ្យាផ្លូវសម្រាប់ត្រីហែលនៅក្នុងតំបន់មេគង្គ។ ការងារនេះមានសារៈសំខាន់ណាស់សម្រាប់ការពារចំនួនត្រី ធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅតាមជនបទក្នុងប្រទេសកម្ពុជា។ យើងប្តេជ្ញាធ្វើការជាមួយដៃគូនានា ដើម្បីស្វែងរកដំណោះស្រាយផ្អែកលើវិទ្យាសាស្ត្រ ដើម្បីរក្សាសេវាប្រព័ន្ធអេកូឡូស៊ីទន្លេសម្រាប់ប្រទេសជាតិ»

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានថ្លែងថា ជួសមុខឱ្យក្រុមការងារគម្រោងបច្ចេកវិទ្យាជលផលនៅតំបន់អាស៊ីអាគ្នេយ៍ (FishTech) សូមថ្លែងអំណរគុណរាជរដ្ឋាភិបាលអូស្រ្តាលី តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាក់ព័ន្ធព្រមទាំង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដែលតែងតែបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងសម្រាប់កិច្ចដំណើការប្រព្រឹត្តិទៅនៃការសាងសង់ជណ្តើរត្រីបង្ហាញទំនប់ស្លែង ក្នុងភូមិសាស្រ្តខេត្តសៀមរាប។

ក្នុងនាមរដ្ឋបាលខេត្តសៀមរាប, លោក ពិន ប្រាកដ សូមគាំទ្រនូវគំនិតផ្តួចផ្តើមចម្រុះដែលជំរុញដល់ការអភិវឌ្ឍប្រកបដោយចីរភាពលើវិស័យធនធានទឹកសម្រាប់ធារាសាស្រ្តកសិកម្ម និងធនធានជលផលនៅអាងស្ទឹងនានា ក៏ដូចជាការអភិវឌ្ឍទីជម្រាលនានានៃភូមិសាស្រ្តជុំវិញបឹងទន្លេសាប ក្នុងប្រទេសកម្ពុជា ដែលមានទាំងទឹកសម្រាប់ស្រោចស្រព និងធនធានត្រីនូវតែសម្បូរសម្រាប់ទាំងអស់គ្នា។

តាមរយៈកិច្ចសហប្រតិបត្តិការបន្តរបស់ ACIAR និង DFAT ព្រមទាំងសាកលវិទ្យាល័យ Charles Sturt ជណ្តើរត្រីភូមិស្លែងត្រូវបានសាងសង់ឡើងក្នុងឆ្នាំ២០២២-២០២៣ ក្រោមភាពជាដៃគូជាមួយស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា រួមមានរដ្ឋបាលជលផល និងក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរខេត្តសៀមរាប។

ជោគជ័យដ៏សំខាន់របស់គម្រោងជណ្តើរត្រីភូមិស្លែង គឺដោយសារការចូលរួមយ៉ាងជិតស្និទ្ធជាមួយសហគមន៍លើគ្រប់ដំណើរការនៃការរៀបចំ និងការសាងសង់។ ដូចជាមានការប្រជុំក្នុងតំបន់ជាមួយភាគីពាក់ព័ន្ធនានា ដែលបានផ្តល់ឱ្យក្រុមស្រាវជ្រាវនូវព័ត៌មានសមស្រប ដើម្បីជ្រើសរើសការរៀបចំជណ្តើរត្រីដ៏ល្អសម្រាប់ទីតាំងនេះ។

ការសាងសង់ជណ្តើរត្រីភូមិស្លែង នៅស្រុកក្រឡាញ់ ជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើម FishTech ដោយមានការគាំទ្រពី ACIAR និង DFAT។ ស្វែងយល់បន្ថែមអំពីគម្រោង FishTech៖ https://www.aciar.gov.au/project/fis-2018-153

FishTech នឹងអនុវត្តការបង្ហាញគម្រោងមួយចំនួននៅក្នុងប្រទេសឡាវ និងកម្ពុជា ជាមួយនឹងកម្មវិធីរយៈពេល៣ឆ្នាំ។ គម្រោងនេះជាផ្នែកមួយដ៏សំខាន់ដែលអាចជួយជាព័ត៌មានដល់ការអភិវឌ្ឍនៅកម្ពុជា និងអនុតំបន់ទន្លេមេគង្គក្រោម ក្នុងការសាងសង់ផ្លូវត្រី (ឬជណ្ដើរត្រី) ដើម្បីជួយស្តារផ្លូវបំលាស់ទី និងគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តប្រកបដោយនិរន្តរភាព និងមានភាពធន់នឹងបរិស្ថាន របស់សហគមន៍មូលដ្ឋាន។

បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់នឹងធ្វើការវាយតម្លៃអំពីការរៀបចំជណ្តើរត្រីនេះ ដើម្បីធានាថាវាពិតជាផ្តល់អត្ថប្រយោជន៍សមរម្យដល់ត្រីក្នុងមូលដ្ឋាន និងប្រជាជនក្នុងសហគមន៍។ ផ្អែកលើលទ្ធផលនៃការវាយតម្លៃនេះ គម្រោង FishTech នឹងត្រូវពង្រីកនៅទូទាំងប្រទេសកម្ពុជា និងឡាវ៕