(ភ្នំពេញ)៖ គិតត្រឹមម៉ោង៧៖១៨នាទី ល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះ កម្មជនបឹងកក់ អ្នកស្រី ទេព វណ្ណនី និង អ្នកស្រី ប៊ូវ សោភា ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពេលធ្វើយុទ្ធនាការអាវខ្មៅនោះ កំពុងស្ថិតនៅក្រោមការសួរនាំរបស់សមត្ថកិច្ចអធិការដ្ឋានខណ្ឌដូនពេញនោឡើយ។ នេះបើតាមសមត្ថកិច្ចខណ្ឌដូនពេញ។
សូមបញ្ជាក់ថា សកម្មជនដីធ្លីបឹងកក់២នាក់ អ្នកស្រី ទេព វណ្ណី និង ប៊ូវ សោភា ត្រូវបានកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌដូនពេញ នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ចុះទៅឃាត់ខ្លួន ខណ:ដែលពួកគេ បាននិងកំពុងធ្វើសកម្មភាពយុទ្ធនាការអាវខ្មៅ។ សមត្ថកិច្ចថា យុទ្ធនាការអាវខ្មៅរបស់សកម្មជនដីធ្លីខាងលើនេះ មិនត្រឹមតែប្រើរូបភាព ជាលក្ខណ:ប្រមូលផ្តុំនោះឡើយ គឺពួកគេបានធ្វើរួបត្លុក ជាមនុស្សដោយសរសេរថា មន្រ្តីពុករលួយ តុលាការ អ្នកបញ្ជាសម្លាប់ និងឃាតក។ ពួកគេបានយករូបត្លុកទាំងនេះ ទៅកប់ចោលនៅក្នុងរណ្តៅដែលជីករួច ស្ថិតនៅទីតាំងបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជាមួយគ្នានេះ នៅម៉ោង៩៖០០ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ សមត្ថកិច្ចខណ្ឌ៧មករា សហការជាមួយអាជ្ញាធរមូលដ្ឋាន ក៏បានឃាត់ខ្លួនសកម្មជនដីធ្លីបុរីកីឡា៤នាក់ដែរ ដែលបានដឹកនាំធ្វើយុទ្ធនាការអាវខ្មៅ ដើម្បីទាមទារឱ្យមានការដោះលែង មន្រ្តីសិទ្ធិមនុស្សអាដហុក និងអគ្គលេខាធិការរង គ.ជ.ប។ មនុស្ស៤នាក់ ដែលត្រូវបានឃាត់ខ្លួននោះរួមមាន៖ ១.ឈ្មោះ ស ស៊ន ភេទស្រីអាយុ៥៧ ឆ្នាំ ២.ឈ្មោះភោគ សុភីន ភេទស្រី ៣.ឈ្មោះណាត ស្រីណាក់ ភេទស្រី និង៤.ឈ្មោះ នូ សាត ភេទប្រុស ជាសមាជិក CNRP សង្កាត់អូរឬស្សីទី១។ ពេលនេះពួកគេត្រូវបាន សមត្ថកិច្ចកំពុងធ្វើការសួរនាំ និងអបរំ នៅក្នុងអធិការដ្ឋាននគរបាល ៧មករា។
យុទ្ធនាការអាវខ្មៅ ដែលបង្កើតឡើងដោយ អង្គការសង្គមស៊ីវិល និងជនមួយចំនួន ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ក្រោយពីមានការឃាត់ខ្លួន មន្រ្តីអាដហុក៤នាក់ និងអគ្គលេខាធិការរង គ.ជ.ប ម្នាក់។ ប៉ុន្តែយុទ្ធនាការនេះ ត្រូវបានហាមឃាត់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមហេតុផលថា ជាចលនាដែលមានលក្ខណៈជាបដិវត្តពណ៌៕