(បាត់ដំបង)៖ លោក សុខ លូ អភិបាលបាត់ដំបង នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា១ខ្នង មាន ៥បន្ទប់ និងអណ្ដូងទឹក២ ស្ថិតនៅក្នុងសាលាបឋមសិក្សាទួលថ្ងាន់ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលជាអំណោយរបស់លោក GENICHI SHIMIZU និងក្រុមគ្រួសារមកពីប្រទេសជប៉ុន។

នាឱកាសនោះលោក សុខ លូ ក៏បានថ្លែងនូវអំណរគុណនិងកោតសរសើរដល់លោក GENICHI SHIMIZU និងក្រុមគ្រួសារ ដែលបានចំណាយថវិកា និងធនធានដ៏មានតម្លៃរបស់ខ្លួន ក្នុងការចូលរួមកសាងសាលារៀន នៅប្រទេសកម្ពុជា និងស្ថិតនៅក្នុងឃុំជ្រោយស្ដៅ ស្រុកថ្មគោល ដែលនេះបានបង្ហាញអំពីទឹកចិត្តសប្បុរស និងការស្រឡាញ់មកលើប្រជាជនកម្ពុជា ព្រមទាំងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍សាលារៀនឱ្យកាន់តែនៅជិតប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលរស់នៅតាមទីជនបទ ដាច់ស្រយាល មានឱកាសបញ្ជូនកូនៗសិក្សារៀនសូត្របានផងដែរ។

លោក សុខ លូ ក៏បានជំរុញដល់មាតាបិតា អាណាព្យាបាល ត្រូវតែបន្តណែនាំដល់កូនចៅរបស់ខ្លួន ឱ្យយល់ច្បាស់ពីបញ្ហាគ្រឿងញៀន និងផលវិបាករបស់គ្រឿងញៀន ដែលជាបញ្ហាប្រឈមខ្លាំងជាងគេនៅក្នុងសង្គម ក្នុងនោះត្រូវបញ្រ្ជៀបការយល់ដឹងអំពីច្បាប់ចរាចរណ៍ ដល់សិស្សានុសិស្ស កូន ចៅទាំងអស់ឱ្យយល់ច្បាស់ពីបញ្ហាចរាចរណ៍ ផលប៉ះពាល់ក្រោយពេលជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាដើម។

លោក ក៏បានក្រើនរំលឹកដល់លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ សិស្សានុសិស្ស ត្រូវតែធ្វើយ៉ាងណារៀបចំបរិស្ថានជុំវិញសាលារៀន ផ្ទះឱ្យបានស្អាតជាប្រចាំ គ្មានសំរាម កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងត្រូវដាំដើមឈើ បន្លែ ផ្លែឈើនៅលើដីដែលខ្លួនទំនេរ ដើម្បីដោះស្រាយជីវភាពបានមួយកម្រិតពេលទទួលបានផ្លែផ្កា យើងអាចយកលក់ ឬបរិភោគបានដោយមិនព្រួយបារម្ភបញ្ហាការប្រើប្រាស់ជីគីមីឡើយ៕