(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យលោក ផាន មិញថាញ់ ប្រធានគណៈកម្មាធិការយុទ្ធសាស្ត្រសម្ព័ន្ធក្រុមហ៊ុនថាញ់ថាញ់កុង នៃប្រទេសវៀតណាម និងប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

លោក ផាន មិញថាញ់ ប្រធានគណៈកម្មាធិការយុទ្ធសាស្ត្រសម្ព័ន្ធក្រុមហ៊ុនថាញ់ថាញ់កុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអភិបាលខេត្ត ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អនុញ្ញាតឲ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួសម និងពិភាក្សាការងារនាពេលនេះ។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមតំណាងឲ្យក្រុមហ៊ុន លោកសូមចូលរួមអបអរសាទរ លោក ប៉េង ពោធិ៍សា ដែលត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាអភិបាលខេត្តស្វាយរៀង និងសូមគោរពជូនពរលោកអភិបាលខេត្ត ទទួលបានជោគជ័យក្នុងភារកិច្ចការងារ ដឹកនាំអភិវឌ្ឍខេត្តឲ្យកាន់តែមានការរីកចម្រើន និងបង្កើនចំណងកិច្ចសហប្រតិបត្តិការរវាង ខេត្តស្វាយរៀង និងខេត្តតៃនិញ ក្រុមហ៊ុន ឲ្យកាន់តែមានភាពល្អប្រសើរថែមទៀត។

លោកបានបញ្ជាក់ថា ក្នុងនាមតំណាងក្រុមហ៊ុន លោកក៏សូមយកឱកាសនេះ សម្ដែងនូវការអរគុណចំពោះអាជ្ញាធរ និងគ្រប់អង្គភាពពាក់ព័ន្ធរបស់ខេត្តស្វាយរៀង ជាពិសេសលោកអភិបាលខេត្ត កន្លងមកតែងតែគាំទ្រ ជួយសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលចំពោះសកម្មភាព សហការវិនិយោគរបស់ក្រុមហ៊ុននៅក្នុងទឹកដីនៃខេត្តស្វាយរៀង ដែលការគាំទ្រនេះហើយ ទើបធ្វើឲ្យក្រុមហ៊ុនបានដំណើរការដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ។ 

បន្ថែមលើសពីនេះ ផាន មិញថាញ់ ក៏បានស្នើរដល់លោកអភិបាលខេត្ត ក៏ដូចជាអាជ្ញាធរ និងអង្គភាពពាក់ព័ន្ធ បន្តជួយសម្របសម្រួល និងគាំទ្របន្ថែមទៀតដល់សកម្មភាពរបស់ក្រុមហ៊ុននាពេលខាងមុខ ជាពិសេស នៅក្នុងរដូវប្រមូលផលអំពៅ ដែលក្រុមហ៊ុនក៏ដូចជាសហគ្រាសវៀតណាម បានសហការជាមួយនឹងក្រុមហ៊ុន អាជីវករកម្ពុជាធ្វើការដាំដុះនៅតាមបណ្ដោយព្រំដែនក្នុង ភូមិសាស្ត្រស្រុករមាសហែក រំដួល និងស្រុកស្វាយទាប នៃខេត្តស្វាយរៀង។

ជាមួយគ្នានេះ លោក ប៉េង ពោធិ៍សា បានសម្ដែងនូវការស្វាគមន៍យ៉ាង កក់ក្ដៅចំពោះគណៈប្រតិភូសម្ព័ន្ធក្រុមហ៊ុនថាញ់ថាញ់កុង និងមន្ទីរការបរទេសខេត្តតៃនិញ ដែលបានចូលជួបសម្ដែងការគួរសមជាមួយលោកនាឱកាសនេះ និង ក៏សូមចូលរួមអបអរសាទរចំពោះលទ្ធផលដ៏វិជ្ជមានរបស់ក្រុមហ៊ុនក្នុងសកម្មភាពសហការវិនិយោគក្នុងខេត្តស្វាយរៀងកន្លងមកនេះ។

