(ព្រៃវែង)៖ យុវជនម្នាក់បើកម៉ូតូឌុបព្រះសង្ឃ ២អង្គ ជ្រុលទៅប៉ះចង្កូតម៉ូតូមួយគ្រឿងទៀត បណ្ដាលឱ្យដួលបោកនឹងថ្នល់រងរបួសទាំងសងខាង ត្រូវបាននគរបាលស្រុកកំពង់ត្របែក ចុះអន្តរាគមន៍ ធ្វើការវាស់វែង និងបញ្ជូនអ្នករងរបួស ទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩៖៣០នាទីព្រឹក ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅចំណុចលើផ្លូវក្រាលកៅស៊ូ B៣១២ ភូមិអង្វែ១០០ ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

បើតាមសមត្ថកិច្ចនគរបាលខេត្តព្រៃវែងបានឲ្យដឹងថា ភាគីបង្កមានឈ្មោះ ប៉ាន់ កុសល ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិក្រចាប់ក្រោម ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ រួមដំណើរដោយព្រះសង្ឃ ២អង្គ ព្រះនាម វ៉ន បុន ព្រះជន្ម ១៧ព្រះរស្សា គង់នៅវត្តក្រចាប់ រងរបួលធ្ងន់ និងមួយអង្គទៀតព្រះនាម អួក បញ្ញា ព្រះជន្ម ១៧ព្រះវស្សា គង់នៅវត្តក្រចាប់ រងរបួលស្រាល។ ដោយឡែកភាគីរងគ្រោះមានឈ្មោះ ស៊ាន ចន្ថី ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិអង្វែ១០០ ឃុំអន្សោង ស្រុកកំពង់ ត្របែក ខេត្តព្រៃវែង រងរបួសស្រាល ។

សូមបញ្ជាក់ថា នៅមុនពេលកើតហេតុ ឈ្មោះ ប៉ាន់ កុសល បានបើកបរម៉ូតូ ០១គ្រឿង ម៉ាកហុងដា C125 សេរី២០១៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GF-8176 ដឹកព្រះសង្ឃ ២អង្គ ក្នុងទិសដៅពីទិសខាងត្បូងទៅជើង ដោយស្ថានភាពល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ មិនប្រយ័ត្នក៏បានកៀរដៃចង្កូតម៉ូតូឈ្មោះ ស៊ន ចន្ថី ភេទប្រុស អាយុ ៣៥ ឆ្នាំ បណ្ដាលឱ្យដួលរងរបួសធ្ងន់-ស្រាលទាំងសងខាង។

ក្រោយកើតហេតុភ្លាមកម្លាំងនគរបាលស្រុកកំពង់ត្របែក បានចុះអន្តរាគមន៍ ធ្វើការវាស់វែង និងបញ្ជូនអ្នករងរបួសទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ។ ដោយឡែក វត្ថុតាងម៉ូតូទាំង ២គ្រឿង ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអន្សោង ដើម្បីដោះស្រាយបន្តតាមនីតិវិធី៕