(កោះកុង)៖ ក្នុងពិធីអបអរសាទរទិវាជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ក្រោមប្រធានបទ «វិនិយោគពីថ្នាក់ជាតិ នូវភាពធន់សហគមន៍» នារសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានលើកឡើងថា ទីណាមានគ្រោះមហន្ដរាយ ទីនោះតែងមានវត្តមានកាកបាទក្រហមកម្ពុជា កងកម្លាំងសមត្ថកិច្ច និងសប្បុរសជន ជួយដល់អ្នករងផលប៉ះពាល់ជានិច្ច។

លោកស្រីអភិបាលខេត្ត បានសូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច អង្គការដៃគូ វិស័យឯកជន សប្បុរសជន ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតីមនុស្សធម៌ ការទទួលខុសត្រូវខ្ពស់លើការងារគ្រប់គ្រងគ្រោះមហន្តរាយ នាពេលកន្លងមក សំដៅលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ជាការពិតណាស់ការងារគ្រប់គ្រងគ្រោះមហន្តរាយ មិនឣាចបុគ្គលណាម្នាក់ ឬស្ថាប័នណាមួយតែឯកឯង ឣាចធ្វើការងារនេះប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាពបាននោះទេ ប្រសិនបើគ្មានការចូលរួមពីភាគីពាក់ព័ន្ធ។ ដូចនេះ លោកស្រីសង្ឃឹមយ៉ាងមុតមាំថា គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយគ្រប់លំដាប់ថ្នាក់ អង្គការជាតិ អន្តរជាតិ វិស័យឯកជន សប្បុរសជន និងភាគីពាក់ព័ន្ធទាំងអស់ នឹងបន្តសហការរួមគ្នា ដើម្បីអនុវត្តសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយ បន្តដំណើររួមគ្នាទៅមុខ ប្រកបដោយអភិវឌ្ឍនភាពឥតឈប់ឈរ រួមជាមួយនឹងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។

ជាមួយគ្នានេះ លោកស្រី មិថុនា ភូថង សូមយកឱកាសដ៏វិសេសវិសាលនេះ ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយគ្រប់លំដាប់ថ្នាក់ អង្គការជាតិ អន្តរជាតិ វិស័យឯកជន សប្បុរសជន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួយឧបត្ថម្ភគាំទ្រ និងបរិច្ចាគធនធាន សម្ភារ ថវិកា ជួយដល់ប្រជាជនទទួលរងគ្រោះដោយគ្រោះមហន្តរាយ ដែលកើតមានក្នុងទឹកដីខេត្តកោះកុង នាពេលកន្លងមក។

ដើម្បីឲ្យការងារគ្រប់គ្រងគ្រោះមហន្តរាយសម្រាប់ពេលខាងមុខ ទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ លោកស្រី មិថុនា ភូថង សូមលើកទឹកចិត្តអនុវត្តតាមការអំពាវនាវ របស់រាជរដ្ឋាភិបាល ដូចខាងក្រោម៖

*ទី១៖ បន្តការយកចិត្តទុកដាក់រួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការរក្សាកំណើនសេដ្ឋកិច្ច តាមរយៈការចូលរួមវិនិយោគវៃឆ្លាត កែលម្អលំនៅឋាន ទីតាំងអាជីវកម្មឲ្យមានសុវត្ថិភាព ពង្រីកមុខរបរដែលធន់ ដើម្បីរក្សាស្ថិរភាព ជីវភាពរស់នៅជាប្រក្រតីតាមគន្លងថ្មី ជាមួយការរស់នៅស្អាត បរិស្ថានល្អ និងភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ព្រមទាំងប្រកាន់ភ្ជាប់ជាមួយវប្បធម៌ចែករំលែក

*ទី២៖ លើកកម្ពស់វប្បធម៌ផ្ទេរ ទទួលយក និងចែករំលែកចំណេះដឹងចំណេះធ្វើ និងបទពិសោធន៍ក្នុងការទប់ស្កាត់ការកាត់បន្ថយគ្រោះមហន្តរាយ និងបន្តពង្រឹងសមត្ថភាពលើការយល់ដឹង អំពីហានិភ័យគ្រោះមហន្តរាយ តាមរយៈការយកចិត្តទុកដាក់តាមដានមុខសញ្ញាគ្រោះថ្នាក់ ព័ត៌មានព្យាករណ៍ និងការប្រកាសឲ្យដឹងមុនអំពីហេតុការណ៍ និងគ្រោះថ្នាក់ដែលអាចកើតមានដោយគ្រោះមហន្តរាយ

*ទី៣៖ ក្រសួងស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវកំណត់ថា ការងារគ្រប់គ្រងគ្រោះមហន្តរាយ ជាការងារស្នូលរបស់ខ្លួន និងពង្រឹងលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ដែលជាសេនាធិការ ធានាឲ្យមានធនធានមនុស្ស សម្ភារ សម្រាប់បំពេញការងារ មានធនធានសម្រាប់ដំណើរការ ការងារឆ្លើយតប និងស្តារឡើងវិញក្រោយគ្រោះមហន្តរាយ

*ទី៤៖ ក្រសួងស្ថាប័ន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តពង្រឹងយន្តការ គោលនយោបាយយុទ្ធសាស្ត្រ កម្មវិធី ផែនការ និងសកម្មភាពដែលមានស្រាប់ដោយបញ្ជ្រាបការគ្រប់គ្រងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ ដើម្បីពង្រឹងភាពធន់ផ្នែកសេដ្ឋកិច្ច សង្គម សុខភាព និងបរិស្ថាន។

លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានអះអាងថា ដើម្បីសុវត្តិភាពប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ស្នងការដ្ឋាននគរបាលខេត្ត កម្លាំងអធិការដ្ឋានគ្រប់ក្រុង ស្រុក ត្រៀមចេញជួយប្រជាពលរដ្ឋជាប់និច្ច ដោយមិនថ្ងៃ ឬយប់ឡើយ ព្រោះនេះកាតព្វកិច្ច និងដើម្បីសុវត្តិភាពប្រជាពលរដ្ឋ។ លោកបានបញ្ជាក់ថា សម្ភារៈក្នុងជួយសង្គ្រោះកម្លាំងសមត្ថកិច្ចត្រៀមជាប់ជានិច្ច ២៤ម៉ោង លើ២៤ម៉ោង៕