(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តប្រចាំឆ្នាំ២០២៣ ដោយទទួលបានសំណូមពរ សំណើពីប្រជាពលរដ្ឋជាច្រើន និងបានប្ដេជ្ញាខិតខំដោះស្រាយជូនពលរដ្ឋឲ្យអស់លទ្ធភាពតាមដែលអាចធ្វើទៅបាន។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត លោក ញ៉ែម សំអឿន អភិបាលខេត្ត និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព លោក ធូ ឃឿ អភិបាលក្រុងបានលុង អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋជាច្រើនរយនាក់។

លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា វេទិកានេះមានគោលបំណងដើម្បីបង្កើននូវវប្បធម៌ពិភាក្សារវាងក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍនានាសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងសមធម៌ ក្នុងកិច្ចដំណើការអភិបាលកិច្ចល្អ និងតាមបែបប្រជាធិបតេយ្យនៅមូលដ្ឋាន។

លោកថា វេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់ពិតជាមានសារៈសំខាន់ខ្លាំង ព្រោះបានផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋនូវសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបានកន្លងមក និងមានគម្រោងជាអទិភាពនានាក្នុងឆ្នាំកន្លងមក ពិសេសនោះបានផ្តល់ឱកាសដល់ប្រជាពលរដ្ឋបានបញ្ចេញនូវមតិយោបល់ សំណូមពរ រួមទាំងបញ្ហាប្រឈមរបស់ខ្លួន ពិសេសក្នុងមូលដ្ឋានដែលពួកគាត់កំពុងរស់នៅ ដើម្បីឲ្យមន្ទីរជំនាញពាក់ព័ន្ធបកស្រាយ និងនាំយកបញ្ហាទាំងនោះមកពិភាក្សានាំគ្នាដោះស្រាយ និងឆ្លើយតបប្រកប់ដោយប្រសិទ្ធភាព។

លោក ញ៉ែម សំអឿន អភិបាលខេត្ត បានលើកឡើងថា រាល់បញ្ហាដែលប្រជាពលរដ្ឋបានលើកឡើង និងសំណូមពរថ្នាក់ដឹកនាំខេត្តស្វែងរកនូវដំណោះស្រាយមួយល្អប្រសើជូនប្រជាពលរដ្ឋ ហើយចំពោះបញ្ហាដែលនៅសេសសល់បន្ទាប់ពីការបកស្រាយរបស់អង្គភាពជំនាញពាក់ព័ន្ធថ្នាក់ដឹកនាំខេត្ត និងយកទៅពិភាក្សានិងជំរុញឲ្យមានដំណោះស្រាយជាបន្តបន្ទាប់ ជាពិសេសនៅក្នុងកិច្ចប្រជុំនានារបស់រដ្ឋបាលខេត្ត និងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្តជាដើម។

លោកអភិបាលខេត្តបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋ សូមកុំឲ្យមានការព្រួយបារម្ភចំពោះបញ្ហាដែលបានកើតឡើង ព្រោះរដ្ឋបាលខេត្តនឹងខិតខំប្រឹងប្រែងឲ្យអស់លទ្ធភាពតាមដែលអាចធ្វើបាន ដើម្បីឆ្លើយតបនឹងក្តីកង្វល់របស់ប្រជាពលរដ្ឋ និងដើម្បីពង្រឹងនូវការផ្តល់សេវាសាធារណៈធ្វើឲ្យមានគណនេយ្យភាព តម្លាភាព គុណភាព និងប្រសិទ្ធភាព៕