លោកអភិបាលខេត្តបានបន្តថា ភាពជោគជ័យរបស់ក្រុមហ៊ុន ក៏ជាជោគជ័យរបស់ខេត្តស្វាយរៀងផងដែរ ដោយភាពល្អប្រសើរនេះបានចូលរួមចំណែកជួយ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន តាមរយៈចំណូលទទួលបានពីការបម្រើការងារផ្សេងៗ ហើយជាពិសេសនោះ នេះគឺជាផ្នែកមួយក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិរវាងភាគីទាំងពីរ ស្របទៅនឹងខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា-វៀតណាម ក៏ដូចជាខ្លឹមសារនៃកំណត់ហេតុកិច្ចសហប្រតិបត្តិការដែល ខេត្តទាំងពីរស្វាយរៀង-តៃនិញ បានផ្សារភ្ជាប់ និងរួមគ្នាអនុវត្តកន្លងមកលើគ្រប់វិស័យ។ 

លោកអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរនិយាយ ជារួម និងរវាងខេត្តទាំងពីរស្វាយរៀង-តៃនិញ និយាយដោយឡែក គឺមានទំនាក់ទំនង សហប្រតិបត្តិការល្អប្រសើរណាស់ ដែលទំនាក់ទំនងនេះ គឺបានផ្ដល់នូវអត្ថប្រយោជន៍ ជាច្រើនសម្រាប់កិច្ចអភិវឌ្ឍន៍របស់ប្រទេសទាំងពីរ និងខេត្តទាំងពីរ ហើយផលដែលកើត ចេញពីការវិនិយោគរបស់ក្រុមហ៊ុននៅក្នុងទឹកដីនៃខេត្តស្វាយរៀងគឺជាសក្ខីភាពស្រាប់ ។

ជាមួយនេះលោកអភិបាល ក៏បានសង្កត់ធ្ងន់ថា ក្នុងនាមអាជ្ញាធរខេត្ត លោកនៅតែ បន្តសហការគាំទ្រ និងជួយសម្របសម្រួល បង្កលក្ខណៈងាយស្រួល ដោយមិនមានការ ប្រែប្រួលឬផ្លាស់ប្ដូរនោះទេ ចំពោះគ្រប់សកម្មភាពវិនិយោគទាំងអស់ គឺលោកស្វាគមន៍ ជានិច្ចរួមទាំងគម្រោងនានារបស់សម្ព័ន្ធក្រុមហ៊ុនថាញ់ថាញ់កុងដែលបានលើកឡើង ។ តាមរយៈមូលដ្ឋានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អប្រសើរកន្លងមក លោកអភិបាលខេត្ត ក៏មានសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ក្រុមហ៊ុននឹងពិនិត្យលទ្ធភាព ពិពិធកម្មក្នុងការវិនិយោគទៅលើវិស័យផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀងជាក់ជាមិនខាន។

ជាកិច្ចឆ្លើយតបនឹងការលើកឡើងរបស់លោកអភិបាលខេត្ត លោក ផាន មិញថាញ់ បានសម្ដែងនូវការអរគុណជាថ្មីម្ដងទៀត ហើយជាការពិតណាស់ទៅថ្ងៃខាងមុខ ក្រុមហ៊ុននឹងពិនិត្យលទ្ធភាពក្នុងការវិនិយោគ បន្ថែមទៅលើវិស័យផ្សេងៗទៀតនៅក្នុងខេត្តស្វាយរៀង និងសូមចាត់ទុកជាចំណុចអាទិភាពផងដែរ។ 

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះភាគីទាំងពីរ បានធ្វើផ្លាស់ប្ដូរវត្ថុអនុស្សាវរីយ៍គ្នាទៅវិញទៅមកប្រកបដោយភាពស្និទ្ធស្នាល និងភាតរភាព៕